ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋនិងមហាជននៅស្រុកអន្លង់វែងខេត្តឧត្តរមានជយ័ កំពុងតែព្រួយបារម្ភនិងចំអកឡកឡឺយក្រោយពីឃើញសកម្មភាពចាក់អាចម៍ដីលុបផ្ទៃបឹងតាម៉ុកដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ដស្រុកអន្លង់វែងជាបន្ដបន្ទាប់ក្រោមហេតុផលរបស់អ្នកមានអំណាចនៅក្នុងស្រុកអន្លង់វែងមួយចំនួនដែលត្រូវការតែលាភសក្ការៈ ។
ការចាក់លុបផ្ទៃបឹងតាម៉ុកស្ថិតនៅជាប់ផ្លូវជាតិលេខ៦៧B ជាប់នឹងផ្ទះឈ្មោះកាក់ ស្ថិតនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។
បើតាមការលើកឡើងរបស់លោក ស៊ាងហុកហេង ប្រធានការិយាល័យមន្ទីរទេសចរណ៍ស្រុកអន្លង់វែងបានឲ្យដឹង នៅ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះថាចំណុចដែលមានការចាក់លុបផ្ទៃបឹងនោះគឺម្ចាស់ ផ្ទះឈ្មោះកាក់នៅពេលដែលគេបានធ្វើ សកម្មភាពលោកក៏បានដឹងដែរហើយការ ចាក់អាចម៍ដីនេះលោកបានបញ្ជាក់ថាបាន រំលោភចូលផ្ទៃបឹង៤ទៅ៥ម៉ែត្រ ។ ក្រោយពីចាក់ដីរួចគេក៏បានដកបង្គោលព្រំដែលបោះដោយមន្ទីរទេសចរណ៍ចេញបាត់ ដោយមានបំណងបំបាត់ភស្ដុតាង។
លោកបានបន្តថាកាលដំបូងឡើយផ្ទៃបឹងមានផ្ទៃដីសរុប៥១៧ហិកតាក្រោយ មកដោយសារតែកាត់ចេញនៃផល់ប៉ះពាល់ប្រជាពលរដ្ឋ ដោយការវាស់វែងជាក់ស្ដែងនិងចូលអនុក្រឹត្យនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១០ផ្ទៃដីសរុបនៅសល់៤១៧ហិកតាតែសព្វថ្ងៃនៅមានការបាត់បង់បន្ថែមទៀតដូចជាតំបន់ខាងលើនិងជាច្រើនកន្លងផ្សេងទៀត ដែលសុទ្ធសឹងតែអ្នកមានអំណាច រំលោភ យកផ្ទៃបឹងដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ដតាម៉ុកមានចាប់ពី៥១៧ហិចតារហូតនៅសល់តែ៤១៧ហិកតា ការបាត់បង់ផ្ទៃ បឹង១០០ហិកតា ដោយសារប្រជាពលរដ្ឋផងនិងអ្នកមានអំណាចផងនោះផ្ទៃបឹង កំពុងរងការរំលោភបំពានពីអ្នកមានអំណាចមួយក្ដាប់តូចនៅស្រុកអន្លង់វែងជាបន្តបន្ទាប់ទៀត ក៏ដោយសារតែដីនៅជុំវិញផ្ទៃបឹងនេះ មានហាងឆេងខ្ពស់ ។
លោកស្ដើងវ៉ាន់ ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងបានឲ្យដឹងតាមទូរស័ព្ទថា ដីដែលចាក់លុបផ្ទៃបឹងនោះគឺចាក់ធ្វើផ្លូវក្រវ៉ាត់ផ្ទៃបឹងដែលមានទទឹង១៥ម៉ែតហើយចាក់ដីលុបបឹងនេះមិនបានប៉ះពាល់ផ្ទៃបឹងក្នុងអនុក្រឹក្យនោះឡើយ ។
ការបកស្រាយរបស់លោកស៊ាងសុខហេងប្រធានការិយាលយ័មន្ទីរទេសចរណ៍ហាក់បីដូចខ្វែងគំនិតគ្នាជាមួយនឹងលោកស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិ បាលស្រុកអន្លង់វែង។
ដោយលោកស៊ាងសុខហេងថា បាន រំលោភចូលមកក្នុងដីអនុក្រឹត្យដែលបានបោះបង្គោលរួចជាស្រេចនិងមានលេខយាមការថែមទៀតផង។
ការឆ្លើយរបស់លោកស្ដើងវ៉ាន់ណេតថាមានការចាក់ដីធ្វើផ្លូវនោះរហូតមកទល់ពេលនេះមិនទាន់មានក្រុមហ៊ុន ឬក៏មន្ទីរណាមួយទទលបានការសាងសង់ផ្លូវបឹងនោះឡើយដោយគេសង្ស័យថាជាលេស ក្នុងការបំផ្លាញក្រោមរូបភាពអភិវឌ្ឍន៍។
លោក ហោ ជិនវីរយុទ្ធ អភិបាលស្រុកអន្លង់វែងបានឲ្យដឹងថាមិនមែនជាការចាក់លុបបឹងទេ គឺចាក់ផ្លូវគំរោងអភិវឌ្ឍ ៕ ប៉ែន នួន