ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអីុរ៉ង់បណ្តេញយន្តហោះសើុបការណ៍សហរដ្ឋអាមេរិកចេញពីដែនអាកាសរបស់ខ្លួន

ចែករំលែក៖

មេបញ្ជាការកងទ័ពការពារដែនអាកាសអីុរ៉ង់ លោកឧត្តមសេនីយ៍ Farzad Esmaili បានឲ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងមក កម្លាំងការពារដែនអាកាសអីុរ៉ង់បាន បណ្តេញ យន្តហោះសើុបការណ៍អាមេរិក ពីរលើក គឺយន្តហោះ U-2 និងយន្តហោះ RQ-4 ចេញពីដែនអាកាសអីុរ៉ង់។

យន្តហោះរបស់អាមេរិក ក៏បានហោះចេញពីទីតាំងដែនអាកាសរបស់អីុរ៉ង់ ក្រោយពេលកម្លាំងទាហានការពារដែនអាកាស អីុរ៉ង់ព្រមាន។

លោកឧត្តមសេនីយ៍ Farzad Esmaili បានបញ្ជាក់ទៀតថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសអីុរ៉ង់ ចាប់បានយន្តហោះ អាមេរិក ហើយក៏បានព្រមានឲ្យចាកចេញជាបន្ទាន់ បើមិនដូច្នោះទេ អាចនឹងរងការ វាយប្រហារ ព្រោះចូលឈ្លានពានដែន អាកាសអីុរ៉ង់។

ក្រសួងការពារជាតិអាមេរិកតែងតែ ប្រតិកម្ម អំពីយន្តហោះអីុរ៉ង់ ក៏ដូចជានាវា បានទៅរំខាន អាមេរិក នៅលើដែនសមុទ្រនិងដែនអាកាសអន្តរជាតិ។

ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងទំនាក់ទំនងរវាងអាមេរិកនឹងអីុរ៉ង់ មិនសូវ ល្អឡើយ ដោយលោកត្រាំបានបង្កើនការ ដាក់ទណ្ឌកម្ម ទៅលើទីក្រុងតេអេរ៉ង់ ដែល បានសាកល្បងមីស៊ីល។

កន្លងមកប្រធានាធិបតីអីុរ៉ង់លោក Hassan Rouhani បានបញ្ជាក់ថា អីុរ៉ង់អាច លុបចោល កិច្ចព្រមព្រៀង បរមាណូ ជា មួយប្រទេស មហាអំណាចប្រសិនបើ អាមេរិក បន្តដាក់ ទណ្ឌកម្មថ្មីទៅលើ​ប្រទេសយើងទៀត។

លោករូហានី បានបញ្ជាក់នៅក្នុងកិច្ច ប្រជុំសភា ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អីុរ៉ង់ថា«ប្រសិនបើអាមេរិកនៅតែបន្តដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអីុរ៉ង់នោះ អីុរ៉ង់នឹងមានសកម្មភាពតបតវិញដោយសមស្របបំផុត»។

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានឲ្យដឹងថា ការដាក់ទណ្ឌកម្មទៅលើ ប្រទេស អីុរ៉ង់ មិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបរមាណូឡើយ ។ អីុរ៉ង់ត្រូវតែទទួលខុសត្រូវពីការបាញ់សាកល្បងមីស៊ីល គាំទ្រ ក្រុម ភេរវកម្ម មិនគោរពសិទ្ធិមនុស្ស បំពាន ច្បាប់អន្តរជាតិ។

លោកស្រី Haley បានប្រកាសកាល ថា«អីុរ៉ង់មិនត្រូវប្រើប្រាស់ កិច្ចព្រមព្រៀងបរមាណូដើម្បីយកពិភពលោកទាំងមូលធ្វើជាចំណាប់ខ្មាំងនោះឡើយ។ លោកស្រី Haley នឹងទៅកាន់ ទីក្រុង Vienna ប្រទេសអូទ្រីស នៅ សប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយ អង្គការ សិទ្ធិមនុស្ស អន្តរជាតិ និងត្រួត ពិនិត្យថាតើ អីុរ៉ង់ គោរពតាមកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ ២០១៥ដែរឬទេ?៕ ម៉ែវ សាធី


ចែករំលែក៖