ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះពិនិត្យទីតាំងផលិតស្ករក្លែងក្លាយយកស្ករសកែច្នៃជាស្ករត្នោត

ចែករំលែក៖

ខេត្តតាកែវ ៖ ទីតាំងផលិតស្ករត្នោត ក្លែងក្លាយ ឬយកស្ករសមកកែច្នៃជាស្ករ ត្នោតទាំង២៥ ទីតាំងនៅក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានអាជ្ញាធរខេត្តតាកែវ សុំគោលការណ៍ទៅលោកអភិបាលខេត្ត ដើម្បីចាត់វិធានការជាបន្ទាន់ បន្ទាប់ពី ម្ចាស់ទីតាំងទាំងនោះ មិនបានគោរពទៅតាមកិច្ចសន្យាជាមួយមន្រ្តីជំនាញ ដែលឲ្យម្ចាស់ទីតាំងមកសុំច្បាប់អនុញ្ញាត និងឲ្យ ធ្វើកិច្ចសន្យាមួយចំនួនទៀត ។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធនៅសាលាខេត្តតាកែវ កាលពីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោក ខាន់ សុខា អភិបាលរងខេត្តបានមានប្រសាសន៍ ថា កន្លងមកមន្រ្តីជំនាញរួមនឹងអាជ្ញាធរ ស្រុកបានចុះទៅពិនិត្យដល់ទីតាំងផលិត ស្ករត្នោតទាំងអស់នោះ ដោយបានរកឃើញ ពីការយកស្ករស និងប្រេងឆាមកកែច្នៃ ជាស្ករត្នោត និងបានយកកំណាត់មកដុត ដែលនាំឲ្យមានធូលីហុយចូលស្ករនាំឲ្យ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ មន្រ្តីជំនាញបានណែនាំអោយម្ចាស់ទីតាំងទាំងអស់នោះ មកសុំ ច្បាប់អនុញ្ញាតពីមន្ទីរ ឧស្សាហកម្ម និង សិប្បកម្ម ព្រមទាំងបិទស្លាកសញ្ញាលើស្ករដែលផលិត ដោយដាក់ ថា ស្ករក្រហម កែច្នៃមកពីស្ករស ។ ក៏ប៉ុន្តែម្ចាស់ទីតាំងទាំងនោះនៅតែមិនគោរពទៅតាមកិច្ចសន្យាដែលបានធ្វើជាមួយអាជ្ញាធរ និងមន្រ្តីជំនាញ ។

លោកបន្តថា អាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យមានការផលិតស្ករក្រហម ដោយយក ស្ករសមកកែច្នៃ គ្មានសុំច្បាប់អនុញ្ញាតពី មន្រ្តីជំនាញតទៅទៀតទេ ។ យើងនឹង រាយការណ៍ជូនអភិបាលខេត្តសុំគោល ការណ៍ថា តើគួរតែចុះបិទទីតាំង ឬឲ្យគាត់បន្ត សកម្មភាពគ្មានច្បាប់នេះតទៅទៀត?

លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហ កម្ម និងសិប្បកម្មខេត្តតាកែវក៏បាននិយាយដែរថា មន្រ្តីរបស់លោករួម នឹងមន្រ្តី កាំកុងត្រូល និងអាជ្ញាធរស្រុកបាទី ធ្លាប់ បានចុះទៅដល់ទីតាំងផលិតនិងបានហៅម្ចាស់ទីតាំងទាំងអស់មកប្រជុំនៅសាលា ស្រុកបាទី ដោយបានស្នើឲ្យពួកគាត់មកសុំច្បាប់នៅមន្ទីរ និងបានស្នើឲ្យម្ចាស់ទីតាំង ផលិតសរសេរអក្សរ បិទលើធុងស្ករដែល ផលិតបានដាក់ថាស្ករក្រហមកែច្នៃមកពី ស្ករស ក៏ប៉ុន្តែម្ចាស់ទីតាំងមិនបានធ្វើតាម កិច្ចសន្យាជាមួយមន្រ្តី ជំនាញ និងអាជ្ញាធរ ស្រុកនោះទេ ហេតុដូច្នេះមន្រ្តីជំនាញបាន ជម្រាបទៅគណៈអភិបាលខេត្តដើម្បីសុំ គោលការណ៍សម្រេចចុងក្រោយ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំ កុងត្រូលខេត្តតាកែវ បានឲ្យដឹងថា ទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំង២៥ទីតាំងនេះ គឺក្នុងមួយថ្ងៃអាចផលិតបានស្ករប្រមាណ១០តោនយកទៅលក់នៅផ្សារនានា ក្នុង រាជធានីភ្នំពេញ និងដាក់លក់នៅតាមទីផ្សារនានាក្នុងខេត្តតាកែវ ។ ទីតាំងផលិតទាំង អស់នេះ ក្រៅពីគ្មានច្បាប់អនុញ្ញាត គឺការ ផលិតគ្មានអនាម័យ ដែលនឹងនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទិញយកទៅបរិភោគ ៕ សហការី


ចែករំលែក៖