កូឡាឡាំពួរ ៖ នៅ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នឹងបញ្ចប់ខណៈអត្តពលិកកម្ពុជាទើបមានមេដាយជាផ្លូវការចំនួន១០គ្រឿងប៉ុណ្ណោះ ដោយឈរនៅលេខរៀងទី៩ ពោលគឺនៅក្រោមប្រទេសឡាវ ជាបណ្តោះអាសន្ន ។ នេះបើយោងលើគេហទំព័រ របស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានផ្សាយ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ។
តាមការបញ្ជាក់ពីនាយបេសកកម្មកីឡាស៊ីហ្គេម លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់តាមសារតេឡេក្រោមឲ្យថា អត្តពលិកកម្ពុជា នៅមានឱកាសស្វែងរកមេដាយ បន្ថែមទៀត ព្រោះពួកគេមិនទាន់អស់វិញ្ញាសានៅឡើយទេ ។ ជាក់ស្តែងនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ អត្តពលិកកីឡាកម្ពុជា លើប្រភេទកីឡា ប៉េតង់ ប្រភេទកីឡាសីប៉ាក់តាក្រនិង ប្រដាល់គុនខ្មែរ ។ ដោយឡែកការប្រកួត ប្រដាល់គុនខ្មែរអត្តពលិកកម្ពុជាបានឡើងដល់ វគ្គពាក់កណ្តាលផ្តាច់ព័្រត្រមានកីឡាករ ឡៅ ចិត្រ្តាប្រភេទទម្ងន់៥៧គីឡូក្រាម កីឡាករ ឃុម ឌីម៉ា ប្រភេទទម្ងន់៦៣,៥គីឡូក្រាម កីឡាករ ម៉ឺន សុភា ប្រភេទទម្ងន់៧១គីឡូក្រាម និងកីឡាករ វ៉ាន់ វឿន ប្រកួតផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
លោកនាយបេសកកម្មស៊ីហ្គេមបានបញ្ជាក់បន្ថែមថា កាលពីរសៀលថ្ងៃទី២៧ ខែសីហា កីឡាការិនីកូនកាត់អាមេរិក Tubbs Casandre Nicole ទទួលបានមេដាយសំរឹទ្ធិ១គ្រឿង លើប្រភេទកីឡាតេក្វាន់ដូ ក្រោយពីចាញ់កីឡាករថៃនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើវិញ្ញាសា ដោយចាញ់ពិន្ទុកីឡាការិនីថៃ ក្នុងលទ្ធផល ១៣-៤ ។
គួររំលឹកថា កាលពីការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី អត្តពលិកកម្ពុជា ឈរនៅលេខរៀងទី៨ ពោលនៅលើប្រទេសឡាវ ដោយទទួលបានមេដាយ ចំនួន១៥គ្រឿង ក្នុងនោះ មេដាយ១គ្រឿង មេដាយប្រាក់៥គ្រឿងនិង មេដាយសំរឹទ្ធិ៩គ្រឿងខណៈឆ្នាំនេះ កម្ពុជា ទើបរកបានមេដាយមាសចំនួន១គ្រឿង និងមេដាយសំរឹទ្ធិ៩គ្រឿង ជាបណ្តោះអាសន្ន៕ សារីម