ព័ត៌មានទាន់ហេតុការណ៍៖

គយខេត្តតាកែវ៖ ទោះបីជាមិននៅធ្វើការ ក៏គ្មាននរណាហ៊ានបើករថយន្តហួសនោះដែរ

ចែករំលែក៖

ខេត្តតាកែវ៖ រថយន្តតូច ធំ ដឹកទំនិញគគ្រឹកគគ្រេងគ្រប់ប្រភេទ ទាំងទៅប្រទេសវៀតណាម និងត្រឡប់ពីវៀតណាមមកវិញ ត្រូវឆ្លងកាត់ផ្លូវជាតិលេខ២ ដាច់ខាតត្រូវតែបង់ប្រាក់ឲ្យមន្ត្រីគយដែលឈរជើងនៅជាយក្រុងតាកែវ ដោយមិនអាចលើកលែង ទោះបីជាទំនិញនោះ បង់ពន្ធ ឬក៏គេចពន្ធក៏ដោយ។ មិនមែនមានទីកន្លែងសម្រាប់ឲ្យអ្នកដឹក ទំនិញបង់ពន្ធតែមួយប៉ុណ្ណោះទេ ប៉ុន្តែគេបានបោះទីតាំងពីរកន្លែងលើផ្លូវជាតិលេខ២តែមួយ។

មន្ត្រីគយចល័តក្រោមអំណាចគ្រប់គ្រងរបស់លោក លាង ម៉ុង បានបោះទីតាំងរបៀបជាកុងត្រូលជជុះមួយកន្លែងស្ថិតនៅក្នុងឃុំគិរីចុងកោះ ដែលស្ថិតនៅជិតទីរួមស្រុកគិរីវង់ និងមួយកន្លែងទៀតស្ថិតនៅក្នុងឃុំរកាក្នុង ក្រុងដូនកែវ។ ទីតាំងទាំងពីរកន្លែងនេះ ប្រៀបដូចជាហិបមួយដែលអ្នករកស៊ីដឹកទំនិញត្រូវយកប្រាក់ទៅទម្លាក់ចូលក្នុងហិបនោះ ដោយខានមិនបាន។ ប្រសិនបើអ្នករកស៊ីដឹកទំនិញហ៊ានល្មើស ប្រឈមនឹងការចាប់បង់ផាកពិន័យដែលជាហេតុបង្កឲ្យមានការលំបាកសម្រាប់ការរកស៊ីទៅថ្ងៃមុខ។

នៅលើកំណាត់ផ្លូវជាតិលេខ២ ជាយខាងលិចក្រុងដូនកែវ មានផ្ទះតៀមមួយខ្នងហាក់ដូចជាត្រូវបានគេបោះបង់ចោល ដែលទីនេះជាហិបប្រាក់របស់ក្រុមមន្ត្រីគយនៅខេត្តតាកែវមួយកន្លែង។ អ្នកផងដែលមិនមែនជាឈ្មួញរកស៊ីដឹកទំនិញ ប្រទះឃើញផ្ទះតៀមនេះ នឹកស្មានថាជាផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែតាមការពិតវាជាស្នាក់ការរបស់មន្ត្រីគយ សម្រាប់ឲ្យអ្នកជំនួញដឹកទំនិញតាមរថយន្តចូលបង់ប្រាក់។ វាជាខ្ទមរខេករខាកពិតមែន ប៉ុន្តែអ្នកដឹកទំនិញគ្រប់ប្រភេទត្រូវតែគោរព និងបង់លុយឲ្យម្ចាស់ផ្ទះតៀមនេះមិនអាចខកខានបានមួយវេលាណាឡើយ។

បណ្តាជនអ្នកដឹកទំនិញ ឆ្លងកាត់ទាំងទៅ ទាំងមក ទោះស្របច្បាប់ ឬមិនស្របច្បាប់ត្រូវតែដើរចូលទៅក្នុងខ្ទមរខេករខាកនោះដើម្បីបង់ប្រាក់ឲ្យមន្ត្រីគយ ដែលប្រចាំការនៅក្នុងខ្ទមនោះ។ បើមិនបង់ប្រាក់ទេ កិច្ចការរកស៊ីជំនួញរបស់ខ្លួនត្រូវប្រឈមនឹងការចាប់ទុក ឬបំផ្លាញទំនិញចោល ទោះក្នុងតម្លៃណាក៏ដោយ។ ដូច្នេះអ្នកដឹកទំនិញចេញទៅប្រទេសវៀតណាម ក៏ដូចជាអ្នកដឹកទំនិញត្រឡប់ពីប្រទេសវៀតណាមតាមច្រកភ្នំដិន ចាំបាច់ត្រូវតែបង់ប្រាក់ឲ្យអ្នកប្រចាំការក្នុងផ្ទះតៀមនោះ។

អ្នកបើករថយន្តដឹកទំនិញ រួមទាំងប្រេងសាំងផង បានឈប់ជាបន្តបន្ទាប់គ្នា រួចបានដើរចូលទៅក្នុងផ្ទះតៀម ដែលមានដំបូលប្រក់សង្កសី រួមជាមួយជញ្ជាំងដែលមានបាំងសង្កសីចាស់ៗ ដើម្បីបង់លុយឲ្យមន្ត្រីគយដែលប្រចាំការនៅទីនោះ។ ជនដែលជាមន្ត្រីគយនៅក្នុងផ្ទះតៀមនោះ មិនបានស្លៀកពាក់ឯកសណ្ឋានឡើយ។ គេឃើញបុរសម្នាក់ស្លៀកពាក់ស៊ីវិល មានក្រសែមុតចំពោះរថយន្តដឹកទំនិញឈរចាំមើល ក្រែងមានរថយន្តណាមួយបើកហួសតៀមរបស់ខ្លួន។ ប្រសិនបើមានអ្នករកស៊ីល្មើស ឬមិនព្រមចូលបង់ប្រាក់ មន្ត្រីគយដែលប្រចាំការនៅក្នុងផ្ទះតៀមនេះ នឹងទាក់ទងទៅថ្នាក់លើដើម្បីឲ្យតាមចាប់ ឬក៏ចាត់វិធានការលើកក្រោយ។

