ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនឹងប្រើប្រាស់បរមាណូដើម្បីការពារប្រទេស និងសម្ពន្ធមិត្តផុតពីការគំរាមរបស់កូរ៉េខាងជើង

ចែករំលែក៖

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាការពារសម្ព័ន្ធដោយប្រើគ្រប់មធ្យោបាយ។

តាមការប្រកាសរបស់សេតវិមាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងប្រើប្រាស់បរមាណូ ព្រមទាំង និងកិច្ចការបរទេសដើម្បីការពារសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទនោះមេដឹកនាំទាំង២ បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងបរមាណូរបស់កូរ៉េខាងជើង ដោយចាត់ទុកថា នោះជាសកម្មភាពបង្កឲ្យមានវិវាទកាន់តែខ្លាំងឡើង និងជាការឌឺដងជំរុញឲ្យមានសង្គ្រាមកើតឡើង។

ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកបានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ ពិភាក្សាទៅលើសកម្មភាពសាកល្បងគ្រាប់បែកបរមាណូ អុីដ្រូសែន របស់កូរ៉េខាងជើង។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានបញ្ជាក់ថា សមាជិកអង្គការសហប្រជាជាតិនៅតែរក្សាធ្វើឲ្យឧបទ្វីបកូរ៉េគ្មានបរមាណូ។

នៅពេលជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយ ដើម្បីស្វែងរកវិធីសាស្ត្រតបតនឹងការសាកល្បងបរមាណូលើកទី៦ របស់កូរ៉េខាងជើង។ នៅថ្ងៃទី៤ ខែកញ្ញា អង្គការសហប្រជាជាតិ ចាប់ផ្តើមកិច្ចប្រជុំតាមសំណើរបស់អាមេរិក ជប៉ុន អង់គ្លេស បារាំង និងកូរ៉េខាងត្បូង ជុំវិញការសាកល្បងបរមាណូរបស់កូរ៉េខាងជើង។ ការសាកល្បងគ្រាប់បែកដែលមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានពីមុនមក របស់កូរ៉េខាងជើង គឺជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការសាកល្បង ទាំងនោះដោយចាត់ទុកថា ជាសកម្មភាព បង្កឲ្យមានអសន្តិសុខនៅក្នុងតំបន់។ ទទឹមនឹងនោះ លោកក៏បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងបញ្ជប់សកម្មភាពទាំងនោះ។

បណ្តាញទូរទស្សជាតិកូរ៉េខាងជើង បានប្រកាសនៅថ្ងៃទី៣ ខែកញ្ញាថា បានសាកល្បងដោយជោគជ័យនៅបរមាណូហីត្រូស៊ែនដែលអាចបំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប។

សារព័ត៌មានកូរ៉េខាងជើងបានបញ្ជាក់ថា ការសាកល្បងដោយជោគជ័យនេះមានសារសំខាន់យ៉ាងខ្លាំងនៅក្នុងការ សម្រេចកម្មវិធី អាវុធបរមាណូរបស់កូរ៉េខាងជើង។ ការសាកល្បងនេះដើម្បីត្រួតពិនិត្យពីទំនុកចិត្ត និងកម្លាំងបំផ្លាញនៃបរមាណូ ហីត្រូស៊ែន។ កូរ៉េខាងជើងក៏បានប្រកាសថា បានផលិត គ្រាប់បែក ហីត្រូស៊ែន បានជាច្រើនគ្រាប់សម្រាប់បំពាកនៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប។

ក្រុមអ្នកឯកទេសរបស់ជប៉ុនបានឲ្យដឹងថាគ្រាប់បែកបរមាណូ ដែលកូរ៉េខាងជើង សាកល្បងជាលើកទី៦ ដោយមានកម្លាំង បំផ្លាញខ្លាំងជាងលើកទី៥ពី១០-២០ដង ជាក្តីបារម្ភយ៉ាងខ្លាំង ដល់សន្តិសុខ ស្ថិរភាពនៅក្នុងតំបន់។

ការសាកល្បងរបស់កូរ៉េខាងជើង បង្កឲ្យមានការរញ្ជួយដីកម្រិត៦,៣រិចទ័រ នៅកូរ៉េខាងជើងនាថ្ងៃទី៣ ខែកញ្ញា។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ថា ក្រោយទទួលបានរបាយការជាផ្លូវការបញ្ជាក់ថា ការរញ្ជួយដីនោះពិតជាការសាកល្បងបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ រដ្ឋាភិបាលជប៉ុនបានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងទាំងនោះ។ ក្រសួងការពារជាតិជប៉ុន ក៏បានបញ្ជូនយន្តហោះ ហិតក្លិនT-4 ទៅត្រួតពិនិត្យសារធាតុវិទ្យុសកម្មបរមាណូ។

ការសាកល្បងខាងលើកើតឡើងក្រោយប៉ុន្មានម៉ោង ដែលមេដឹកនាំ គីម ជុងអ៊ុន ប្រកាសថា ទទួលបានជោគជ័យក្នុងការផលិតគ្រាប់បេកបរមាណូ ហីត្រូសែន។ ហេតុការណ៍កើតឡើង ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបហោះកាត់(លើក្បាល) ប្រទេសជប៉ុន ធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។

កូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូលើកទី៥ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតំបន់ Punggye ri ។ ក្រុមចារកម្មកូរ៉េខាងត្បូង បានបញ្ជាក់កាលពីចុងខែសីហាថា ទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈ សាកល្បងបរមាណូជាថ្មីលើកទី៦ នៅទីតាំង Punggye ri ការសាកល្បង៥លើកកន្លងមករបស់កូរ៉េខាងជើង គឺនៅឆ្នាំ២០០៦, ២០០៩, ២០១៣ ហើយនៅឆ្នាំ២០១៦ បានសាកល្បង២លើក នៅខែមករា និងខែកញ្ញា ឆ្នាំ២០១៧៕ ម៉ែវ សាធី


ចែករំលែក៖