ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តបាញ់មីស៊ីលឆ្លងទ្វីបហោះកាត់ប្រទេសជប៉ុន

ចែករំលែក៖

អាមេរិក និងកូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី២៩ ខែ សីហា បានបាញ់មីស៊ីលឆ្លងទ្វីប ដោយ ហោះហើរឆ្លងកាត់ប្រទេសជប៉ុន រួចធ្លាក់ ចូលមហាសមុទ្រប៉ាស៊ីហ្វិក។

កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីទិសខាងកើត នៅជិតតំបន់ស៊ូសាន នៅ វេលាម៉ោង៥ និង៥៧នាទីព្រឹក ថ្ងៃទី២៩ ខែសីហា។ ទីបញ្ជាការកងទ័ពកូរ៉េខាងត្បូង JCS បានបញ្ជាក់ថា មីស៊ីលខាងលើបានហោះហើរឆ្លងកាត់ទឹកដីជប៉ុន មុនពេល ធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ តាមការ បញ្ជាក់របស់ JCS មីស៊ីលកូរ៉េខាងជើង ហោះហើរបាន ២.៧០០គីឡូម៉ែត្រ ក្នុង កម្ពស់៥៥០គីឡូម៉ែត្រ។

លោក Rob Manning អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឲ្យដឹងថា«យើងកំពុងតែ វាយតម្លៃពីការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង។ ទីបញ្ជាការកម្លាំងការពារដែនអាកាសរបស់អាមេរិកប្រចាំនៅភាគខាងជើងបានឲ្យដឹងថា មីស៊ីលនោះ មិន គំរាមកំហែងដល់ភាគខាងជើងអាមេរិកនោះឡើយ»។

ប្រធានការិយាល័យគណៈរដ្ឋមន្ត្រី ជប៉ុនលោក Yoshihide Suga បានលើក ឡើងថា ការបាញ់មីស៊ីលខាងលើ គឺជា សកម្មភាពគំរាមកំហែងទ្រង់ទ្រាយធំមិនធ្លាប់មាន ពីមុនមក។ លោក ស៊ូហ្គា បន្ត ទៀតថា នៅពេលនេះយើងរកមិនទាន់ ឃើញមានវត្ថុអ្វីដែលធ្លាក់នៅក្នុងទឹកដី ជប៉ុននៅឡើយ ហើយក៏មិនមានព័ត៌មានស្តីពីការខូចខាតនាវាយន្តហោះ ក្នុងតំបន់ ដែលមីស៊ីល កូរ៉េខាងជើងឆ្លងកាត់។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ផងដែរថា ជប៉ុននឹងអនុ វត្តនូវគ្រប់វិធីសាស្ត្រ ដើម្បីធានាដល់ សុវត្ថិភាពពលរដ្ឋ និងទឹកដីជប៉ុនគេចផុត ពីការគំរាមកំហែងរបស់កូរ៉េខាងជើង។

លោក ស៊ីនហ្សូ អាបេ បញ្ជាក់ទៀតថា «សកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង ឆ្លងកាត់ទឹកដីរបស់យើងខ្ញុំ គឺជាការ គំរាមកំហែងយ៉ាងធ្ងន់បំផុត ប៉ះពាល់ដល់ សន្តិសុខជាតិ ក៏ដូចជាសន្តិភាពនៅក្នុង តំបន់ទាំងមូល»។

ចំណែកការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងវិញ ក៏បានប្រកាសផងដែរថា ក្រុមប្រឹក្សាសន្តិសុខជាតិបានកោះប្រជុំជាបន្ទាន់ក្រោមការដឹកនាំរបស់ប្រធានាធិបតី មួន ជេអុីន ដើម្បីស្វែងរកវិធីសាស្ត្រទប់ ទល់ជាមួយកូរ៉េខាងជើង។

កាលពីថ្ងៃទី២៨ ខែសីហា ក្រុមចារកិច្ចកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើង ដូចជាបានត្រៀមលក្ខណៈ ដើម្បីសាក ល្បងគ្រាប់បែកបរមាណូជាលើកទី៦ នៅ ក្នុងតំបន់ Punggye-ri ។ គម្រោងសាកល្បង មីស៊ីលទី៦ អាចនឹងធ្វើឡើងក្នុងឱកាសនៃការរំលឹកខួបទិវាបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង នៅថ្ងៃទី៩ ខែកញ្ញា។

សកម្មភាពខាងលើរបស់កូរ៉េខាងជើង កើតឡើងក្រោយពេលប្រទេសនេះ បាន ប្រកាសថា នឹងធ្វើឲ្យអាមេរិកស្តាប់បង្គាប់តាមទីក្រុងព្យុងយ៉ាង។ សារព័ត៌មានកូរ៉េ ខាងជើង KCNA បានប្រកាសពីសារថ្មី បំផុតរបស់កូរ៉េខាងជើង គឺបានត្រៀមបរ មាណូ ដើម្បីបង្ការពេលមានសង្គ្រាមកើតជាមួយអាមេរិក។ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននឹងទីក្រុង ព្យុងយ៉ាង មិនទាន់ ថយកម្តៅនៅឡើយ ពេលដែលប្រទេស ទាំង២បន្តប្រើពាក្យសម្តីឌឺដងដាក់គ្នា ដដែល។

សារព័ត៌មាន KCNA បានផ្សាយថា កូរ៉េខាងជើងនឹងមិនបន្ធូរបន្ថយឡើយ ហើយបង្ខំឲ្យត្រូវតែស្តាប់តាមកូរ៉េខាងជើង។ លើសពីនេះទៅទៀត កូរ៉េខាងជើង នឹងប្រើប្រាស់បរមាណូដើម្បីទប់ទល់ការ គំរាមកំហែងដោយបរមាណូ។ សារព័ត៌ មានកូរ៉េខាងជើងបានបញ្ជាក់ទៀតថា ការ ប្រើប្រាស់កម្លាំងយោធា និងដាក់ទណ្ឌកម្ម មកលើកូរ៉េខាងជើង ដើម្បីឲ្យបោះបង់កម្ម វិធីមីស៊ីល និងបរមាណូ គឺគ្មានប្រសិទ្ធភាព នោះឡើយ។

កាលពីខែកក្កដាកន្លងទៅ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ២ដើមដោយជោគជ័យ អាចបំពាក់ក្បាល គ្រាប់បរមាណូវាយប្រហារនៅគ្រប់ទិស ទីក្នុងទឹកដីអាមេរិក ក្នុងនោះមានកោះ Guam ជាដើម។

បច្ចុប្បន្នគោលដៅធំបំផុតរបស់កូរ៉េ ខាងជើង គឺបង្រួមតូចបរមាណូ ដើម្បី បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប។ ប៉ុន្តែក្រុមអ្នកឯកទេសរបស់អាមេរិកបាន បញ្ជាក់ថាកូរ៉េខាងជើង ត្រូវការពេលវេលាជាច្រើនទៀតទើបអាចសម្រេចបានគោលដៅទាំងនោះ៕ ម៉ែវ សាធី


ចែករំលែក៖