ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ រថយន្តបញ្ចេញជាតិពុល រួមចំណែក ក្នុងការបំពុលបរិយាកាសផែនដីយ៉ាងខ្លាំង

ចែករំលែក៖

ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅលើពិភពលោក អាចប្រឈមនឹងការ ផាកពិន័យ ដោយសារតែការផលិតរថយន្ត បញ្ចេញ ផ្សែងពុលច្រើន ចូលក្នុងបរិយាកាស បង្ក ឲ្យមានបរិយាកាសប្រែប្រួល និងកើនឡើងនៃគ្រោះធម្មជាតិជាច្រើន។ តាមគម្រោង អឺរ៉ុប នឹង ហាមប្រើប្រាស់រថយន្ត ដើរដោយ ថាមពល ប្រេងម៉ាស៊ូត និងប្រេងសាំង ចរាចរនៅតាមទីក្រុងនានា។

ក្រុមហ៊ុនផលិតរថយន្តជាច្រើន មាន ជាអាទិ៍ក្រុមហ៊ុន Wolkswagen ឬ Fiat Chrysler ។ល។ អាចនឹងត្រូវរងការពិន័យ ជាប្រាក់ដល់ទៅរាប់ពាន់លានអឺរ៉ូ ពីបទមិនគោរពកម្រិតនៃការបញ្ចេញផ្សែងពុលកាបូនិក កំណត់ដោយអាជ្ញាធរសហភាពអឺរ៉ុប។ ការពិន័យនឹងចាប់ផ្តើម ចាប់ពីឆ្នាំ២០២១ ទៅហើយ។

នៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ១១ មានតែបួនប៉ុណ្ណោះ ដែល បានគោរព និងអនុវត្តបាន តាមបទបញ្ជា អឺរ៉ុប ក្នុងការកម្រិតការបញ្ចេញផ្សែងពុល របស់រថយន្ត។ នោះគឺក្រុមហ៊ុនផលិត រថយន្តស៊ុយអែត វ៉ុលវ៉ូ ក្រុមហ៊ុនតូយ៉ូតា ជប៉ុន និងក្រុមហ៊ុនកូនកាត់បារាំងជប៉ុន រឺុណូ នីសាន់ ព្រមទាំង Jaguar Land Rover របស់ក្រុមហ៊ុនឥណ្ឌា តាតាម៉ូទ័រ។ នេះបើតាមការសិក្សាមួយចេញផ្សាយនៅថ្ងៃសុក្រទី ២២កញ្ញា២០១៧។

អឺរ៉ុបបានអនុម័តបទបញ្ជាមួយកាលពីឆ្នាំ២០១៤ តម្រូវឱ្យក្រុមហ៊ុនផលិតរថយន្ត ដែលបញ្ចេញផ្សែង ត្រឹមកម្រិត ៩៥ក្រាម ក្នុងចម្ងាយ១គីឡូម៉ែត្រ ចាប់ពីឆ្នាំ២០២១ ទៅ ទល់នឹង១៣០ក្រាម សម្រាប់រថយន្ត ផលិតនៅឆ្នាំ២០១៥ ប្រសិនបើពួកគេចង់ប្រកួតប្រជែងលើទីផ្សាររថយន្តរបស់សហភាព។ បើក្រុមហ៊ុនមិនអាចផលិតឡានបានដូចការកំណត់ទេ នោះក្រុមហ៊ុនត្រូវបង់ ពិន័យជាប្រាក់ ៩៥អឺរ៉ូ សម្រាប់រថយន្ត មួយគ្រឿង និងលើសពីមួយក្រាម។

បើគិតតាមតម្លៃកំណត់របស់អឺរ៉ុបទៅ មានក្រុមហ៊ុនផលិតរថយន្តភាគច្រើន ត្រូវរងការផាកពិន័យ ជាពិសេសក្រុម ហ៊ុនអាល្លឺម៉ង់ ដែលច្រើនតែផលិតឡាន ម៉ាស៊ីនធំ និងដែលបញ្ចេញផ្សែងច្រើន ជាងឡានតូច។ តាមរបាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាល្លឺម៉ង់ BMW Wolkswagen Daimler ក្រុមហ៊ុន អាមេរិក Ford ក្រុមហ៊ុនអុីតាលីកាត់អាមេរិក Fiat Chrysler ក្រុមហ៊ុនបារាំង PSA ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai សុទ្ធតែ នឹងត្រូវប្រឈមការពិន័យទាំងអស់ ព្រោះមិនអាចអភិវឌ្ឍបច្ចេកវិទ្យាផលិតឡាន បញ្ចុះកម្រិតនៃបញ្ចេញផ្សែងពុលបានទាន់ពេលវេលាតម្រូវ។

តម្លៃផាកពិន័យអាចឡើងដល់រាប់ពាន់លានអឺរ៉ូឯណោះ។ ក្រុមហ៊ុនវ៉ុលវ៉ាហ្គែន អាចបង់ពិន័យទៅឱ្យសហភាពអឺរ៉ុប ដល់ ទៅ ១.៧០០លានអឺរ៉ូ។

ក្រុមហ៊ុនផលិតរថយន្តច្រើនឡើងៗ បានងាកទៅអភិវឌ្ឍនបច្ចេវិទ្យាអ៊ីប្រ៊ីត និងចាប់ផលិតរថយន្ត ប្រើថាមពល អគ្គិសនី ដែលបញ្ចេញផ្សែងតិចជាងឡានប្រើម៉ាស៊ូត និងឡានប្រើសាំង ហើយ ប៉ុន្តែ យឺតពេលបន្តិច បើប្រៀបទៅនឹងកាល ​បរិច្ឆេទឆ្នាំ២០២១ សម្រាប់ការគណនា បរិមាណបញ្ចេញឧស្ម័នកាបូនិក កំណត់ ដោយសហភាពអឺរ៉ុប។

