ភ្នំពេញ៖ ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញលោក ឃុត សំខាន់ នឹងដាក់សំណើ ទៅអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្រ្តី ក្រសួងព័ត៌មានដើម្បីស្នើដកអនុប្រធាន មន្ទីរព័ត៌មានលោកស្រី ឃុត សុភាព ចេញ ពីតំណែងដោយសារលោកស្រីបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករិះគន់ អំពីបញ្ហាទឹកលិចនៅរាជធានីភ្នំពេញនា អំឡុងថ្ងៃបុណ្យភ្ជុំធំ ហើយប្រមាថដល់ជាតិសាសន៍ខ្មែរទាំងមូល ។
លោក ឃុត សំខាន់ បានរៀបរាប់ថា ទង្វើរបស់លោកស្រី ឃុត សុភាព បានកើត ឡើងជាដដែលៗដែលធ្វើឱ្យរូបលោកជាប្រធានមន្ទីរមិនអាចទទួលយកបាន ។
លោកប្រធានមន្ទីរបានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរព័ត៌មានមួយរូបលោកស្រី ឃុត សុភាព បានប្រើសម្តីជេរប្រមាថមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង និងអង្គភាព។ លោកបានបញ្ជាក់ថា ជា ជំហានដំបូងនេះលោកគ្រាន់តែស្នើឱ្យដកតំណែងតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណីដែលលោកស្រីនៅតែបន្តធ្វើសកម្មភាពខុសឆ្គងទៀតនោះលោកនឹងស្នើបណ្តេញចេញពីក្របខ័ណ្ឌតែម្តង ។
សូមបញ្ជាក់ថា កាលពីអំឡុងពេលមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃកន្លងទៅនេះលោកស្រី ឃុត សុភាព បានបង្ហោះនៅលើហ្វេសប៊ុក របស់លោកស្រីដោយរិះគន់ចំពោះបញ្ហា ទឹកលិចក្រុងយ៉ាងដូច្នេះថា «ពិតជាមាន មោទនភាពណាស់ដែលកើតជាខ្មែរទៅក្រៅប្រទេសម្តងៗស្ទើរតែមិនហ៊ានថាមកពីណាហើយជនជាតិអី។ នេះគ្រាន់តែភ្លៀង ត្រឹម២ម៉ោងទេ។ សូមជាតិណាៗកុំឱ្យកើត ជាខ្មែរ ព្រោះមិនចង់មានមោទនភាពទេ»។
ក្រោយពីមានការបង្ហោះបែបនេះមានមហាជនខ្លះបានចាត់ទុកថា ជាការរិះគន់ ធម្មតា ប៉ុន្តែអ្នកខ្លះទៀតមានប្រតិកម្មនឹងលោកស្រីដោយថា ជាការប្រមាថដល់ជាតិសាសន៍ខ្មែរខ្លួនឯង ។
ទាក់ទងបញ្ហានេះនគរវត្តមិនអាចទាក់ទងលោកស្រី ឃុត សុភាព បាននៅឡើយ ទេកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៧ ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានឱ្យដឹងថា ក្រសួងនឹងពិចារណា សំណើរបស់លោកប្រធានមន្ទីរព័ត៌មានក្នុងករណីមានលិខិតផ្លូវការទៅកាន់ក្រសួង ព័ត៌មាន។ លោកបានបន្តថា ក្រសួងព័ត៌ មានមិនគាំទ្រចំពោះមន្រ្តីឬថ្នាក់ដឹកនាំណាដែលមានអកប្បកិរិយាមិនសមរម្យក្នុង នាមជាមន្រ្តីឡើយ ៕ ហេង សូរិយា