ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ឥណ្ឌូនេស៊ី រំពឹងការដាក់ទុនរបស់ចិនក្នុងពេលដែលចិនស្នើកាត់បន្ថយការវិនិយោគនៅក្រៅប្រទេស

ចែករំលែក៖

ការវិនិយោគរបស់ចិននៅក្នុងប្រទេសឥណ្ឌូនេស៊ីមានសារសំខាន់យ៉ាងខ្លាំងដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះឲ្យកាន់តែ រីកចម្រើន។ រដ្ឋាភិបាលឥណ្ឌូនេស៊ី បាន ប្រកាសថា ខ្លួនពិតជាសង្ឃឹមលើ ក្រុមអ្នក វិនិយោគចិន នឹងធ្វើដំណើរចូលមកដាក់ ទុក បន្ថែមនៅក្នុងតំបន់ភាគខាងជើងប្រទេសរបស់ខ្លួន នាពេលខាងមុខ ។

មន្ត្រីជាន់ខ្ពស់របស់ ឥណ្ឌូនេស៊ីលោក Ridwan Djamaluddin បានថ្លែងប្រាប់ ទៅកាន់ ក្រុមអ្នកសារព័ត៌មានថា ឥណ្ឌូនេ ស៊ីបានបំពេញឯកសារ និងរៀបចំផែនការ មេរួចរាល់ ហើយកាលពីព្រឹត្តិការណ៍វេទិកា Belt and Road ដែលបានប្រារព្ធឡើង នៅក្នុង ប្រទេសចិនកាលពី ខែឧសភា កន្លងមក ។ទីកន្លែងដែលឥណ្ឌូនេស៊ី ធ្វើការ ដាក់សំណើទៅកាន់ក្រុមអ្នកវិនិយោគចិននោះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់ Sumatra ភាគខាងជើង និងតំបន់ Kalimantan ព្រមទាំងតំបន់ខេត្ត Sulawesi និងក៏ ដូចជាកោះបាលីផងដែរ ។

សំណើរបស់ឥណ្ឌូនេស៊ីកើតឡើងក្នុងពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បាន ស្នើឲ្យ ក្រុមហ៊ុនធំៗកាត់បន្ថយការវិនិយោគនៅក្រៅប្រទេស ក្នុងគោលដៅជួយបង្កើន កំណើនសេដ្ឋកិច្ចរបស់ចិន។

ចិនជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីមួយនៅតំបន់អាស៊ី និងឈរលំដាប់ ទីពីរនៅលើពិភពលោក ។ នៅក្នុងឆមាស ទី១ឆ្នាំ២០១៧ សេដ្ឋកិច្ចចិន ស្ថិតនៅនឹង មិនមានកំណើនដូចជាការរំពឹងទុកនោះទេ។ ចំណុចទាំងនោះហើយ ជាគោលដៅដែលចិនស្នើឲ្យក្រុមហ៊ុនរបស់ខ្លួនកាត់បន្ថយការវិនិយោគទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ឯកជននិងរដ្ឋ នៅក្នុងប្រទេសចិន។

ក្រុមអ្នកឯកទេសសេដ្ឋកិច្ច បានលើក ឡើងថា ប្រសិនបើចិនមិនខិតខំវិនិយោគ នៅក្នុងស្រុកទេនោះ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចខ្ពស់ចិន ប្រឈមនឹងការបាត់បង់ មហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក ក្នុងពេលដែលសេដ្ឋកិច្ចជប៉ុន បានកើន ឡើងគួរឲ្យកត់សម្គាល់។

ជាមួយ នឹងការរីកចម្រើនសេដ្ឋកិច្ច ព្រមជាមួយនឹងលំហូរទឹកប្រាក់នៅលើទីផ្សារហិរញ្ញវត្ថុចិន ក្រុមហ៊ុនចិនជាច្រើនបានបោះទុនវិនិយោគលើគ្រប់វិស័យនៅឯ បរទេស ព្រមទាំងបានប្រមូលទិញភាគ ហ៊ុននៅតាមក្រុមហ៊ុនបរទេសធំៗ យ៉ាង សន្ធឹកសន្ធាប់។ រដ្ឋាភិបាលចិន ដែលធ្លាប់ តែអំពាវនាវ ជំរុញសកម្មភាពនេះ តែពេល នេះបែរជាបានងាកមកបញ្ជា ឲ្យក្រុមហ៊ុន​ទាំងនោះ កាត់បន្ថយរាល់ការដាក់ទុនវិនិយោគនៅក្រៅប្រទេស ដ៏ហួសហេតុ មិន​គិតពីហានិភ័យ ឬ មិនគិតដល់ប្រយោជន៍ រួមរបស់សេដ្ឋកិច្ចចិន។

