ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបិទស្ថានកុងស៊ុលរុស្ស៊ី ជាការសងសឹកបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង

ចែករំលែក៖

ស្ថានកុងស៊ុលរបស់រុស្ស៊ីនៅទីក្រុង San Francisco និងនៅទីក្រុងវ៉ាស៊ីនតោន ព្រមទាំងញូវយ៉កនឹងត្រូវបិទទ្វារ នៅថ្ងៃ ទី២ ខែកញ្ញានេះ តាមសំណើរបស់ ក្រសួង ការបរទេសអាមេរិក។

សារព័ត៌មាន RT កាលពីថ្ងៃទី៣១ ខែសីហា បានផ្សាយថា ការចេញបញ្ជាបិទ ស្ថានកុងស៊ុលរបស់រុស្ស៊ីនៅអាមេរិក គឺ ជាការសងសឹក ទៅនឹងសកម្មភាពរបស់ រុស្ស៊ីដែលបានកាត់បន្ថយបុគ្គលិកស្ថាន ទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី។ ក្រសួង ការបរទេសអាមេរិកបានចេញបញ្ជាឲ្យបិទស្ថានកុងស៊ុល ទាំង៣កន្លែងខាងលើ របស់រុស្ស៊ីនៅក្នុងទឹកដីអាមេរិក។

លោក Heather Nauert អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃទី៣១ ខែសីហា ថា«យើងបាន ស្នើដល់ភាគីរុស្ស៊ី ឲ្យបិទស្ថានកុងស៊ុល នៅទីក្រុង San Francisco វ៉ាស៊ីនតោន និងញូវយ៉ក»។ នៅក្នុងសេចក្តីប្រកាស របស់អ្នកនាំពាក្យ អាមេរិកបានបញ្ជាក់ ទៀតថា សកម្មភាពខាងលើ ដើម្បីធ្វើឲ្យ មានតុល្យភាព ដែលភាគីរុស្ស៊ីតែងតែលើកឡើងកន្លងមក។ នៅពេលនេះ ប្រទេស ទាំង២មាន តែស្ថានកុងស៊ុលចំនួន៣ ប៉ុណ្ណោះ នៅក្នុងប្រទេសទាំង២។

លោកស្រី Sarah Huckabee លេខា ទទួលបន្ទុកព័ត៌មាន នៅសេតវិមានបាន ឲ្យដឹងថា ការសម្រេចខាងលើធ្វើឡើងដោយ ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់។ លោក ស្រី Sarah Huckabee បញ្ជាក់ថា«យើងចង់រារាំងនូវទំនាក់ទំនងដែលកំពុងតែធ្លាក់ចុះឲ្យមានភាពល្អប្រសើរឡើងវិញ។ យើង កំពុងតែឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរជាងនេះ ហើយយើងកំពុងតែធ្វើរឿងនេះ។ ប៉ុន្តែយើងក៏ត្រូវការ តម្លាភាព នៅក្នុង ទំនាក់ទំនងការបរទេសផងដែរ»។

មន្ត្រីអាមេរិកបញ្ជាក់ថា ពេលនេះរុស្ស៊ី នៅតែមាន ទីតាំងការបរទេស និងស្ថាន កុងស៊ុលនៅក្នុងទីក្រុងជាច្រើនផ្សេងទៀតនៅអាមេរិក។ ការបិទទ្វារខាងលើមានន័យ ថា បុគ្គលិករបស់រុស្ស៊ីត្រូវផ្អាកការងារនៅ ទីក្រុង សានហ្វ្រាន់ស៊ីស្កូ បុគ្គលិកទាំងអស់ របស់រុស្ស៊ី អាចបន្តទៅធ្វើការនៅទីតាំងការបរទេសផ្សេងទៀតក្នុងទឹកដីអាមេរិក លើកលែងតែទីក្រុងទាំង៣ខាងលើ។

កាលពីថ្ងៃទី៣១ ខែសីហា រដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិកលោក Rex Tillerson បានផ្តល់ព័ត៌មាន ខាងលើដល់សមភាគីរុស្ស៊ីបានដឹងនៅក្នុងជំនួបពិភាក្សា តាមទូរស័ព្ទ។នៅពេលនោះដែររដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ឡារ៉ូវ បានបង្ហាញការ សោកស្តាយ ចំពោះសកម្មភាពបែបនេះ របស់អាមេរិក។

សកម្មភាពខាងលើរបស់អាមេរិកគឺជាការឆ្លើយតបទៅនឹងការកាត់បន្ថយបុគ្គលិក មន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅរុស្ស៊ី រហូតដល់ទៅ៧៥៥នាក់ និងបិទទីតាំង អគារការបរទេសអាមេរិកចំនួន២នៅទី ក្រុងមូស្គូផងដែរ។

អាមេរិក និងរុស្ស៊ីតែងតែសងសឹកគ្នាទៅវិញទៅមក លើទំនាក់ទំនងការបរទេស ក្រោយពេលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានរឹបអូស អគារ ២ខ្នង របស់រុស្ស៊ីនៅអាមេរិក និងបណ្តេញមន្ត្រីការបរទេសរុស្ស៊ី៣៥រូបចេញពីទឹក ដីអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