ព័ត៌មានទាន់ហេតុការណ៍៖

២ថ្ងៃសមត្ថកិច្ចឃាត់ព្រះសង្ឃនិងកូនសេក្ខ៤នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងរយៈពេល២ថ្ងៃសមត្ថកិច្ចនគរបាលស្រុករំដួលសហការជាមួយនគរបាលការិយាល័យប្រឆាំង គ្រឿងញៀនខេត្តស្វាយរៀង និងមន្ត្រី ធម្មការស្រុក បានឃាត់ខ្លួនជនសង្ស័យ និងព្រះសង្ឃជាបន្តបន្ទាប់ក្នុងករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។

តាមសមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២ និង៣០នាទី រសៀល កម្លាំងនគរបាលស្រុករំដួល សហការជាមួយកម្លាំងការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត ព្រមទាំងមន្ត្រីធម្មការ ខេត្តស្វាយរៀង ចុះបង្រ្កាបករណីប្រើ ប្រាស់ថ្នាំញៀននៅវត្តសង្កែ ស្ថិតក្នុង ភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយ រៀង ដោយឃាត់សង្ឃ២អង្គ និងកូនសេក្ខ(យុវជននៅរៀនសូត្រក្នុងវត្ត) ម្នាក់។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ យិន ម៉ារ៉ាឌី អាយុ២៥ឆ្នាំ (ជា សង្ឃ) ទី២.ឈ្មោះ លន់ រ៉ន អាយុ២៨ឆ្នាំ (ជាសង្ឃ) និងទី៣.ឈ្មោះ ទូច ដារ៉ូ អាយុ ១៧ឆ្នាំ (ជាកូនសេក្ខលោក) ពួកគេទាំង៣នាក់ស្នាក់នៅក្នុងវត្តសង្កែ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចជំនាញ បានយកជនសង្ស័យទាំង៣នាក់ខាងលើ ទៅធ្វើតេស្តទឹកនោម ជាលទ្ធផលគឺមានសារធាតុញៀនក្នុងខ្លួនទាំងអស់។

ប្រភពបន្តថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុច ភួមិអង្គពក ឃុំមឺុនជ័យ ស្រុករំដួល កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល ស្រុក បានឈានទៅឃាត់ខ្លួនជនសង្ស័យ ជួញដូរ និងប្រើប្រាស់ថ្នាំញៀនម្នាក់ទៀតឈ្មោះ សុខ ហម ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិអង្គពក ឃុំមឺុនជ័យ ស្រុក រំដួល។

បច្ចុប្បន្នជនសង្ស័យជាសង្ឃ ត្រូវបាន គណៈកម្មការវត្ត និងមន្ត្រីធម្មការខេត្តធ្វើការចាប់ផ្សឹកប្រគល់ឲ្យសមត្ថកិច្ចនគរ បាលចាត់ការបន្តតាមច្បាប់៕ យឹម សុថាន

 


ចែករំលែក៖