នៅចុង ឆ្នាំ២០១៦ គេធ្លាប់បានសង្កេត ឃើញថា រដ្ឋាភិបាលចិនហាក់បានចាប់ផ្តើម បញ្ឈប់នយោបាយលើកកម្ពស់ និងជំរុញ ឲ្យក្រុមហ៊ុនខ្លួន ដើរទៅបោះទុនវិនិយោគ នៅក្រៅប្រទេស។ ពេលនេះ សេចក្តី សម្រេចផ្លូវការបានចេញមកហើយ តាម រយៈក្រឹត្យច្បាប់មួយ ដែលតម្រូវឲ្យក្រុមហ៊ុនចិនទាំងអស់ចាប់ផ្តើមកាត់បន្ថយការបោះទុនវិនិយោគនៅបរទេស។

ចាប់ពីពេលនេះ ទៅ រាល់ការវិនិយោគ នៅក្រៅប្រទេស ដែលមិនស្របទៅតាមគោលនយោបាយការទូតរបស់រដ្ឋាភិបាលចិន ការវិនិយោគដែលមិនគោរពកិច្ចសហប្រតិបត្តិការសមភាពនៃផលប្រយោជន៍ការវិនិយោគដែលមិនផ្តល់ផលជាក់ស្តែងដល់វិធានម៉ាក្រូសេដ្ឋកិច្ចនោះ នឹងត្រូវតែកាត់ បន្ថយ។ ក្រឹត្យរបស់រដ្ឋាភិបាលចិននេះ បានលើកឡើងថា មានបំណងចង់ទប់ស្កាត់ និងបង្ការផលវិបាកទៅថ្ងៃមុខ។

ក្រឹត្យនេះក៏បានកំណត់ពីការហាម ឃាត់ មិនឲ្យក្រុមហ៊ុនចិន បោះទុនវិនិយោគ ក្នុងវិស័យណា ដែលអាចប៉ះពាល់ដល់សន្តិ សុខជាតិ ដូចជាវិស័យបច្ចេកវិទ្យាផលិតសព្វាវុធ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ វិស័យល្បែងភ្នាល់ស៊ីសង ឬក៏វិស័យផលិតខ្សែភាពយន្តអាសអាភាសជាដើម។ បើ តាមប្រភពផ្លូវការ សុំមិនបញ្ចេញឈ្មោះ​បានឲ្យដឹងថា រដ្ឋាភិបាលចិនក៏បានហាមឃាត់មិនឲ្យក្រុមហ៊ុនខ្លួន បោះទុនរកស៊ី នៅតាមប្រទេសណា ដែលមានសង្រ្គាម ឬប្រទេសដែលគ្មានចំណងការទូត ជាមួយ នឹងចិន។

សូមបញ្ជាក់ថា ១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនចិនជាច្រើន បានជះលុយវិនិ យោគនៅក្រៅប្រទេសលើគ្រប់វិស័យ មាន ទាំងវិស័យកីឡា វិស័យសណ្ឋាគារទេស ចរណ៍ វិស័យភាពយន្ត វិស័យអចលនទ្រព្យ និងវិស័យក្លិបកម្សាន្តសប្បាយជាដើម។ ក្លិបកីឡាបាល់ទាត់ធំៗនៅអឺរ៉ុប ត្រូវបាន​ក្រុមហ៊ុនចិនទិញយក ឬក៏មានចំណែក ភាគហ៊ុន។ ក្រុមហ៊ុនផលិតភាពយន្តនៅ ហូលីវូដ ឈ្មោះ Legendary ក៏ត្រូវបានក្រុម ហ៊ុនចិនទិញយកដែរ។

ភាពពុះកញ្ជ្រោល ការសម្រុកបោះទុន រកស៊ី នៅតាមប្រទេសក្រៅនេះ ត្រូវបាន អ្នកជំនាញសេដ្ឋកិច្ចជាច្រើនក្រើនរំលឹក ដល់រដ្ឋាភិបាលចិនឲ្យប្រុងប្រយ័ត្ន ព្រោះ ការបោះទុនភាគច្រើន ធ្វើឡើង ដោយពុំ បានគិតគូរពីហានិភ័យ ហើយធ្វើឲ្យប៉ោង ដល់កម្រិតប្រាក់កម្ចី ដែលមាននៅលើ ទីផ្សារចិន។ ក្រុមហ៊ុនដែលបោះទុននៅក្រៅប្រទេសខ្លះ មានជាប់បំណុលក្នុងស្រុកយ៉ាងច្រើនមហិមា។

យ៉ាងណាមិញ អាជ្ញាធរត្រួតពិនិត្យការផ្តល់កម្ចី និងចរាចរណ៍ហិរញ្ញវត្ថុចិន ក៏បាន ចាប់ផ្តើម ធ្វើការតាមដាន លើក្រុមហ៊ុន ផ្តល់កម្ចីមួយចំនួន ដែលបានបញ្ចេញ តួលេខទឹកប្រាក់ ឲ្យគេខ្ចី លើសពីសមត្ថ ភាពរបស់ខ្លួន។ បំណុលកម្ចីការបោះទុន វិនិយោគ មានតែតួលេខទាំងអស់នេះ អាចនឹងធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុចិនរលំនៅថ្ងៃណាមួយ បើសិនជាគ្មានវិធានការគ្រប់គ្រង ឲ្យបានសមហេតុផលទេនោះ៕ ម៉ែវ សាធី


ចែករំលែក៖