ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានបញ្ជាក់ថា Asian Indoor and Martial Arts Games ប្រចាំឆ្នាំ២០១៧ដែលរៀបចំចន្លោះពីថ្ងៃទី១៧ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំនេះនៅទីក្រុងអាសហ្គាបាតប្រទេសទួរមេនីស្ថាននោះមិនមែនជាគោលដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ស្វែងរកកិត្យានុភាពនោះឡើយគឺគ្រាន់តែជាការចូលរួមដើម្បីបំពេញកាតព្វកិច្ចប៉ុណ្ណោះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ការបញ្ជូនកីឡាករកីឡាការិនីរាំអន្តរជាតិទៅចូលរួមកីឡាក្នុងសាល និង យុទ្ធសិល្ប៍ចម្រុះលើកទី៥នៅប្រទេសទួរមេនីស្ថាន គឺគ្រាន់តែដើម្បីបំពេញកាតព្វកិច្ចជាសមាជិករបស់ក្រុមប្រឹក្សាគណៈកម្មាធិការអាស៊ីមួយប៉ុណ្ណោះមិនមែនជាការប្រកួតអន្តរជាតិដែលជាគោលដៅរបស់ NOCC ដោយផ្តោតសំខាន់នោះឡើយ ។
លោកអគ្គលេខាធិការបានបញ្ជាក់បែបនេះ ដើម្បីឆ្លើយតបនឹងការរិះគន់មួយចំនួន ដែលបានយល់ច្រឡំអំពីកាតព្វកិច្ចចាំបាច់និងកាតព្វកិច្ចមិនចាំបាច់របស់ NOCC ធ្វើឲ្យមហាជនខ្លះភាន់ច្រឡំក្រោយក្រសួង អប់រំ និង NOCC បានដកប្រភេទកីឡាខ្លះ ចេញពីគម្រោង ដោយបញ្ជូនតែកីឡា១ ប្រភេទប៉ុណ្ណោះគឺកីឡារាំមានកីឡាករម្នាក់ និងកីឡាការិនីម្នាក់និងប្រតិភូម្នាក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្ថែមថាដោយសារតែកញ្ចប់ថវិកាយើងមានកំណត់ ដូច្នេះក្រសួង អប់រំ យុវជន និងកីឡា និង NOCC បាន សម្រេចដកកីឡាតេក្វាន់ដូនិងកីឡាចំបាប់ចេញទុកតែកីឡារាំអន្តរជាតិឲ្យចូលរួម ប្រកួតកីឡាក្នុងសាលនិងយុទ្ធសិល្ប៍ចម្រុះលើកទី៥នៅទីក្រុងអាសហ្គាបាតប្រទេសទួរមេនីស្ថាន ។
សូមជម្រាបថាការប្រកួតព្រឹត្តិការណ៍ កីឡា Asian Indoor and Martial Arts Games ប្រចាំឆ្នាំ២០១៧ដែលរៀបចំ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុមអាសហ្គាបាតប្រទេសទួរមេនីស្ថាននោះកម្ពុជាបញ្ជូនកីឡាការិនី១នាក់ និងកីឡាករ១នាក់លើប្រភេទកីឡារាំអន្តរជាតិឲ្យចូលរួម។ ក្រៅពីការប្រកួតលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ព្រមទាំងថ្នាក់ដឹកនាំក៏ចូលរួមកិច្ចប្រជុំរបស់ក្រុម ប្រឹក្សាអូឡាំពិកអន្តរជាតិដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងារតែប៉ុណ្ណោះ៕ សារីម