ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៥ទៅ៦នាក់ក្រោយវាយប្លន់យកម៉ូតូពីបុរសម្នាក់កាលពីយប់ត្រូវបានសមត្ថកិច្ចឃាត់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមានគ្នាចំនួន៥ទៅ៦នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីបុរសម្នាក់ដែលកំពុងឈប់នោមតាមផ្លូវពេលយប់ នៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ បន្ទាប់មកបានគេចខ្លួនបាត់អស់ ប៉ុន្តែជនរងគ្រោះបានចំណាំមុខចោរបានខ្លះៗដែរ លុះដល់ រសៀលថ្ងៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ទៅលេងផ្ទះមិត្តភក្ដិ ដែលស្ថិតនៅក្បែរផ្ទះជនរងគ្រោះ ប្លុកផ្ទះជួលអតីតឡឥដ្ឋក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជនរងគ្រោះប្ដឹងនគរបាលក្រសួងមហាផ្ទៃ ជួយតាមចាប់ខ្លួនបាននាំយកទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ឈ្មោះទុំ សំណាង​ ភេទប្រុស អាយុ២៥​ឆ្នាំ មុខរបមិនពិត​ប្រាកដ ស្នាក់នៅម្ដុំជិតបុរីជ័យជំនះ​ ស្នាក់នៅសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ​ ។ ចំណែកបុរសជាជនរងគ្រោះឈ្មោះ នៅ នឿន​ អាយុជាង៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់បន្ទប់ជួល អតីតឡឥដ្ឋ​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ បានបាត់បង់ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី​ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1 AT- 3218 ។

បុរសរងគ្រោះបាននិយាយថា កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ គាត់បានជិះម៉ូតូពីភ្នំពេញឆ្ពោះ ទៅផ្ទះលុះដល់ត្រង់ចំណុចជិតភ្លើងស្តុបផ្លូវណតប្រ៊ីដ ស្ថិតនៅក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គាត់បានឈប់បត់ជើងតូច។ ខណៈនោះស្រាប់តែជនសង្ស័យមាគ្នា៥ទៅ៦នាក់ បានចូលទៅធ្វើសកម្មភាពវាយមកលើរូបគាត់រួច ដណ្ដើមយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ប៉ុន្តែពេលនោះគាត់បានចំណាំមុខពួកចោរបានខ្លះៗដែរ បន្ទាប់មករូបគាត់ក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីកំណត់មុខសញ្ញា​ លុះដល់វេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ទៅលេងផ្ទះមិត្តភក្ដិរបស់គេដែលស្ថិតនៅក្បែរផ្ទះរបស់គាត់ ទើបគាត់ប្ដឹងឲ្យនគរបាលក្រសួងមហាផ្ទៃ ជួយចាប់ខ្លួនតែម្ដង៕ សុខាសែនជ័យ


ចែករំលែក៖