ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ចោទប្រកាន់​ជនសង្ស័យ​សម្លាប់​កូនស្រី​​បង្កើត​អាយុ​ពីរ​ឆ្នាំ​និង​សម្លាប់​ឪពុក​ក្មេក​ ,​ ប្រឈម​ជាប់​ពន្ធនាគារ​មួយ​ជីវិត​

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​សម្លាប់​កូន​ស្រី​បង្កើត​អាយុ​ពីរ​ឆ្នាំ​ និង​សម្លាប់​ឪពុក​ក្មេក​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ត្រូវ​បាន​លោក​ ងិន​ ពេជ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ពី​បទ​”ឃាតកម្ម​គិត​ទុក​ជា​មុន​”តាម​មាត្រា​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។​

សមត្ថកិច្ច​ បន្ត​ថា​ បច្ចុប្បន្ន​ជនត្រូវចោទ​នឹង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ហើយ​នឹង​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ។

នគរបាល​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ អង សំណាង ហៅ​ខ្មៅ​ អាយុ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះទាំង​ពីរ​នាក់ ឈ្មោះ ពេជ ចរិយា ភេទស្រី អាយុ២ឆ្នាំ ជាកូនបង្កើតរបស់ជនសង្ស័យ និង​ឈ្មោះ ពេជ ជឿ អាយុ៥៧ឆ្នាំ ជាឪពុកក្មេកជនសង្ស័យ។

លោក​វរសេនីយ៍​ឯក អេង សោភា នាយ​ការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ថា​ កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យបានពឹង​ឱ្យ​ម្តាយក្មេកជួយកោសខ្យល់នៅលើគ្រែក្រោមផ្ទះ ស្រាប់តែពេលកំពុងតែកោសខ្យល់នោះ ជនសង្ស័យ​មានអារម្មណ៍ចង់រួម​ភេទ​ ហើយជនសង្ស័យ​បាន​យកដៃទៅស្ទាប​កំប៉េះគូទ​ម្តាយក្មេក ខណ:ពេលដែលកំពុងស្ទាបនោះ ម្តាយក្មេកក៏ភ្ញាក់ ហើយស្រែកឆោឡោ​ឡើង​ ។

ពេលនោះ ជនសង្ស័យបានយកដៃទៅច្របាច់ករបស់ម្តាយក្មេក នៅពេលដែលកំពុងតែច្របាច់ក ស្រាប់តែមានអ្នកជិតខាងដើរចូលមកដល់ រួចក៏​បែកការណ៍​ដឹងដល់ប្រពន្ធជនសង្ស័យ។

លុះព្រឹកឡើងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ជនសង្ស័យ បាននាំគ្នាទៅសាលាឃុំរមាំងថ្កើល ដើម្បីប្តឹងសុំលែងលះគ្នា ខណ:ពេលនោះ ជនសង្ស័យ​មិនចង់លែងលះទេ ដោយគ្មាន​ជម្រើស​ទើប​ជនសង្ស័យ​យល់ព្រមផ្តិតមេដៃលែងលះគ្នា ដោយជនសង្ស័យបានទាមទារយកកូនស្រីមកចិញ្ចឹម ហើយប្រពន្ធបាន​យល់ព្រម។

ក្រោយ​មក​ ជនសង្ស័យបាននាំកូនស្រីមកស្នាក់នៅជាមួយឪពុកម្តាយបង្កើតនៅបន្ទប់ជួលលេខ១០៨ ផ្លូវបេតុង ក្រុម២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក អេង សោភា បន្តថា នៅថ្ងៃទី០១​ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យ​បានធ្វើដំណើរទៅបេនឡាន​ឈ្នួល​ ក្នុងគោលបំណងជិះរថយន្តទៅខេត្តស្វាយរៀង ដើម្បីសុំប្រពន្ធរួមរស់នៅជាមួយគ្នាវិញ ខណ:ពេលដែលសុំប្រពន្ធនោះ ស្រាប់តែម្តាយក្មេក និងបងប្អូនខាងប្រពន្ធមិនយល់ព្រម ហើយបានដេញជនសង្ស័យ​ឱ្យ​ចេញ និងឈប់មកជាន់ផ្ទះរបស់គាត់ទៀត។ ភ្លាមៗនោះ ជនសង្ស័យបានធ្វើដំណើរពីខេត្តស្វាយរៀងត្រឡប់មកភ្នំពេញវិញ។

