ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកានារីនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូនារីកម្ពុជាមួយក្រុមទៅចូល រួមវេទិកា វៀតណាម ឡាវ កម្ពុជា នារីក្នុងការកសាងមិត្តភាព ទំនាក់ទំនង សហប្រតិបត្តិការ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រឹមឆ្នាំ២០៣០ ពីថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកស្រី មាស សុធារី អគ្គលេខាធិការ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ នៅឯអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ បានឲ្យដឹងថា៖ នៅក្នុងវេទិកានេះក្រុមនារីទាំងបី ប្រទេស វៀតណាម ឡាវ និងកម្ពុជានឹងពិភាក្សា ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីការងារដែលសមាគមនារីប្រទេសនីមួយៗបានធ្វើកន្លងមក និងដាក់ចេញនូវទិសដៅធ្វើ យ៉ាងណាដើម្បីឲ្យនារីនៅក្នុងប្រទេសទាំងបីនេះមានការអភិវឌ្ឍដោយស្មើភាព និងទទួលបាន ផលប្រយោជន៍រួមដូចៗគ្នា។ លោកជំទាវបានបន្ថែមថា ក្រៅពីកិច្ចពិភាក្សាគ្នានៅនឹងតុនៃវេទិ កា គណៈប្រតិភូនារីនៃអង្គវេទិកានេះក៏នឹងអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមតំបន់មួយ ចំនួនដើម្បីស្វែងយល់ពីការរីកចំរើនរបស់ស្ត្រីវៀតណាមសម្រាប់យកមករៀនសូត្រតាម។

លោកស្រីអគ្គលេខាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍ មាស សុធារី បានបញ្ជាក់ថា កន្លងទៅសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍបានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិជាមួយសមាគមនារីវៀតណាម និងសមាគមនារីឡាវ ដើម្បីការផ្លាស់ប្តូរព័ត៍មាន គ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាលនារីក្នុងភាពជាអ្នកដឹកនាំជាដើម។

សូមបញ្ជាក់ថា៖ វេទិកាវៀតណាម ឡាវ កម្ពុជា នារីក្នុងការកសាងមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពត្រឹមឆ្នាំ ២០៣០ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាមនេះ ក្រៅពីដើម្បីពិភាក្សាស្វែងរក ដំណោះស្រាយកាន់តែប្រសើរឡើងសម្រាប់នារីប្រទេសទាំងបីហើយនោះ វេទិកាមួយនេះធ្វើ ឡើងក៏មានគោលដៅដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងកម្ពុជា និងខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង ឡាវផងដែរ៕ សំរិត


ចែករំលែក៖