ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េឈានដល់កម្រិតកំពូល ដល់មាត់រណ្តៅនៃសង្គ្រាមជាទ្រង់ទ្រាយធំ។
សារព័ត៌មាន Sputnik កាលពីថ្ងៃទី១ ខែកញ្ញាបានដកស្រង់សម្តីលោកពូទីនមកបញ្ជាក់ថា «ភាពតានតឹងនៅឧបទ្វីបកូរ៉េ បាន កើនកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យ តំបន់ទាំងមូល ប្រឈមនឹងសង្គ្រាម។ រុស្ស៊ី ជឿជាក់ថា គោលនយោបាយដាក់គំនាបទៅលើកូរ៉េខាងជើង បង្ខំឲ្យប្រទេសនេះបោះបង់កម្មវិធីបរមាណូគឺជាការខុសឆ្គង និងអត់ប្រយោជន៍»។
លោកពូទីនបានបញ្ជាក់ទៀតថាបញ្ហាទាំងឡាយត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចការបរទេស មិនត្រូវមានការឌឺដងដាក់គ្នានោះឡើយ។ ទីក្រុងមូស្គូ នឹងប៉េកាំ និងបង្កើតទម្រង់ដោះស្រាយ បញ្ហាឧបទ្វីបកូរ៉េក្នុងគោលដៅបញ្ចប់ការប្រឈមមុខដាក់គ្នា បង្កើនសន្តិសុខសន្តិ ភាព ស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។
កាលពីខែកក្កដា កន្លងមក រុស្ស៊ីនិងចិនបានស្នើឲ្យកូរ៉េខាងជើងផ្អាកកម្មវិធីបរមាណូរបស់ខ្លួន ។ទន្ទឹមនឹងនោះរុស្ស៊ីក៏បានស្នើឲ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការធ្វើសមយុទ្ធរួម ដែលជា ចំណុចចាប់ផ្តើមឲ្យមាន ភាពតានតឹង ។ សំណើរខាងលើរបស់រុស្ស៊ីនិងចិន ទទួលបានការគាំទ្រយ៉ាងខ្លាំងពី ប្រទេសជិតខាង និងប្រទេសនៅតំបន់អឺរ៉ុប ប៉ុន្តែភាគីអាមេរិកបានច្រានចោល គម្រោង ខាងលើ។
ភាពតានតឹងនៅឧបទ្វីបកូរ៉េបាន កើនឡើងខ្ពស់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺចាប់តាំងពីអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមបាញ់គ្រាប់ពិត ដោយមាន ការទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រមានកម្លាំងបំផ្លាញខ្លាំងទៀតផង។កូរ៉េខាងជើងក៏បានតបតវិញ ដោយ បាញ់មីស៊ីលឆ្លងទ្វីបប្រភេទ Hwansong -12 ឆ្លងកាត់ទឹកដីជប៉ុន ក្នុងកម្ពស់៥៥០គីឡូម៉ែត្រ ដោយហោះបានចម្ងាយ២៧០០គីឡូម៉ែត្រទើបធ្លាក់ចូល មហាសមុទ្រ ប៉ាសីុហ្វិក។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានចាត់ទុកថា ការបាញ់មីស៊ីលខាងលើរបស់ កូរ៉េខាងជើង គឺជាការគំរាមកំហែងដល់អធិបតេយ្យរបស់ជប៉ុន ប៉ះ ពាល់ដល់សន្តិសុខ ជប៉ុនផងដែរ។
ការវិភាគរបស់មេដឹកនាំរុស្ស៊ីលោក ពូទីន ជុំវិញសង្គ្រាមអាចនឹងកើតឡើងនៅឧបទ្វីបកូរ៉េ កើតឡើង បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានសម្រេចជម្លៀសពលរដ្ឋ រាប់ពាន់ នាក់ ដែលរស់នៅតាមបណ្តោយព្រំដែន ជាប់កូរ៉េខាងជើង ក្រោយពេលដែលមេដឹក នាំគីម ជុងអ៊ុន បាញ់មីស៊ីលកាលពីថ្ងៃទី២៩ ខែសីហា។
សារព័ត៌មាន ដេលីម៉ែលបានផ្សាយថា មន្ត្រីនៅក្នុងតំបន់ ព្រំដែនបានសម្រេច ជម្លៀសពលរដ្ឋប្រមាណ១៥០០នាក់ទៅកាន់តំបន់មានសុវត្ថិភាព។ ព័ត៌មានខាង លើបានចុះផ្សាយនៅលើ បណ្តាញសង្គម Life.ru ដែលជាបណ្តាញមានភាពជិតស្និទ្ធជាមួយក្រសួងសន្តិសុខជាតិរុស្ស៊ី។
បទបញ្ជាឲ្យជម្លៀសពលរដ្ឋ ធ្វើឡើងតាមការបញ្ជាររបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី ។ នៅពេលនេះគេមិនទាន់ដឹង ថា ពលរដ្ឋទាំងនោះនឹងត្រូវបញ្ជូនទៅកាន់កន្លែងសុវត្ថិភាពនៅទីណាឡើយ។ រុស្ស៊ីមានព្រំដែនជាប់កូរ៉េខាងជើង ប្រវែង៣៨ គីឡូម៉ែត្រ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការជម្លៀស ពលរដ្ឋខាងលើ គឺជាការហ្វឹកហាត់ ដើម្បី ជម្លៀសពលរដ្ឋ ពេលមានសង្គ្រាមនៅ ឧបទ្វីបកូរ៉េ ។ សកម្មភាពខាងលើរបស់រុស្ស៊ី កើតឡើង ក្រោយពេលកូរ៉េខាងជើង បាញ់ មីស៊ីលកាលពីថ្ងៃទី២៩ ខែសីហា ដោយ មីស៊ីលហោះឆ្លងកាត់ទឹកដីជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria Zakharova បានព្រមានថា វិបត្តិនៅក្នុងឧបទ្វីបកូរ៉េ អាចជំរុញឲ្យមានសង្គ្រាមប្រដាប់អាវុធកើតឡើង ។ ប៉ុន្តែ មកទលពេលនេះរុស្ស៊ីនៅតែរក្សាទំនាក់ ទំនងនយោបាយ សេដ្ឋកិច្ចជាមួយកូរ៉េខាង ជើងដដែល។
