ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូហាជ្ជីកម្ពុជា២០នាក់ ដែលជាភ្ញៀវរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានចេញដំណើរទៅធ្វើបុណ្យហាជ្ជី កាតព្វកិច្ច ទី៥ នៃសាសនាឥស្លាម

ចែករំលែក៖

ភ្នំពេញ៖ គណៈប្រតិភូមុស្លិមកម្ពុជាចំនួន២០នាក់ ឧបត្ថម្ភ ដោយ ព្រះចៅសាល់ម៉ាន ពិនអាប់ឌុលអាហ្ស៊ីស អាឡាសូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ បានចេញដំ ណើរឆ្ពោះទៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចូលរួមពិធីបុណ្យហាជ្ជី តាមទំនាមទម្លាប់ប្រពៃណី ដែលជាកាតព្វកិច្ចទី៥ នៃសាសនាឥស្លាម ។

នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពិធីជូនដំណើរ លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា តំណាង លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និង លោក Faisal Naser Al Ajlan តំណាងឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុង ហាណូយ ប្រទេសវៀតណាម ក៏ចូលរួមផងដែរ ។

ក្នុងឱកាសនោះ លោក Faisal Naser Al Ajlan ក៏បានអគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំឥស្លាមកម្ពុជា ដែលបានសហការណ៍ ជួយសម្រួលរៀបចំឯកសារសម្រាប់ក្រុមហាជ្ជីទាំងអស់បានជោគជ័យ និងឆាប់រហ័ស។ លោកបន្ដថា៖ ក្រុមហាជ្ជីទាំងអស់នឹងប្រតិបត្តិកាតព្វកិច្ចទី៥របស់សាសនាឥស្លាមនេះ ប្រកបដោយជោគជ័យ ព្រមទាំងបានត្រឡប់មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព។

លោក សុះ មុះសិន បានមានប្រសាសន៍ថា៖ ខ្ញុំមានសេចក្តីរំភើប រីករាយជាទីបំផុត ដែលបានមកជួបជុំ ជាមួយបងប្អូន ក្នុងទឹកមុខសប្បាយរីករាយ មានសំណាងបាន ទទួលការឧបត្ថម្ភ រ៉ាប់រងទាំងស្រុង ក្នុងដំណើរទៅ ប្រារព្វពិធីបុណ្យហាជ្ជ។

លោកបន្តថា៖ នៅឆ្នាំនេះ សម្រាប់បងប្អូនខ្មែរឥស្លាម ដែល មានលទ្ឋភាពរ៉ាប់រងការចំណាយថវិកាដោយខ្លួនឯង មានចំនួន ៦២៤នាក់ បូករួមជាមួយនឹងអ្នក ដែលទទួលការ ឧបត្ថម្ភចំនួន ២០នាក់ ថែមទៀត សរុបទៅមានចំនួន ៦៤៤នាក់ ដែលគិតជាថវិកា ចំណាយទាំងអស់ប្រមាណ​ ២.៥ លានដុល្លារអាមេរិក។ ទាំងនេះគឺជាសញ្ញាមួយ ដែលសរបញ្ជាក់ ឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេស ទទួលបាននូវជីវភាពធូធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខ ជាបន្តបន្ទាប់ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា។

លោកសុះ មុះ សិន ក្នុងនាមតំណាងឲ្យ លោកអូស្មាន ហាស្សាន់ សូមផ្តាំផ្ញើរ និងជូនពរ ដល់បណ្តាអ្នក ដែលអញ្ជើញ ទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ ទាំងអ្នក ដែលបាន ចេញដំណើរលើកទី១ និងអ្នកដែលកំពុងចេញ ដំណើរ នៅថ្ងៃនេះ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងការបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។ លោក ក៏សូមសម្តែង នូវការអ គុណបំផុត ដល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជា រាល់សប្បុរសជនម្ចាស់ជំនួយ ដែលបាន ឧបត្ថម្ភ ដល់ប្រជាពលរដ្ឋឥស្លាមកម្ពុជា មានឱកាសទៅ បំពេញ កាតតព្វកិច្ចបុណ្យហាជ្ជី ជារៀងរាល់ឆ្នាំ។

លោកសង្ឃឹមថា គុណបំណាច់ទាំងនេះ នឹងទទួលបាន មកវិញនូវការ ប្រោសប្រទានប្រសិទ្ធិពរជ័យ ជូនដល់សប្បុរសជន និងប្រទេស ម្ចាស់ជំនួយខាងលើជាមិនខាន។

នៅក្នុងឱកាសនោះផងដែរ លោកស្រី ម៉ាណ ណាវី ជំនួយការ លោក អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភប្រតិភូហាជ្ជី ទាំងអស់ចំនួន ២០នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៥០ដុល្លារសហរដ្ឋអាមេរិក ដើម្បីទុកសម្រាប់ចាយវាយផ្សេងតាមតម្រូការ ផងដែរ។

សូមបញ្ជាក់ថា៖ ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនា ឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ ៤លានអ្នក អញ្ជើញទៅប្រារព្វបុណ្យហាជ្ជីនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំ២០១៧នេះ ពិធីបុណ្យ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហា រយៈពេលមួយសប្តាហ៍។ សម្រាប់អ្នក ដែលគ្មានលទ្ធភាព ទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់ពួកគេទេ ៕ សំរិត


ចែករំលែក៖