ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រកាសកាត់បន្ថយការលក់ប្រេងទៅឲ្យកូរ៉េខាងជើងតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការបរទេសចិនកាលពីថ្ងៃទី២៣ ខែកញ្ញា បានប្រកាសថា ទីក្រុងប៉េកាំងបានកាត់បន្ថយការលក់ប្រេងទៅឲ្យកូរ៉េខាងជើងតាមសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ។ នៅថ្ងៃទី១ ខែតុលា ខាងមុខ ចិនដែលជាប្រទេសផ្គត់ផ្គង់ ថាមពលប្រេងដ៏សំខាន់បំផុតដល់កូរ៉េខាងជើង នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។ ក្រៅពីនេះ ចិនក៏នឹងកាត់បន្ថយការនាំចូលផលិតផលកាត់ដេរពីកូរ៉េខាងជើង ដែលជាប្រភពចំណូលដ៏សំខាន់បំផុតសម្រាប់ប្រទេសមួយនេះក្នុងការអភិវឌ្ឍកម្មវិធីបរមាណូ។

ជាច្រើនឆ្នាំមកនេះ ទំនាក់ទំនងរវាងចិន នឹងកូរ៉េខាងជើងមិនសូវរលូននោះឡើយ គឺចាប់តាំងពីប្រធានាធិបតីចិន ស៊ី ជីនពីង ឡើងកាន់តំណែងកាលពី២ឆ្នាំកន្លងទៅ ដោយបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក តែមិនទៅកាន់កូរ៉េខាងជើងនោះឡើយ ។ ទាំងនោះហើយបានបង្ហាញយ៉ាងច្បាស់ថា ចិនពិតជាដាក់គំនាបទៅលើកូរ៉េខាងជើង។

នៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២២ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថាស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះ កាន់តែរសើប និងស្មុគស្មាញ ហើយចិនអំពាវនាវដល់សហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធនៅក្នុងវិវាទ គោរពទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

បើទោះបីចិន និងរុស្ស៊ីបានចូលរួមដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង តាមការសម្រេចរបស់អង្គការសហប្រជាជាតិ តែប្រទេសទាំងនេះនៅតែស្វែងរកដំណោះស្រាយ ជួយដល់កូរ៉េខាងជើង។ ប្រមុខការបរទេសចិន និងរុស្ស៊ីអំពាវនាវឲ្យគេបិទបញ្ចប់វិបត្តិដ៏រ៉ាំរ៉ៃ កូរ៉េខាងជើង។ នៅក្នុងជំនួបទ្វេភាគីនៅទីក្រុងញូវយ៉ក ដែលធ្វើឡើងនៅក្រៅក្របខ័ណ្ឌ កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិរដ្ឋមន្រ្តីការបរទេសចិន និងរុស្ស៊ីបានឯកភាពគ្នា ទាមទារឲ្យមានការដោះស្រាយ បញ្ហាកូរ៉េខាងជើងតាមផ្លូវសន្តិភាព។

“បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េត្រូវដោះស្រាយតាមផ្លូវសន្តិភាព”។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គេយ៍ ឡាវរ៉ូវ កាលពីថ្ងៃចន្ទកន្លងទៅ នៅទីក្រុងញូវយ៉ក។ តាមប្រមុខការបរទេសចិន ការស្តារឲ្យមានការចរចាសន្តិភាព គឺជាជំហានចាំបាច់ ដែលត្រូវមាននៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ ម៉ែវ សាធី

រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi


ចែករំលែក៖