អីុតាលីរងការវាយប្រហារដោយគ្រោះ រញ្ជួយដីកម្រិត៤រិុចទ័រ កាលពីរសៀលថ្ងៃ ទី២១ ខែសីហា ស្ថិតនៅលើកោះ ភាគខាង ត្បូងប្រទេសនេះ។
ការរញ្ជួយដីខាងលើកើតឡើងនៅលើ កោះ Ischia របស់អីុតាលីបណ្តាលឲ្យ មនុស្ស ២នាក់ស្លាប់ និង២៥នាក់រងរបួស។ ក្រៅពីអ្នកស្លាប់នៅមានមនុស្ស១០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
វិទ្យាស្ថានគ្រប់គ្រងគ្រោះមហន្តរាយ បន្ទុះភ្នំភ្លើង និងរញ្ជួយដីជាតិអុីតាលី បាន កំណត់ការរញ្ជួយដី នៅគ្រាដំបូងថា មាន ត្រឹមកម្រិត៣,៦រ៉ិចទ័រ ហើយក្រោមមក បានកំណត់ដល់កម្រិត៤.០រ៉ិចទ័រវិញ ។ គ្រោះរញ្ជួយដី បានកើតឡើងនៅវេលាម៉ោង ប្រមាណ៨និង៥៧នាទីយប់ ម៉ោង ក្នុងតំបន់ នៅលើដែនកោះIschia ។
ស្រ្តីចំណាស់ម្នាក់បានស្លាប់ ដោយធ្លាក់ បំណែកអគារសង្កត់ពីលើ នៅឯព្រះវិហារ មួយកន្លែង ក្នុងក្រុង Casamicciola Terme នេះបើតាមទីភ្នាក់ងារ Ansa បានរាយ ការណ៍ ដោយបានដកស្រង់សម្តី របស់ ប៉ូលិសក្នុងស្រុកបានអះអាងយ៉ាងដូច្នេះ ។
កាលពីខែមករាដើមឆ្នាំ២០១៧ ក៏មានការរញ្ជួយដីនៅប្រទេសអីុតាលីបណ្តាល ឲ្យមានអ្នកស្លាប់និងរបួសរាប់សិបនាក់ដែរ។ អ្នកស្លាប់ពេលនោះភាគច្រើនគឺនៅសណ្ឋាគារមួយតូចនៅតំបន់ភ្នំ ក្នុងភាគ កណ្តាលអុីតាលី ។ក្រោយរញ្ជួយដី ក៏មាន ការបាក់ព្រិល គ្រប់ដណ្តប់លើសណ្ឋាគារ តូចនោះបណ្តាលឲ្យមនុស្ស ៣០នាក់ ស្លាប់។
ដោយសារតែតំបន់រញ្ជួយដីស្ថិតនៅឆ្ងាយ ដាច់ស្រយាលក្នុងតំបន់ Farindola ប្រទេស អីុតាលី ធ្វើឲ្យក្រុមជួយសង្គ្រោះមិនអាចទៅជួយទាន់ពេលវេលា៕ ម៉ែវ សាធី