អាមេរិកបានគំរាមកំហែងកូរ៉េខាងជើងជាច្រើនលើកមកហើយ មិនមែនទើបតែពេលនេះឡើយ ។ ការគំរាមកំហែងរបស់អាមេរិកមិនបានធ្វើឲ្យកូរ៉េខាងជើង ខ្លាចនោះឡើយ ផ្ទុយទៅវិញកូរ៉េខាងជើងកាន់តែ មានសកម្មភាពឌឺដងដាក់អាមេរិកទៅទៀត ដូចជាការសាកល្បងមីស៊ីល និងបរមាណូនាពេលកន្លងមកថ្មីៗជាដើម។
តើអាមេរិកហ៊ានប្រើប្រាស់កម្លាំងយោធាវាយប្រហារកូរ៉េខាងជើងដែរ ឬទេ? ការបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅក្បែរឆ្នេរសមុទ្រកូរ៉េខាងជើងជាសញ្ញាប្រាប់របបដឹកនាំក្រុងព្យុងយ៉ាងថា ប្រធានាធិបតីអាមេរិក មានជម្រើសយោធាច្រើន។ ក្រោយមានការហោះហើរយន្តហោះអាមេរិកនៅក្បែរឆ្នេរសមុទ្រកូរ៉េខាងជើង ប្រមុខការបរទេសកូរ៉េខាងជើងបានបរិហារលោកដូណាល់ ត្រាំ ថាគំរាមសុខសន្តិភាព និងចោទលោកត្រាំ ថា ជាស្តេចភូតកុហក។
សង្គ្រាមពាក្យសំដីរវាងកូរ៉េខាងជើង នឹងអាមេរិកធ្វើឲ្យគេកាន់តែបារម្ភថា ក្រុងព្យុងយ៉ាងអាចសាកល្បងនុយក្លេអ៊ែរជាថ្មីទៀត ពិសេសថ្មីៗនេះ ពេលកូរ៉េខាងជើងរងការរញ្ជួយដីកម្រិត៣,៥រ៉ិចទ័រ ក្នុងតំបន់ដែលក្រុងព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃ៣ ខែកញ្ញា។
រឿងអាមេរិក និងកូរ៉េខាងជើងផ្គើនសំដីគ្នាមិនងាយបញ្ចប់ទេ។ ពេលនេះ រឹតតែហួសថ្លែងទៅទៀត ដែលអាមេរិកបញ្ជូនយន្តហោះយោធាទៅក្បែរឆ្នេរសមុទ្រកូរ៉េខាងជើង។ ដូចដែលប្រមុខការបរទេសរុស្ស៊ីបានលើកឡើង លោកដូណាល់ ត្រាំ និងលោកគឺម ជុងអ៊ុន មិនខុសពីក្មេងមត្តេយ្យសាលាទេ គឺសុទ្ធតែជើងខ្លាំងរៀងខ្លួន មិនចុះចាញ់គ្នាទេ។ យន្តហោះដែលអាមេរិកបញ្ជូនឲ្យទៅក្បែរឆ្នេរសមុទ្រកូរ៉េខាងជើងនោះ មានយន្តហោះទម្លាក់គ្រាប់បែក ប្រភេទB-1B ១គ្រឿង និងយន្តហោះប្រដេញ F-15 ១គ្រឿង។
យន្តហោះទាំង២គ្រឿងហោះនៅភាគខាងជើងតំបន់ដែលលែងមានសកម្មភាពយោធាហោះក្បែរកូរ៉េខាងជើងបំផុត ។ អាមេរិកអះអាងថា ការហោះហើរនេះគឺដើម្បីផ្ញើសារច្បាស់លាស់មួយទៅកូរ៉េខាងជើងថា ប្រធានាធិបតីអាមេរិកមានជម្រើសយោធាច្រើនក្នុងការប្រឈមនឹងការគំរាមកំហែង។ អាមេរិកបន្ថែមថា ត្រៀមខ្លួនបញ្ចេញសមត្ថភាពយោធា ដើម្បីការពារទឹកដីសហរដ្ឋអាមេរិក និងប្រទេសជាមិត្តរបស់អាមេរិក។
សូមបញ្ជាក់ថា ដើមសប្តាហ៍នេះ លោកដូណាល់ ត្រាំ បានគំរាមកំទេចប្រទេសកូរ៉េខាងជើងទាំងស្រុង ប្រសិនបើកូរ៉េខាងជើងហ៊ានវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្ត។ ការហោះហើរយន្តហោះយោធានេះ ជាការគូសបញ្ជាក់ពាក្យពេចន៍គំរាមរបស់លោកដូណាល់ ត្រាំ នេះឯង។ ក្រោយមានការហោះហើរយន្តហោះអាមេរិក លោករី យ៉ុងហូ ជាប្រមុខការទូតកូរ៉េខាងជើង បានថ្លែងនៅអង្គការសហប្រជាជាតិចាត់ទុកលោកត្រាំ ថាជាស្តេចភូតកុហក បោកប្រាស់ ហើយថា លោកត្រាំ គំរាមសន្តិភាព និងរឹតតែធ្វើឲ្យកូរ៉េខាងជើងមិនអាចចៀសផុតពីការប្រើកាំជ្រួចទៅលើដែនដីអាមេរិកបានទៅទៀត៕ ម៉ែវ សាធី