អ្នកនៅក្បែរខាងផ្ទះតៀមនេះអះអាងថា ជួនកាលមានមន្ត្រីគយពិតប្រាកដចុះមកប្រចាំការ ប៉ុន្តែពេលខ្លះជាភ្នាក់ងារ របស់មន្ត្រីគយសម្រាប់ប្រចាំការនៅទីនេះ។ និយាយរួមទៅ បើទោះជានៅក្នុងផ្ទះតៀមនោះគ្មានមនុស្សប្រចាំការ ក៏អ្នកបើករថយន្តមិនហ៊ានហួសរំលងនោះដែរ។

អ្នកបើករថយន្តទេសចរណ៍១២កៅអីម្នាក់ ថ្មីៗនេះបានឈប់រថយន្តរបស់ខ្លួនរួចចុះដើរឆ្លងផ្លូវសំដៅទៅផ្ទះតៀមមួយនោះយកលុយជូនមន្ត្រី ដែលនៅប្រចាំការក្នុងផ្ទះតៀមនេះ។ គេឃើញបុរសម្នាក់ដុះក្បាលពោះ មាឌធំបន្តិច ពាក់អាវយឺតដើរមកជួបម្ចាស់រថយន្ត១២កៅអី ហើយទទួលយកប្រាក់ដោយមិននិយាយគ្នាវែងឆ្ងាយនោះឡើយ។ ម្ចាស់រថយន្តប្រភេទទេសចរណ៍នេះប្រាប់ថា គាត់បានបង់ប្រាក់ឲ្យម្ចាស់តៀម១ម៉ឺនរៀល ។ នៅក្នុងរថយន្ត១២កៅអីនេះមានផ្ទុកបន្លែផ្លែឈើ និងគ្រឿងទេសមួយចំនួនដែលនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំដិន។ គាត់បានប្រាប់អ្នកកាសែតថា បើដឹកទំនិញពេញរថយន្តត្រូវបង់ប្រាក់៣ទៅ៤ម៉ឺនរៀល។

នៅឯច្រកភ្នំដិន ចរាចរណ៍ទំនិញបានធ្វើឡើងក្នុងរូបភាពតូចតាច ហើយក៏មិនមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវនោះទេ។ បើទោះបីជាតួចតាច តិចតួច ប៉ុន្តែអ្នករកស៊ីទាំងឡាយនោះចាំបាច់ត្រូវតែបង់លុយឲ្យមន្ត្រីគយប្រចាំការនៅច្រកព្រំដែនដោយគ្មានការលើកលែង។

ក្រុមអាជីវករបាននិយាយថា ពួកមន្ត្រីគយចល័តក្រុមការដឹកនាំរបស់លោក លាង ម៉ុង មិនបណ្តោយឲ្យមានទម្លាប់អាក្រក់ក្នុងការដឹកជំនិញមិនបង់ប្រាក់នោះឡើយ។ គ្រប់ទំនិញដែលចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ២ត្រូវតែបង់លុយឲ្យមន្ត្រីគយ ដែលឈរជើងនៅជិតទីរួមខេត្តតាកែវ។ អ្នកដឹកទំនិញតិចតួចអន់បំផុត ក៏ត្រូវបង់ប្រាក់១ម៉ឺនរៀល រីឯអ្នកដឹកទំនិញច្រើន ត្រូវបង់ប្រាក់រហូតរាប់រយដុល្លារ។ គេនិយាយថា គ្មានអ្នករកស៊ីណា ដែលអាចគេចផុតពីកុងត្រូលចល័តរបស់មន្ត្រី គយនោះឡើយ។

អ្នកដែលមិនហ៊ានគេចវេះ ព្រោះតែវាជារបររកស៊ីរាល់ថ្ងៃ ដែលមិនអាចគេចបាន។ អ្នកអាចគេចបានលើកនេះ ប៉ុន្តែថ្ងៃស្អែក បើគយចាប់បាន នឹងត្រូវប្រឈមនឹងការចាប់យកទៅផាកពិន័យ ឬដុតចោល។ ម្ចាស់រថយន្តម្នាក់និយាយថា «បើទោះបីជាគយដេកលក់ ក៏ត្រូវទុកលុយក្បែរក្បាលគយដែរ។ បើមិនដូច្នោះទេ កុំសង្ឃឹមថា រួចខ្លួនឲ្យសោះ»។

រឿងរ៉ាវរបស់មន្ត្រីគយនៅខេត្តតាកែវបានកើតមានជាយូរណាស់មកហើយ ប៉ុន្តែគេមិនដែលឃើញថ្នាក់ដឹកនាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាត់វិធានការនោះឡើយ។ ទាំងនេះជាឱកាសដែលផ្តល់ឲ្យពួកមន្ត្រីគយកាន់តែបានចិត្តក្នុងការប្រព្រឹត្តអំពើពុករលួយ។ លោកលាង ម៉ុង មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ៕ ហេង សូរិយា


ចែករំលែក៖