ខេត្តកំពត៖ លោក ចន្ទ ចេស្តា អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានទៅដល់ទីតាំងក្លោងទ្វាររមណីយដ្ឋានឋានសួគ៌បូកគោ ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរដោយគ្មានការអនុញ្ញាត ហើយក៏ធ្វើឲ្យបាត់នូវអត្តសញ្ញាណដើមរបស់ប្រវត្តិសាស្ត្រ។ ការចុះដោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនេះ បន្ទាប់ពីមានបញ្ជាដោយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសម្តេចបញ្ជាឲ្យដកស្លាកចេញមិនឲ្យលើសពីម៉ោង១១ព្រឹកនោះ។
ការចុះទៅដកស្លាកឈ្មោះថ្មីរមណីយដ្ឋានឋានសួគ៌បូកគោនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចយ៉ាងដូច្នេះផងដែរថា «ខ្ញុំបានបញ្ជាឲ្យអភិបាលខេត្តកំពតទៅដកហូតចេញនូវស្លាកសញ្ញាអត់ច្បាប់ ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»។ សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុនសុខាសម្រេចប្តូរឈ្មោះពី«រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន ។ ប៉ុន្តែក្នុងសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនមិនបានបង្ហាញពីមូលហេតុនៃការផ្លាស់ប្តូរឈ្មោះនេះនៅឡើយ៕ សុខ ខេមរា