ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅសាលារៀនអាមេរិកស្លាប់និងរបួស៤នាក់

ចែករំលែក៖

នៅថ្ងៃទី១៤ ខែកញ្ញា សិស្សម្នាក់ត្រូវគេបាញ់សម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ក្រោយខ្មាន់កាំភ្លើងដែលជាយុវជន បាញ់ប្រហារនៅសាលារៀន Freeman ក្នុងតំបន់ Rockford ទីក្រុងវ៉ាស៊ីនតោន អាមេរិក ។

ខ្មាន់កាំភ្លើងដែលជាយុវជន បានប្រើប្រាស់កាំភ្លើងខ្លី២ដើម បាញ់សំដៅទៅលើសិស្ស និងបុគ្គលិកនៅក្នុងសាលា។ ពេលដំបូង កាំភ្លើងខ្លីទី១បាញ់មិនផ្ទុះ ក៏បន្តដកកាំភ្លើងខ្លីទី២ចេញបាញ់បន្តទៀត។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា សិស្សម្នាក់មានភាពក្លាហាន បានព្យាយាមនិយាយជាមួយខ្មាន់កាំភ្លើងដែរ ហើយក៏ត្រូវបានបាញ់សម្លាប់តែម្តង។ បុគ្គលិកនៅក្នុងសាលារៀន បានចាប់ខ្មាន់កាំភ្លើងបានមុនពេលប៉ូលិសមកដល់ បញ្ជូនទៅកាន់ ស្នាក់ការ។ នៅពេលនេះខ្មាន់កាំភ្លើងកំពុងឃុំខ្លួន ដើម្បីសួរចម្លើយ។ ចំណែកសិស្ស៣នាក់ទៀតរងរបួស បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយពេលនេះមានសុខភាពល្អប្រសើរវិញហើយ។

ស្នងការប៉ូលិស លោក Ozzie Knezovich បានឲ្យដឹងថាខ្មាន់កំាភ្លើង រងការសម្លុតនៅក្នុងសាលាទើប មានសកម្មភាពខុសច្បាប់បែបនេះ។ សិស្សផ្សេងទៀតនៅក្នុងសាលាបានឲ្យដឹងថា នៅមុនពេលហេតុការណ៍កើតឡើងប៉ុន្មានថ្ងៃ ខ្មាន់កាំភ្លើងបានរៀបរាប់ពីការមើលខ្សែភាពយន្តឯកសារស្តីពីការបាញ់ប្រហារនៅក្នុងសាលារៀន៕ ម៉ែវ សាធី


ចែករំលែក៖