ភ្នំពេញ៖ កីឡាករ-កីឡាការិនីជិត៤០០នាក់ មកពីក្លិប សមាគមកីឡាប៉េតង់ចំនួន ៣៦ ទូទាំងប្រទេស បានបញ្ជូនអត្តពលិក របស់ខ្លួនមកចូលរួមប្រកួត ដណ្តើមពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាប៉េតង់លើកទី១៧ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
លោក អ៊ឹង គឹមស្រ៊ុនអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង លើកទី១៧នេះ គឺជាឱសសំឡឹងមើលកីឡាករវ័យក្មេងដែលមានសមត្ថភាព និងទេពកោសល្យក្នុងក្លិបទាំង៣៦ដើម្បីកត់ត្រាទុកក្នុងបញ្ជីឈ្មោះត្រៀមចូលក្រុមជម្រើសជាតិយុវជនថ្នាល។
លោកបានអះអាងថា យុវជនដែលបានកត់ត្រាទាំងនេះអាចទទួលបានឱកាសប្រមូលផ្តុំក្នុងក្រុមយុវជនថ្នាល ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកអគ្គលេខាធិការរូបនេះ បានបន្ថែមថាបើតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺតម្រូវឲ្យមានកីឡាករមានសមត្ថភាពយ៉ាងហោច ចំនួន១ពាន់នាក់ទៅ២ពាន់នាក់ដែរ ។ ការតម្រូវបែបនេះដើម្បីបង្កភាពងាយស្រួលដល់ការស្វែងរកកីឡាករល្អបំផុតដាក់ឲ្យប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់លើកដំបូងក្នុងប្រទេសកម្ពុជា និងលើកទី៣២សម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១៧នេះ មានសមាគម-ក្លិបចំនួន៣៦ចូលរួមប្រកួតក្នុងនោះមានកីឡាករ-កីឡាការិនីសរុប ៣៩០នាក់មាន វិញ្ញាសាចំនួន៦គឺវិញ្ញាសា ៣នាក់ទល់៣នាក់បុរសចំនួន៤៣ក្រុម ។វិញ្ញាសា៣នាក់ទល់ ៣ នាក់វ័យចាស់ចំនួន១៦ក្រុម ។ វិញ្ញាសា៣នាក់ទល់៣នាក់នារីចំនួន១១ក្រុម ។ វិញ្ញាសា៣នាក់ទល់៣នាក់ចម្រុះ ចំនួន១១ក្រុម។ វិញ្ញាសាម្នាក់ទល់ម្នាក់យុវជនចំនួន២៧ក្រុម និង វិញ្ញាសា ម្នាក់ទល់ម្នាក់យុវនារី១១ក្រុម ។ តាមការគ្រោងទុកការប្រកួតនឹងបញ្ចប់នៅថ្ងៃទី១១ខែកញ្ញា ក្រោមអធិបតីភាព សម្ដេចក្រឡាហោមស ខេង៕ សារីម