ព័ត៌មានទាន់ហេតុការណ៍៖

ពៅ លីដា ចោលអូស្ត្រាលីព្រោះតំណែងតួឯក៤រឿងជាប់គ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងខ្មៅស្រអែម ពៅ លីដាទើបនឹងវិលមកពីបង្ហាញសមត្ថភាពច្រៀងរាំលើទឹកដីនៃសហរដ្ឋអាមេរិកមិនបានប៉ុន្មានផង ស្រាប់តែអ្នកផលិតកម្មវិធីនៅប្រទេសអូស្ត្រាលីបានទាក់ទងឲ្យចេញទៅច្រៀងរាំនៅទីនោះ។ ប៉ុន្តែត្រូវបាននាងបដិសេធមិនទទួលព្រោះតែពេលនេះនាងកំពុងតែមមាញឹកនឹងការសម្តែងភាពយន្តភាគថ្មីមិនក្រោម៤រឿងទេ។

ពៅ លីដាបញ្ជាក់ថា នាងពិតជាស្តាយសម្រាប់សំណើរចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលី ហើយក៏មិនចង់ឲ្យបងប្អូនប្រជាជនខ្មែររស់នៅទីនោះខកចិត្តដែរប៉ុន្តែនាងបានចុះកិច្ចសន្យាថតភាពយន្តជាច្រើនបន្តបន្ទាប់។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងគ្រាដែលនាងកំពុងថតភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍PNN រឿង”ក្រមុំឆ្នាសប៉ះមេស្រុកឆ្នើម”នាតំបន់វត្តប្រាសាទនៃខណ្ឌព្រែកភ្នៅ។ តារាស្រីរូបនេះបញ្ជាក់ថាពេលនេះផលិតកម្មចក្រវាឡពេជ្រកំពុងសម្រុកថតភាពយន្តនេះ។ នាងរំពឹងខ្ពស់ទទួលបានការគាំទ្រច្រើនព្រោះតែភាពយន្តថ្មីនេះមានសាច់រឿងល្អនិងផលិតដោយអ្នកដឹកនាំរឿងល្បីឈ្មោះគឺលោក មុត ថារី។ នាងនឹងបន្តចេញថតភាពយន្តថ្មីមួយទៀតគឺរឿង”ធនញ្ជ័យ” សម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលទើបនឹងក្រុងពាលីប្រកាសចេញថតកាលពីថ្មីៗនេះផងដែរ។

ក្រៅពីភាពយន្តពីរនេះនាងនៅមានភាពយន្តភាគពីរទៀតដែលជាភាពយន្តភាគវែង និងទ្រង់ទ្រាយធំគឺរឿង”ព្រះមោឃលាន” និងរឿង”វាសនានាងកែវ”។ តារាស្រីរូបនេះបន្តថា ដោយសារទទួលបានភាពយន្តភាគបន្តបន្ទាប់គ្នាបានធ្វើឲ្យនាងសម្រេចចិត្តមិនទទួលយកការចេញទៅបង្ហាញសមត្ថភាពនៅប្រទេសអូស្ត្រាលី។

តារាស្រីរូបនេះហាក់សប្បាយចិត្តខ្លាំងព្រោះតែតំណែងតួឯកក្នុងភាពយន្តភាគ៤រឿងជាប់ៗគ្នា ហើយសុទ្ធតែជារឿងដែលនាងពេញចិត្ត។ នាងថាសុទ្ធតែជារឿងដែលនាងពេញចិត្តខ្លាំងទាំងជារឿងដែលពាក់ព័ន្ធនឹងរឿងព្រេង រឿងបែបសាសនា។ ពៅ លីដា បញ្ជាក់ដែរថា ទោះបីជារឿងទាំង៤នេះត្រូវសម្តែងក្នុងអត្តចរិកផ្សេងពីគ្នាមែន ប៉ុន្តែនាងនៅតែព្យាយាមថតឲ្យបានល្អ ហើយរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងនៅពេលដ៏ខ្លីខាងមុខនេះ៕ វឌ្ឍនា


ចែករំលែក៖