ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ស្ត្រី២នាក់ម្តាយ និងកូនពាក់ព័ន្ធក្លែងឯកសារដកប្រាក់ពីធនាគារជាង៧ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់ម្តាយ និងកូន ជាជនជាតិខ្មែរត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន​ក្រសួងមហាផ្ទៃឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធក្លែងឯកសារឆបោកប្រាក់ជនជាតិជប៉ុនប្រមាណជាង៧ម៉ឺនដុល្លារអាមេរិកកាលពីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ។

ជនសង្ស័យជាម្តាយឈ្មោះ ប៊ុត សឿន អាយុ៤៨ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែក ខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល និងកូនស្រីឈ្មោះ ភា សុខលីន អាយុ២៨ ឆ្នាំ មានទីលំនៅភូមិបុរីសំបួរមាស សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញមានប្តីជាជនជាតិនីហ្សេរីយ៉ា ។

សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៧ នាយកដ្នានកណ្តាល នគរបាលសន្តិសុខបានទទួលពាក្យបណ្តឹងពីឈ្មោះ សាលី វង្សកុមារ ភេទប្រុស អាយុ ៣២ឆ្នាំ ជាបុគ្គលិកធនាគារ ABA តំណាង ឲ្យធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ) ប្តឹង ឈ្មោះ Nge Try ជនជាតិនីហ្សេរីយ៉ា (ប្តីនាង ភា សុខលីន) ដែលកំពុងគេចខ្លួន បានក្លែងតួនាទីជា Director Foreign Remittance របស់ធនាគារABA យកទៅឆបោក ឈ្មោះ KONDO YUSUKE ជនជាតិជប៉ុន តាមរយៈអុីមែលថា គាត់ (KONDO YUSUKE) ទទួលបានប្រាក់មរតកចំនួន១០លាន៧សែនដុល្លារអាមេរិក ។

សមត្ថកិច្ចបន្តថា ដើម្បីទទួលបានសិទ្ធិវេរលុយចេញពីធនាគារ ABA ជនរងគ្រោះ ត្រូវបង់ថ្លៃសេវាមេធាវីនិងចំណាយលើឯកសារជាមុនសិន។ ពេលនោះជនរងគ្រោះបានជឿស្លុងទៅលើជនឆបោកជនជាតិ នីហ្សេរីយ៉ាបានផ្ញើប្រាក់មកឲ្យ៣លើក សរុប៧៦.៥១២ដុល្លារអាមេរិក។

លើកទី១ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេរចូលគណនីលេខ០០០២២៥៧១៦ របស់ឈ្មោះ ភា សុខលីន ចំនួន៤៨.៤៣២ ដុល្លារអាមេរិក ។

លើកទី២ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ វេរចូលគណនីលេខ០០០០៨២៨២៤ របស់ឈ្មោះ ព្រំ សុភាង ចំនួន៦.៦៨០ ដុល្លារអាមេរិក ។

លើកទី៣នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៧ វេរចូលគណនីលេខ២៧២៧៦៤ របស់ឈ្មោះ ប៊ុត សឿន ចំនួន២១.៤០០ ដុល្លារអាមេរិក ។

ក្រោយពីនាយកដ្ឋានកណ្តាលសន្តិសុខទទួលបានពាក្យបណ្តឹងនេះហើយសំណុំរឿងនេះត្រូវបានចាត់បញ្ជូនទៅនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនដើម្បីស្នើសុំទៅស្ថាប័នអយ្យការនៃសាលាដំបូងបើកការស៊ើបអង្កេត ។

លុះមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៧កម្លាំងសមត្តកិច្ចនាយកដ្ឋានសន្តិសុខឯកជនបានឈានដល់ការឃាត់ខ្លួនជនសង្ស័យស្រ្តីខ្មែរពីរនាក់ម្តាយនិងកូននេះ។ ចំណែកបុរសជាកូនប្រសាជនជាតិនីហ្សេរីយ៉ាដែលជាអ្នកផ្តើមគំនិតបានគេចខ្លួនបាត់។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនមកឈ្មោះ ភា សុខលីន បានសារភាពថា រូបគេបាន ស្គាល់ឈ្មោះ CHILIKE JOHN ជនជាតិ នីហ្សេរីយ៉ានិងយកធ្វើជាប្តីច្រើនឆ្នាំហើយ។ ចំពោះឈ្មោះ Nge Try ដែលគេប្រើយកមកឆបោកប្រាក់ពីជនជាតិជប៉ុននេះជាឈ្មោះក្លែងក្លាយទេឈ្មោះ CHILIKE JOHN ជា ឈ្មោះពិត ។

ដូច្នេះការរៀបចំឆបោកប្រាក់ពីជនជាតិជប៉ុននេះគឺប្តីនាងជាអ្នកផ្តើមគំនិតនាងនិងម្តាយគ្រាន់តែបានប្រើប្រាស់គណនីរបស់ខ្លួនដើម្បីទៅបើកយកប្រាក់តាមអ្វីដែលប្តី ប្រើឲ្យធ្វើនោះទេ ហើយនៅពេលនាងទៅបើកប្រាក់នោះម្តងៗប្តីតែងតែប្រាប់ថា ប្រាក់ នេះជាប្រាក់របស់មិត្តភក្តិគេ ប៉ុន្តែប្តីបានឲ្យម្តង២០០ដុល្លារដែរនៅពេលបើកប្រាក់នោះបាន ។

ស្ត្រីជាម្តាយឈ្មោះ ប៊ុត សឿន ក៏បាន សារភាពប្រហាក់ប្រហែលគ្នានឹងកូនស្រីដែរគាត់គ្មានគំនិតឯណាចេះប្រើល្បិច ឆបោកតាមបែបបច្ចេកវិទ្យាទំនើបដូច្នេះទេ ។ បើទោះបីជាយ៉ាងណាចម្លើយសារភាពរបស់ម្តាយនិងកូនពិតជាមានភាពស៊ីចង្វាក់គ្នាពាក់ព័ន្ធជាមួយកូនប្រសា ឬប្តីដែលជាជនជាតិនីហ្សេរីយ៉ាប្រព្រឹត្តបទល្មើសព្រហ្ម ទណ្ឌ(ឆបោក)ប្រាក់ជនជាតិជប៉ុនដូចពាក្យ បណ្តឹងខាងលើនេះ។ ដូច្នេះបានជាសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនស្រ្តី២នាក់ ម្តាយ-កូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញតាមនីតិវិធី ៕ ហេង សូរិយា


ចែករំលែក៖