ពាក់ព័ន្ធនឹងករណីនេះដែរ ចិនបាន ខិត ខំ កាត់បន្ថយជាតិពុលចូលក្នុងបរិយាកាស ដោយចិនអាចលុបចោលនូវរថយន្ត ប្រើ ថាមពលប្រេង នៅពេលដ៏ខ្លីខាងមុខ។

ចិនគឺជាប្រទេស ដែលបានបញ្ចេញ ផ្សែងពុលច្រើនជាងគេ នៅលើពិភពលោក ដោយសារតែវិស័យឧស្សាហកម្មរបស់ចិនកើនឡើងខ្ពស់ ។ នៅពេលនេះដែរ ចិនបានបិទរោងចក្រប្រើប្រាស់ថាមពលធ្យូងថ្មជាច្រើន ដើម្បីកាត់បន្ថយផ្សែងពុលចូលក្នុង បរិយាកាស ។ ក្រៅពីនោះ មធ្យោបាយធ្វើ ដំណើរដូចជារថយន្ត ក៏បានបញ្ចេញជាតិ ពុលយ៉ាងច្រើនចូលក្នុងបរិយាកាស ។

នៅពេលនេះដែរចិន ក៏បានឡើង គម្រោងផលិតរថយន្តដើរដោយថាមពលអគ្គិសនីជំនួសរថយន្តដែលដើរដោយថាមពលប្រេងសាំង ចាប់ពីឆ្នាំ២០៤០ហើយ ចិនពេលនេះ ក៏កំពុងពិចារណា និងស្រាវ ជ្រាវលើប្រធានបទនេះដែរ ហើយចិននឹងអាចផ្តល់កាលបរិច្ឆេទក្នុងពេលឆាប់ៗខាងមុខ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិង បច្ចេក វិទ្យាព័ត៌មានវិទ្យានៅចំពោះមុខវេទិកា​រថយន្តក្រុងជៀនជិន Tianjin ។

សម្រាប់លោករដ្ឋមន្ត្រី ជាមួយនឹងវិធាន ការនេះ ចិននឹងមានការប្តូរផ្លាស់ស៊ីជម្រៅខ្លាំងក្នុងវិស័យបរិស្ថាន និងឧស្សាហកម្ម​រថយន្ត ។ ក្រុមហ៊ុនទាំងឡាយត្រូវបង្ខំចិត្តគោរពតាមបទបញ្ជាដោយប្រឹងសន្សំសំចៃការប្រើរថយន្តដើរថោយថាមពលចាស់ (ប្រេង) និងងាកទៅអភិវឌ្ឍរថយន្តប្រើ ថាមពលស្អាត ។

ថ្វីបើចិនពុំ ទាន់កំណត់ពេលវេលាហាម ឃាត់បានមែន ប៉ុន្តែដំណឹងនេះជាតំណាងមហិច្ឆតាដ៏ធំដែលរដ្ឋាភិបាលត្រូវជម្នះឱ្យ បាន។ ចិនជាទីផ្សាររថយន្តលំដាប់លេខ មួយនៅលើពិភពលោកដោយមានការលក់កើនឡើងដល់ទៅ១៤%នៅឆ្នាំកន្លងទៅពោលគឺ២៨លានគ្រឿងក្នុងនោះជាង២៤លានគ្រឿងជាការទិញប្រើរបស់ឯកជន ។ ការលក់រថយន្តប្រើថាមពលស្អាតតំណាងឱ្យតែ១,៧%ប៉ុណ្ណោះ ។ ប៉ុន្តែទីផ្សារនេះ មានភាពទាក់ទាញខ្លាំងនិងមាននិន្នាការស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៥៣% នៅឆ្នាំ២០១៦ដោយសារតែរដ្ឋាភិបាលមាននយោបាយផ្តល់ប្រាក់លើកទឹកចិត្តនិងសម្រួល ការផ្តល់ស្លាកលេខ ចំពោះរថយន្តប្រើ អគ្គិសនី ។

របបកុម្មុយនីស្តចិនដែលជាប្រទេស ធ្លាប់ជាប់ឈ្មោះអាក្រក់ខាងផ្នែកបំពុល បរិស្ថានបាន ជំរុញនិងលើកទឹកចិត្តពល រដ្ឋផង និងផ្តល់កម្លាំងដល់ក្រុមហ៊ុនឧស្សាហកម្មរថយន្ត ដោយបានលើកច្បាប់ដំឡើងកូតាកម្ចីហរិញ្ញវត្ថុទិញរថយន្តស្អាត ចាប់ពី ដើមឆ្នាំ២០១៨ទៅ ។

ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនBYD បានស្ទុះឡើងដល់ទៅ៦%នៅ ព្រឹកមិញ ។ ឯក្រុមហ៊ុនផលិតរថយន្ត បរទេស ដូចយ៉ាងវ៉ុលវ៉ាហ្គែន កំពុងស្រក់ ទឹកមាត់ ចង់បង្កើនផលិតផលរបស់ខ្លួនឱ្យបានកាន់តែឆាប់ដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់ទីផ្សារយក្សចិន៕ ម៉ែវ សាធី


ចែករំលែក៖