ភ្នំពេញ៖ សំណុំរឿងបាត់ប្រាក់បច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី ឥឡូវនេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនសង្ស័យ៣នាក់ចូលបំភ្លឺជាបន្តបន្ទាប់ ។
លោកព្រះរាជអាជ្ញារង គុជ គឹមឡុង កំណត់ឱ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ចូលបំភ្លឺនៅថ្ងៃទី១១ ខែតុលា ។ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ដើម្បីសហគមន៍ ឱ្យចូលបំភ្លឺ នៅថ្ងៃទី០៩ ខែតុលា ។
គួរបញ្ជាក់ថាលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាដើមបណ្ដឹង បានចូលបំភ្លឺនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា តាមដីកាកោះអញ្ជើញរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក ពេជ្រ ស្រស់ ថ្លែងថា លោកប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង ទៅតុលាការ ដើម្បីបកស្រាយចម្ងល់ដល់មហាជន និងបញ្ជាក់ឱ្យបានច្បាស់អំពីលុយបុណ្យសពបណ្ឌិត កែម ឡី ដែលមហាជនដាក់ការសង្ស័យថា បាត់លុយយ៉ាងច្រើននោះ។
លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ ថា “ ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូលលុយរាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថ៌កំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ “ ។
លោក បន្តថា “ នៅក្នុងថ្ងៃចូលបុណ្យលោកបណ្ឌិត កែម ឡី ព្រមទាំងលុយ ដែលគេចូលបុណ្យរយៈពេល៧ថ្ងៃ ព្រមទាំងលុយដែល គេចូលបុណ្យពីស្រុកក្រៅទៅទៀត លោក កែម រិទ្ធិសិត បានប្រាប់ខ្ញុំថា ព្រះអង្គនៅស្រុកខ្មែរអត់កាន់លុយទេ ប៉ុន្ដែព្រះអង្គអ្នកគ្រប់គ្រងលុយត្រូវចាំ។ មួយទៀត ព្រះអង្គទៅអូស្ដា្រលី ទៅអាមេរិក ព្រះអង្គទៅរ៉ៃអង្គាសតើលុយហ្នឹង យន្ដហោះអ្នកដឹក ឬក៏ព្រះដាក់ក្នុងថង់យាម ឬក៏ព្រះអង្គមានសាវកផ្សេងទៀតមកកាន់លុយហ្នឹង ព្រះអង្គបកស្រាយមក នោះទើបហៅថាអាថ៌កំបាំងពិតប្រាកដ” ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក ពេជ្រ ស្រស់ បានប្រគល់ថវិកាចំនួន៣,០២០,០០០រៀល ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាងចេតិយ ជូនសពលោកបណ្ឌិត កែម ឡីនោះ ជូនក្រុមគ្រួសារលោកបណ្ឌិត នៅឯស្រុកកំណើត ខេត្តតាកែវ ៕ចេស្តា