លុះដល់ព្រឹកថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបាន​រៀបចំគម្រោងសម្លាប់កូនស្រីបង្កើតរបស់ខ្លួន ដោយពេលកំពុងតែរៀបគម្រោងនោះ ស្រប​ពេល​ឪពុកម្តាយបង្កើតរបស់ជនសង្ស័យមិននៅផ្ទះ ហើយមានឱកាសល្អទៀតនោះ ជនសង្ស័យបានយកខ្សែភ្លើងចងជារង្វង់ ដើម្បីទាក់ក​កូនស្រីរបស់ខ្លួន​ដែល​កំពុង​អង្គុយមើលទូរទស្សន៍ ។ ជនសង្ស័យយកខ្សែភ្លើងទៅទាក់កកូនស្រីរបស់ខ្លួន ហើយទាញកន្ត្រាក់មួយទំហឹងចងភ្ជាប់នឹង​ចម្រឹងបង្អួចបណ្តាល​ឱ្យ​កូនស្រីខ្លួនដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពីជនសង្ស័យធ្វើសកម្មភាពសម្លាប់កូនស្រីរបស់ខ្លួនរួចមក ជនសង្ស័យ​បានស្រាយយកខ្សែភ្លើងនោះមកចងកសម្លាប់ខ្លួនឯង តែដោយសារតែតឹងកខ្លាំងពេក ទើប​ជនសង្ស័យ​ រើ​បម្រាស់​បណ្តាល​ឱ្យ​ដាច់ខ្សែធ្លាក់មកដី ហើយ​ជនសង្ស័យ​លែងមានចិត្តចង់សម្លាប់ខ្លួនទៀត ក៏នឹកចង់សងសឹកគ្រួសារម្តាយក្មេកវិញ។

ជនសង្ស័យបានធ្វើដំណើរជិះរថយន្ត​ឈ្នួល​ទៅកាន់ខេត្តស្វាយរៀង ។​ ជនសង្ស័យបានទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយ​បានដើរឡើងទៅបន្ទប់ដែលឪពុកក្មេក​កំពុងតែសម្រាកព្យាបាល។ ពេល​ទៅ​ដល់​ ជនសង្ស័យ​ បាននិយាយប្រាប់រឿងដែលខ្លួន​និងម្តាយក្មេកឈ្លោះ​គ្នា​ឱ្យ​ឪពុកក្មេកបានដឹង ហើយ​ជនសង្ស័យ​បាន​និយាយប្រាប់ទៀតថា ជនសង្ស័យ​មកទីនេះ គឺចង់សម្លាប់ម្តាយក្មេក ។​ ភ្លាមៗនោះ ឪពុកក្មេក​ បាន​ហាមមិន​ឱ្យ​និយាយបន្តទេ កុំ​ឱ្យ​ខ្មាស់គេ និងបាន​ឱ្យ​ជនសង្ស័យ​ជួយជូនគាត់ទៅបន្ទប់ទឹកបត់ជើង ។​ ពេលនោះ​ ជនសង្ស័យ​បានគិតក្នុងចិត្តថា បើមិនបានសម្លាប់ម្តាយក្មេក ចឹងមានតែសម្លាប់ឪពុកក្មេកចោល ដើម្បី​ឱ្យ​គាត់ព្រាត់ប្រាស់គ្នាវិញម្តង ដោយពេលនោះ ឃើញមានឱកាសល្អ ជនសង្ស័យ​បានធ្វើ​ច្របាច់កឪពុកក្មេក រួចចាប់ជ្រមុជក្បាលចូលទៅក្នុងទឹក រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យ​បានដើរចេញពីមន្ទីរពេទ្យបង្អែក ក្នុងគោលបំណងជិះរថយន្ត​ឈ្នួល​ត្រឡប់ទៅភ្នំពេញវិញ។ ជនសង្ស័យ​ បានបន្តដំណើរដោយជិះរថយន្ត​ឈ្នួល​ពីភ្នំពេញទៅស្រុកកំណើត​ ខណ:ពេលធ្វើដំណើរមកដល់ចម្ងាយប្រហែល៧គីឡូម៉ែត្រពីភូមិកំណើត ជនសង្ស័យ​បានចុះពីលើរថយន្ត​ឈ្នួល​ រួច​បានដើរទៅដេកនៅក្នុងព្រៃ។

លុះដល់ព្រឹកថ្ងៃទី០៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ជនសង្ស័យដើរចេញពីព្រៃ ក្នុងគោលបំណងទៅផ្ទះពូរបស់ខ្លួនឈ្មោះ ចក់ នៅក្នុងភូមិដើម្បីហូបបាយ ។​ ភ្លាមៗនោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង។

ជនសង្ស័យ​សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់កូនស្រីបង្កើត និងឪពុកក្មេករបស់ខ្លួនពិតប្រាកដមែន៕ ចេស្តា

ចែករំលែក៖