កាលពីថ្ងៃទី២០ ខែសីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិអុីរ៉ង់ លោក Amir Hatami បញ្ជាក់ថា កម្មវិធីកាំជ្រួចមីស៊ីល របស់ប្រទេសនេះនឹងបន្តទៅមុខ ហើយ លោកសន្យាថា នឹងបន្តសកម្មភាពក្នុង វិស័យឧស្សាហកម្មការពារជាតិ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មី របស់អុីរ៉ង់ដែលទើបបង្កើត លោក Hatami បានបញ្ជាក់ «កម្មវិធីកាំជ្រួចមីស៊ីល នឹង បន្តទៅតាមគម្រោង ហើយវិស័យឧស្សាហកម្មការពារជាតិរបស់អុីរ៉ង់ មិនអនុញ្ញាតឲ្យមានការយឺតយ៉ាវមួយថ្ងៃណាឡើយ»។ លោក Amir Hatami បញ្ជាក់ទៀតថា កម្មវិធីមីស៊ីលមិនរងផលប៉ះពាល់ឡើយ បើទោះមានគំនាបពីបរទេសក្តី។
កន្លងមក នៅថ្ងៃទី១៩ ខែសីហា លោក Amir Hatamiបានបញ្ចាក់ថា ស្ថានភាព នាពេលបច្ចុប្បន្នពិតជាពិសេសខ្លាំងណាស់ ដោយសារតែការដាក់ទណ្ឌកម្មរបស់ប្រទេស លោកខាងលិចធ្វើឲ្យទាហានអុីរ៉ង់ចុះ ខ្សោយ។ ប៉ុន្តែអុីរ៉ង់នៅតែបន្តកម្មវិធីមីស៊ីល ដើម្បីរក្សាកម្លាំងការពារកាន់តែរឹងមាំ។ មន្ត្រីជាន់ខ្ពស់អុីរ៉ង់បានបញ្ជាក់ថា ការសាកល្បងមីស៊ីលរបស់ប្រទេសនេះគឺជាសិទ្ធិមិនអាចរារាំងបានឡើយ។
រយៈពេលកន្លងមកអាមេរិកបានដាក់ ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់ ដោយសារ តែកម្មវិធីមីស៊ីល។ ភាគីទាំង២អាមេរិក អុីរ៉ង់ បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀង បរមាណូ ដែលអុីរ៉ង់បានចុះហត្ថលេខាជា មួយប្រទេសមហាអំណាច ៥+១។
ការប្រកាសរបស់មន្ត្រីការពារជាតិអុីរ៉ង់ កើតឡើងក្រោយពេលដែល សភាអុីរ៉ង់ បានបោះឆ្នោតអនុម័ត លើច្បាប់បង្កើន ថវិកា ប្រមាណ៥២០លានដុល្លារ ដើម្បីឲ្យ រដ្ឋាភិបាលយកទៅអភិវឌ្ឍ កម្មវិធីមីស៊ីល បាលីស្ទីក និងពង្រឹងសកម្មភាពរបស់កង ទ័ពឆ្មាំបដិវត្តន៍អុីរ៉ង់នៅក្នុងតំបន់។ អុីរ៉ង់ សម្រេចបន្ថែមថវិកា ដើម្បីអភិវឌ្ឍមីស៊ីល បាលីស្ទីក ដើម្បីឆ្លើយតបទៅនឹងចំណាត់ការរបស់សភាអាមេរិក ដែលបានបោះ ឆ្នោត ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់ កាលពីខែកក្កដា កន្លងទៅ។
ជាមួយនឹងសំឡេងច្រើនលើសលប់ (២៤០សំឡេងក្នុងចំណោម ២៤៤) សភាអុីរ៉ង់បានបោះឆ្នោត បើកផ្លូវឲ្យរដ្ឋា ភិបាលបន្ថែមថវិកាចំនួន ២៦០លាន ដុល្លារ សម្រាប់អភិវឌ្ឍន៍កម្មវិធីមីស៊ីល បាលីស្ទីក។ ចំណែក២៦០លានដុល្លារ ផ្សេងទៀតនឹងត្រូវប្រើដើម្បីពង្រឹងកម្លាំងទ័ព Qods ផ្នែកមួយ នៃឆ្មាំបដិវត្តន៍អុីរ៉ង់ ដែលមាននាទីធ្វើប្រតិបត្តិការទ័ពនៅក្រៅប្រទេស។
សភាអុីរ៉ង់បោះឆ្នោតគាំទ្រទាំងស្រុង រាល់វិធានការដែលធ្វើឡើងដើម្បីប្រឆាំង ទប់ទល់នឹងសកម្មភាពភេរវនិយម ហើយ នឹងការលូកដៃកកូរកកាយរបស់អាមេរិកនៅក្នុងតំបន់។ “អាមេរិកត្រូវដឹងថា វិធាន ការរបស់យើងនៅថ្ងៃនេះ គ្រាន់តែជាការចាប់ផ្តើមដំបូងតែប៉ុណ្ណោះ”។ នេះជាការ និយាយព្រមានរបស់ប្រធានសភាអុីរ៉ង់លោក Ali Larijani។
ច្បាប់បន្ថែមថវិកា សម្រាប់អភិវឌ្ឍន៍ ផលិតមីស៊ីលបាលីស្ទីក ត្រូវបានស្នើឡើង ដោយគណៈកម្មាធិការនៅបន្ទាប់ពីសភាអាមេរិកបានបោះឆ្នោត ដាក់ទណ្ឌកម្មសេដ្ឋ កិច្ចថ្មី ទៅលើអុីរ៉ង់នៅក្នុងសំណុំរឿង មីស៊ីល។ តាមអ្នកនាំពាក្យរបស់ក្រសួង ការបរទេសអាមេរិក លោកស្រី Heather Nauetបានឲ្យដឹងថា អាមេរិកនៅបារម្ភ ជាប់ជានិច្ច ពីសកម្មភាពបំពុលរបស់អុីរ៉ង់ នៅក្នុងតំបន់។
អាមេរិកបរិហារចោទប្រកាន់រដ្ឋាភិបាល អុីរ៉ង់ថា បានជួយគាំទ្រក្រុមហេបូឡាហ៍ ហាម៉ាស និងជីហាដ អ៊ិស្លាម ប៉ាឡេស្ទីន ដែលអាមេរិកចាត់ទុកជាក្រុមភេរវនិយម គំរាមកំហែងដល់សន្តិសុខ និងស្ថិរភាព របស់អុីស្រាអែល និងនៅក្នុងតំបន់ដើម បូព៌ា៕ ម៉ែវ សាធី