ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីផឹកថាទៅផ្ទះ មានគេដេញវាយ ភ័យពេកសន្លប់ស្តូក

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់សន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវ និងគូរកន២នាក់ផ្សេងទៀតរងរបួសដៃជើងស្រាលៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអ្នកធ្វើដំណើរឆ្លងកាត់កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុខហាងតែតិចឡុង ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយេព្រៃទី២ ខណ្ឌចំការមន។

យុវជនម្នាក់អ្នករួមដំណើរជាមួយបាននិយាយថា ពួកខ្លួនបានចេញពីផឹកស៊ីនៅក្បែរកាស៊ីណូណាហ្គាវើល ហើយក៏នាំគ្នាជិះម៉ូតូមកផ្ទះ។ លុះជិះម៉ូតូដល់ចំណុចផ្លូវកើតហេតុខាងលើនេះ ក៏ស្រាប់តែមានគេជិះម៉ូតូ៣គ្រឿងគ្នា៦នាក់ដេញពីក្រោយហើយវាយមកលើក្រុមខ្លួនដែលមិនដឹងមូលហេតុ។

យុវជនដដែលបន្តថា ពេលនោះពួកខ្លួនភ័យពេកក៏ព្យាយាមជិះគេចខ្លួនហើយក៏ជ្រុលទៅបុករបងផ្ទះគេដួលម៉ូតូតែម្តង។ ដោយឡែកមិត្តភ័ក្តខ្លួនម្នាក់នេះក៏ដួលសន្លប់ហើយម្យ៉ាងគេក៏ស្រវឹងខ្លាំងផងដែរ។

សមត្ថកិច្ចនៅកន្លែងហេតុក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមក្មេងទំនើងនេះដេញវាយគ្នាតាមផ្លូវ ហើយភាគីម្ខាងទៀតគេចខ្លួនបាត់អស់។ បន្ទាប់ពីឃើញភាគីម្ខាងនេះដួលម៉ូតូ។ជនរងគ្រោះមិនឡើងឡានពេទ្យទេ ដោយគេថាពួកគេអត់មានរបួសអ្វីនោះទេ។

សមត្ថកិច្ចបន្តថា ដោយមិនមានរបួសស្នាមអ្វីនោះទេ ហើយក៏គ្មានការប្តឹងផ្តល់អ្វីនោះ សមត្ថកិច្ចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ តាឡឹម


ចែករំលែក៖