ខេត្តព្រៃវែង ៖ ការសាងសង់ស្ថានីយប្រេងឥន្ធនៈមួយកន្លែងអត់ច្បាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងរិះគន់ពីសំណាក់មហាជនទូទៅ ទៅលើអាជ្ញាធរ បណ្ដែតបណ្ដោយឲ្យឈ្មួញរំលោភលើដីចំណីផ្លូវ ស្ថិតនៅលើដីជិតក្បាលស្ពានព្រែកតាសជាប់មាត់ទន្លេ ក្នុងភូមិព្រែក ឃុំព្រែកតាស ស្រុកពោធិ៍ រៀង។
លោក ឡុង ប្រជាពលរដ្ឋនៅភូមិព្រែកបានឲ្យដឹងថា ដីដែលគេសង់ស្ថានីយប្រេងនោះមានទំហំតូចមែនទែនក្បាល៨ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ ម្ដេចក៏មានការ អនុញ្ញាតឲ្យធ្វើ ដោយមិនសិក្សាពីផលប៉ះពាល់ដល់អ្នកនៅជុំវិញដូចជាខ្លាចអគ្គិភ័យឆាបឆេះកើតឡើងជាយថាហេតុ?
ម្យ៉ាងវិញទៀតទីតាំងនោះធ្វើនៅលើដីចំណីផ្លូវហើយចំផ្លូវកែងគឺអាចបង្កការស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរដឹកទំនិញផ្សេងៗ ជាពិសេសជាងនោះទៅទៀតប្រសិនបើគេធ្វើហើយប្រាកដជាបាំងផ្លូវមើលគ្នាមិនឃើញគ្នារវាងអ្នកធ្វើដំណើរឆ្លងស្ពានពីលិចមកកើត និងអ្នកធ្វើដំណើរពីជើងទៅត្បូងគឺជាមូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ទៅថ្ងៃក្រោយ។
ប្រភពដដែលបានឲ្យដឹងទៀតថា ស្ថានីយប្រេងដែលកំពុងសាងសង់នោះឈ្មោះ ប៊ុត ចាន់ថន មានទីលំនៅភូមិខាងលើដែលមានសែស្រឡាយជាប់សាច់ញាតិជាមួយឧកញ៉ាម្នាក់នៅឯភ្នំពេញ។
ប្រភពផ្សេងទៀតបាននិយាយតគ្នាថា ម្ចាស់ការ៉ាស់សាំងនោះមុននឹងគេហ៊ានធ្វើគឺបានរត់ការជាមួយអាជ្ញាធរអស់ហើយតាំងពីក្រោមរហូតដល់លើទើបគេហ៊ានធ្វើ ព្រោះជាកន្លែងតូចចង្អៀត និងជាដីចំណីផ្លូវជាប់ផ្សារជិតទន្លេ និងស្ពានទៀតផង។
ពាក់ព័ន្ធនឹងការសាងសង់ស្ថានីយប្រេងលើដីចំណីផ្លូវនេះផងដែរលោក ឡាយ ថុងលី មេឃុំព្រែកតាសរមិនអាចទាក់ទងសុំការបំភ្លឺបានទេព្រោះទូរស័ព្ទរបស់លោកតេមិនចូលឡើយ។
លោក សួន ម៉ាលីន អភិបាលស្រុកពោធិ៍ រៀងបានឲ្យដឹងថា លោកមិនបានដឹងទេរឿងគេធ្វើស្ថានីយប្រេងហ្នឹងហើយក៏មិនទាន់ឃើញមានច្បាប់អ្វីដែរតែលោកនឹងចុះទៅពិនិត្យ។
ចំណែកលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែងមិនអាចសុំការ បំភ្លឺបានទេព្រោះទូរស័ព្ទចូលតែលោកចុចបិទ ៕ សហការី