លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិអាមេរិកចំនួន៧១នាក់ដែលជាសមាជិកថ្មីនៃក្រុមទី១១នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជានៅក្នុងពិធីពិសេសមួយនៅសណ្ឋាគារHimawariក្នុងរាជធានីភ្នំពេញនៅថ្ងៃសុក្រទី១៥ខែកញ្ញា ឆ្នាំ ២០១៧វេលាម៉ោង៩:០០ព្រឹក។ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ប្រព្រឹត្តទៅចំពេលជាមួយនឹងការប្រារព្ធខួបលើកទី១១នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។អ្នកស្ម័គ្រចិត្តចំនួន២នាក់នៃទីភ្នាក់ងារ Peace Corps នឹងចាំឆ្លើយសំណួររបស់អ្នកសារព័ត៌មាននៅក្រោយពិធីស្បថ។
បន្ទាប់ពីរយៈពេល ២ ខែនៃការរៀនភាសា ការរៀនសូត្រពីបច្ចេកទេស និងវប្បធម៌ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅតាមភូមិនិងសហគមន៍ជនបទ ដោយគេធ្វើការនៅទីនោះរយៈពេល ២ ឆ្នាំ។ ការរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះជួយអោយអ្នកស្ម័គ្រចិត្តសំរបខ្លួនទៅក្នុងសហគមន៍ រៀនពីវប្បធម៌ ប្រពៃណីរបស់អ្នកស្រុក និងរៀននិយាយភាសា ខ្មែរ។
គិតតាំងពីឆ្នាំ ២០០៦ មក មានអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ចំនួនជាង ៥០០ នាក់ហើយដែលបានមកធ្វើការនៅប្រទេសកម្ពុជា ដោយពួកគេបានបង្រៀនភាសាអង់គ្លេស និងបណ្តុះបណ្តាលគ្រូ និងធ្វើការអប់រំសុខភាពតាមសហគមន៍។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ១៩៦១ដើម្បីជំរុញសន្តិភាពនិងមិត្តភាពក្នុងពិភពលោក។គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុសស្រីនៅក្នុងប្រទេសដែលមានការពាក់ព័ន្ធនិងលើកកំពស់ការយល់គ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសដទៃ។
អ្នកសារព័ត៌មានអាចចូលរួមយកព័ត៌មាននៅក្នុងពិធីស្បថនេះ។ ពួកគេគួរទៅដល់ត្រឹមម៉ោង ៨:៣០ ព្រឹក៕