ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ស្នើឲ្យក្រុមអ្នកបើកបររថយន្តក្រុង និង រថយន្តដឹកធុនធ្ងន់នៅរាជធានីភ្នំពេញគោរពក្រមសីលធម៌ វិជ្ជាជីវៈ ចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ កញ្ញាឆ្នាំ២០១៦ បានសំណេះ សំណាលជាមួយ ក្រុមអ្នកបើកបររថយន្តក្រុងនិងរថយន្តដឹកធុនធ្ងន់នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងលើសេវាដឹកជញ្ជូនរថយន្តក្រុង និងដើម្បីឲ្យអ្នកបើកបររថយន្តដឹកធុនធ្ងន់ៗនៅរាជធានីភ្នំពេញ គោរពច្បាប់និងការណែនាំពីអាជ្ញាធររាជធានី ជាពិសេសត្រូវគោរព ក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកបើកបរ ។ ពិធីសំណេះសំណាលនេះបានធ្វើឡើង នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីក្រោមឱវាទ ២៧២នាក់ និងបងប្អូនអ្នកបើក បររថយន្តក្រុងនិងរថយន្តដឹកធុនធ្ងន់នៅរាជធានីភ្នំពេញជាច្រើននាក់រូចរួមផងដែរ ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញបាននិង កំពុងរកចំណតរថយន្តក្រុងដឹកអ្នដំណើរ ខណៈរថយន្តក្រុងគ្រោងបន្ថែមខ្សែរត់រហូត៨ខ្សែនិងមានចំនួនរថយន្តចំនួន១៥៨គ្រឿង ស្របពេលដែរ នៅភ្នំពេញមានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរឯកជនមានចំនួន៧២ក្រុមហ៊ុន ។

លោក ឃួង ស្រេង ក្នុងឱកាសនៃពិធីសំណេះ សំណាល នេះក៏បានជំរុញ ឲ្យបងប្អូនអ្នកបើកបរ រថយន្តក្រុងទាំងអស់គោរព ក្រមសីលធម៌វិជ្ជាជីវជាអ្នកបើកបរ ដោយអ្នកដំណើរច្រើនណាស់ដែលគេផ្ញើរ អាយុជីវិតជាមួយយើង។ លោកបន្តថា៖ ថ្មីៗនេះលោកទទួល បានព័ត៌មានថា អ្នកបើកបរក្រឡុកស៊ីម៉ង់ត៌ខ្លះ គឺមិនទទួល ប្រាក់ខែទេ តែពួកគាត់ទទួលប្រាក់មួយជើង ពោកគឺបើកបរមួយជើងទទួលបាន ១៥០០០រៀលពេលថ្ងៃ ២០០០០រៀល មួយជើងនៅពេលយប់ ដែលធ្វើឲ្យអ្នកបើកបររថយន្តទាំងនេះបើកលឿនៗ បង្កឲ្យមានគ្រោះថ្នាក់ចរាចរញឹកញាប់ ។

ដូច្នេះទេ លោកស្នើឲ្យខាងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវកោះហៅម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនរថយន្តធុនធំនេះមកប្រជុំនិងណែនាំឲ្យពួកគេគោរព ច្បាប់និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងពិធីនេះបងប្អូនអ្នកបើកបររថយន្តក្រុងនិងរថយន្តដឹកធុនធ្ងន់ក៏ទទួលបានសៀវភៅច្បាប់ចរាចរណ៏ ផ្លូវគោកម្នាក់មួយច្បាប់ រួមនិងខិតប័ណ្ណស្តីពី សុវត្ថិភាពផ្លូវគោកផងដែរ ដោយចែកចេញ ជាច្រើន ប្រការដែលអ្នកបើកបរត្រូវចងចាំ ក្នុងនោះរួមមាន៖ ក ៦ប្រការត្រូវ ទី១ ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត ដែលអ្នកកំពុងបើកបរ ។ទី២ ត្រូវចេះបើកបរដោយចេះការពារខ្លួន។ទី៣ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នៅពេលបើកបរ។ ទី៤ ត្រូវពាក់មួកសុវត្ថិភាពពេលបើកបរនិងរួមដំណើរតាមម៉ូតូ ។ទី៥ ត្រូវចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ ។ទី៦ ត្រូវចាំជានិច្ចថា (ជីវិតគ្មានដាក់ លក់ដូរនៅទីផ្សារទេ)។ ខ ប្រការ៦ ៖ ទី១~កុំផ្ទុកមនុស្ស ឬទំនិញលើសចំណុចកំណត់, ទី២~កុំបើកបរហួសល្បឿនកំណត់, ទី៣~កុំបើកបរក្រោមឥទ្ឋិពលនៃគ្រឿងស្រវឹង និងសារធាតុញៀន, ទី៤~កុំជែងដោយប្រចុយនឹងគ្រោះថ្នាក់, ទី៥~កុំប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរ និងទី៦~កុំប្រមាថអាយុជីវិតអ្នកដទៃ ដូចដែលយើងមិនចង់ឲ្យអ្នកដទៃប្រមាថអាយុជីវិតយើងដែរ ៕ សំរិត


ចែករំលែក៖