ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរគ្មានកន្លែងស្នាក់នៅដោយសារចិនជួលផ្ទះសំណាក់បើកកាស៊ីណូអស់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មន្ត្រីសាលាខេត្ត ព្រះសីហនុបានបញ្ជាក់ថា ក្នុងរយៈពេល បច្ចុប្បន្ននេះ សណ្ឋាគារក៏ដូចផ្ទះសំណាក់ នៅលើទឹកដីខេត្តព្រះសីហនុ មួយចំនួនធំ ត្រូវបានជួលឲ្យក្រុមហ៊ុនចិនបើកកាស៊ីណូអស់ហើយ ។ ដូច្នេះគេព្រួយបារម្ភថា នៅក្នុង រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរដែល មកកម្សាន្តនៅខេត្តព្រះសីហនុ អាចប្រឈម នឹងបញ្ហាអត់កន្លែងស្នាក់នៅ។

មន្ត្រីដដែលបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ វត្តមានក្រុម ហ៊ុនរកស៊ីបម្រើវិស័យកាស៊ីណូរបស់ជន ជាតិចិន មានការកើនឡើងឥតឈប់ឈរគួរ ឲ្យកត់សម្គាល់ ដោយក្រុមហ៊ុនជនជាតិចិន ទាំងនោះបានមកជួលសណ្ឋាគារធំៗ ឬ ផ្ទះសំណាក់ល្អៗ និងខ្លះទិញយកតែម្តង ដើម្បីបើកអាជីវកម្ម។ បច្ចុប្បន្ននៅលើទឹកដីខេត្តព្រះសីហនុ មានកាស៊ីណូចិន ធនាគារ ចិន ភោជនីយដ្ឋានចិន ហាងម៉ាស្សាចិន ផ្សារទំនើបចិន រួមនឹងទីផ្សារលក់បន្លែផ្លែឈើជារបស់ជនជាតិចិន គឺសុទ្ធតែត្រូវបានគ្រប់គ្រងដោយជនជាតិចិនស្ទើរទាំងអស់ ។

បើតាមតួលេខរបស់មន្ទីរទេសចរណ៍ បច្ចុប្បន្នខេត្តព្រះសីហនុមាន សណ្ឋាគារ​ចំនួន៧២ ស្មើនឹង៣៣៤០បន្ទប់ ផ្ទះសំណាក់ ៣២០ ស្មើនឹង៤១៣៨បន្ទប់ ភោជនីយ ដ្ឋាន២៣៨ កន្លែង នឹងមានក្រុមហ៊ុនទូក ទេសចរណ៏ចំនួន៣៩ក្រុមហ៊ុន។

តែយ៉ាងណាក៏ដោយ ចំពោះវត្តមាន ជនជាតិចិនដ៏ច្រើនសន្ធឹកសន្ធាប់នៅលើទឹកដីខេត្តព្រះសីហនុនេះ កន្លងមក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងនៅក្នុងវេទិកាសាធារណៈថា លោកគាំទ្រចំពោះក្រុមចិនដែលមកវិនិយោគ តែលោកមិនគាំទ្រចិនដែលមកបង្កសកម្មភាពចលាចលនៅក្នុងខេត្តព្រះសីហនុ នោះឡើយ ៕ សហការី


ចែករំលែក៖