ភ្នំពេញ៖ ក្រុមធានក្រុមនារី ផ្នែកកីឡាសូហ្វតឺន្នីសកម្ពុជាកីឡាករ រិន សុធារី ទើបឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍ 2017 Korea Cup International Soft Tennis Tournament កម្រិតទី២ នាពេលកន្លងមកថ្មីៗ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមរបស់ខ្លះនូវមានចំណុចត្រូវកែលម្អ ព្រោះខ្វះបទពិសោធបច្ចេកទេសលេងលើទីលានដីផ្ទាល់តែម្តង ។ កីឡាការិនីរូបនេះ បាននិយាយបែបនេះ ក្នុងកម្មវិធីជបលៀង អប់អរសាទរ ជ័យជម្នះ ដែលក្រុមកីឡាការិនី កីឡាសូហ្វតឺន្នីសកម្ពុជា ដណ្តើមបានមេដាយប្រាក់ពីសាធារណរដ្ឋកូរ៉េ ដែលរៀបចំដោយ សមាគមកីឡាក្រសួងមហាផ្ទៃ ។
ក្រុម កីឡាសូហ្វតឺន្នីសផ្នែកនារីរបស់កម្ពុជាដែលមានប្រធានក្រុមកីឡាការិនី រិន សុធារីបានឲ្យដឹងថា តាមពិតព្រឹត្តិការណ៍ខាងលើក្រុមរបស់ខ្លួនបានហ្វឹកហាត់ត្រៀមតែលើកម្រាលព្រំ និងទីលានចាក់ប៉េតុងធម្មតា មិនបានគិតដល់ការលេងលើទីលានដីផ្ទាល់ឡើយ។ ទោះបានមេដាយប្រាក់មែនតែក្រុមរបស់ខ្លួន មើលឃើញថា នៅខ្វះមានបទពិសោធស្ទើបន្តិច ចំពោះការរត់លើទីលានប្រភេទនេះគឺធ្វើឲ្យកីឡាករ-កីឡាការិនីកម្ពុជាមានអ្នកខ្លះដួលពេលកំពុងប្រកួតក៏មានដែរ នេះជាបញ្ហាដែលកីឡាករកីឡាការិនី សូហ្វតឺន្នីសកម្ពុជាទាំងអស់ ត្រូវព្យាយាមហ្វឹកហាត់បន្ថែម និងស្វែងយល់គ្រប់ប្រភេទទីលាន មុនចេញទៅប្រកួត ។
ប្រធានក្រុមរូបនេះបានប្តេជ្ញាថា ដើម្បីការអភិវឌ្ឍខ្លួនក្រុមកីឡា សូហ្វតឺន្នីស នឹងប្រឹងប្រែងហ្វឹកហាត់ឲ្យបានគ្រប់ស្ថានភាពទីលានដែលមាន ពិសេសគឺទីលានដីផ្ទាល់ សម្រាប់បំពេញចំណុចខ្វះខាតបន្ថែម។ ក្រុមសូហ្វតឺន្នីសកម្ពុជាជឿថា ប្រភេទកីឡានេះកម្ពុជា នឹងខ្លាំងខ្លាជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការប្រឹងប្រែងហ្វឹកហាត់របស់ពួកយើងខ្ញុំ។សូមជម្រាបថា នាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះក្រុមកីឡា សូហ្វតឺន្នីសកម្ពុជា នឹងចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ សូហ្វតេន្នីសកម្រិតសិស្ស-និស្សិតនៅប្រទេសហ្វីលីពីន៕ សារីម