ពាក់ព័ន្ធនឹងករណីនេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះ ប្រជុំបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោង របស់ប្រទេសផ្ដាច់ការ កូរ៉េខាងជើង ដែលហោះលើប្រទេសជប៉ុន នៅក្នុងការបង្កហេតុជាបន្តបន្ទាប់ ធ្វើឲ្យ មានអស្ថិរភាព ក្នុងតំបន់អាស៊ីភាគឦសានខាងលើនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ការបាញ់បង្ហោះមីស៊ីលលើកនេះ ជា លើកដំបូងគេបង្អស់ហើយ ដែលគ្រាប់ មីស៊ីលហោះនៅលើកោះ សំខាន់ៗរបស់ ប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០០៩ បន្ទាប់ពីការបាញ់បង្ហោះ មីស៊ីលឆ្លងទ្វីប ពីរលើក របស់ក្រុងព្យុងយ៉ាង កាលពីខែកក្កដា ដែលបានរំលោភលើដំណោះ ស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ ដែល ហាមប្រាមមិនឲ្យចូលរួម ក្នុងសកម្មភាព នុយក្លេអ៊ែរ និងមីស៊ីល។
កន្លងមក ក្នុងរយៈ៤ថ្ងៃប៉ុណ្ណោះកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីល៤លើក ទៅ កាន់មហាសមុទ្រ ។ ការសាកល្បងនោះត្រូវបានអ្នកឯកទេសបញ្ជាក់ថា គឺជាការ ផ្ញើសារដ៏សំខាន់បំផុត របស់កូរ៉េខាងជើង ទៅកាន់អាមេរិក ដោយ បញ្ជាក់ថា កម្មវិធី បរមាណូរបស់កូរ៉េខាង ជើងមានតែរីក ចម្រើនទៅមុខ មិនមានការថយក្រោយ ដោយការដាក់ទណ្ឌកម្មនោះ ឡើយ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា នៅពេលនេះមិនទាន់មានវិធីសាស្រ្តណាមួយ ដែលមាន ប្រសិទ្ធភាពសម្រាប់ទប់ទល់ជាមួយកូរ៉េ ខាងជើងនៅឡើយទេ។
សរុបមកកូរ៉េខាងជើងបានសាកល្បងមីស៊ីលដល់ទៅ២១គ្រាប់ នៅក្នុងការសាក ល្បង ១៤លើកផ្សេងគ្នា ចាប់ពីខែកុម្ភៈ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែង។ នៅក្នុងការបាញ់ សាកល្បងនីមួយៗ បង្ហាញឲ្យឃើញថា មីស៊ីលកូរ៉េខាងជើងមានការរីកចម្រើនឥតឈប់ឈរលើបច្ចេកវិទ្យាមីស៊ីល។
ប្រតិកម្មរាល់ពេលដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីលថ្មីបំផុត ប្រធានាធិប តីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា «ពិភពលោកទទួលបានសារថ្មីរបស់កូរ៉េ ខាងជើងយ៉ាងច្បាស់។ សកម្មភាពទាំង នោះ គឺជាការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព បណ្តាប្រទេសនៅក្នុងតំបន់ និងធ្វើឲ្យទីក្រុងព្យុងយ៉ាងកាន់តែឯកោត្រូវកាត់ផ្តាច់ចេញពីពិភពលោក។ នៅពេលនេះវិធីសាស្ត្រជាច្រើនសម្រាប់ទប់ទល់កូរ៉េខាងជើងត្រូវបានពិភាក្សា»។
រដ្ឋាភិបាលទីក្រុងតូក្យូ និងវ៉ាស៊ីនតោន បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ ក្រោយការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ក្រោយកូរ៉េខាងជើងបានបាញ់មីស៊ីលហោះឆ្លងកាត់ទឹកដីជប៉ុនកាលពីព្រឹកថ្ងៃទី២៩ ខែសីហា កន្លងទៅ។
កាលពីដើមខែសីហា កន្លងទៅកូរ៉េខាងជើងបានរងការដាក់ទណ្ឌកម្មជាច្រើន ពី សហគមន៍អន្តរជាតិ ក្នុងគោលដៅរារាំង ប្រទេសនេះកុំឲ្យបន្តកម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូ។ ប៉ុន្តែការបង្កើនដាក់ទណ្ឌ កម្មទៅលើកូរ៉េខាងជើងបានធ្វើឲ្យរដ្ឋាភិ បាលរបស់លោក គីម ជុងអ៊ុន កាន់តែប្តេជ្ញាទៅលើកម្មវិធីអាវុធទាំងនោះ៕ ម៉ែវ សាធី