ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មានភស្តុតាងជាច្រើនបង្ហាញឲ្យឃើញថាក្រុម ISកំពុងតែប្រមូលផ្តុំគ្នានៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែកញ្ញា ក្រុមអ្នកឯកទេសស្តីពីសន្តិសុខបានឲ្យដឹងថា ឃ្លីបវីដេអូដែលបានបង្ហាញនាពេលកន្លងមកបង្ហាញឲ្យឃើញថា ក្រុមភេរវកម្ម IS បានប្តេជ្ញា ប្រមូលផ្តុំគ្នានៅតំបន់អាស៊ីភាគអាគ្នេយ៍ ដើម្បីបង្កើតទីតាំងទី២នៅទីនេះ។

សារព័ត៌មានThe Straits Times បាន ផ្សាយថា ឃ្លីបវីដេអូមានរយៈពេលជាង ៣០នាទី ដែលក្រុម IS បានបង្ហោះកាលពី ថ្ងៃទី២៤ ខែកញ្ញា ក្នុងនោះមានខ្មាន់កាំភ្លើងជនជាតិសិង្ហបុរី មានឈ្មោះហៅក្រៅ Abu Uqayl ដែលនិយាយភាសាអង់គ្លេសបាន ល្អបាន បញ្ជាក្រុមឧទ្ទាមនៅក្នុងតំបន់ អាស៊ីភាគអាគ្នេយ៍បង្កើនសកម្មភាពវាយប្រហារនៅទីនេះ។

ក្រសួងមហាផ្ទៃសិង្ហបុរីបានបញ្ជាក់ថា បុរសនៅក្នុងឃ្លីបវីដេអូខាងលើ មាន ឈ្មោះពិត Megat Shahdan Abdul Samad អាយុ៣៩ឆ្នាំ បានចាកចេញពីសិង្ហបុរីកាលពីឆ្នាំ២០១៤ ទៅកាន់មជ្ឈិមបូព៌ាចូលរួមជាមួយក្រុម IS ។ បុគ្គលរូបនេះធ្លាប់ល្មើស ច្បាប់ ជួញដូរគ្រឿងញៀន នៅក្នុង ប្រទេសសិង្ហបុរី និងឆក់ប្លន់ទ្រព្យសម្បត្តិនៅឆ្នាំ១៩៩៩និង២០០២។

តាមការបញ្ជាក់របស់សាស្ត្រាចារ្យ Bilveer Singh មកពីមហាវិទ្យាល័យសិង្ហបុរីបានបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ Megat Shahdan Abdul Samad ក្នុងឃ្លីប វីដេអូ បញ្ជាក់យ៉ាងច្បាស់ថាពិតជាមាន ទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមភេរវកម្ម IS នៅក្នុងតំបន់និងនៅមជ្ឈិមបូព៌ា។

តាមការបញ្ជាក់របស់សាស្ត្រាចារ្យខាងលើក្រុម IS បានបរាជ័យយ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ដូច្នេះក្រុមនេះបានផ្លាស់ប្តូរទិសដៅទៅកាន់តំបន់ផ្សេងក្នុងនោះមានតំបន់អាស៊ីភាគអាគ្នេយ៍ ដែលមានទីក្រុងម៉ារ៉ាវី ប្រទេសហ្វុីលីពីន និងរដ្ឋរ៉ាឃីនប្រទេស មីយ៉ាន់ម៉ា។

ការគំរាមកំហែងវាយប្រហារភេរវកម្មនៅក្នុងប្រទេសសិង្ហបុរីកាន់តែកើនឡើងខ្ពស់រយៈពេលចុងក្រោយនេះ។ចាប់តាំងពីឆ្នាំ២០១៥មកទល់ពេលនេះ មានពលរដ្ឋសិង្ហបុរីដល់ទៅ១៧នាក់បានចូលរួមជា មួយក្រុម IS ។ តាមការវាយតម្លៃ មានពលរដ្ឋនៅបណ្តាប្រទេសក្នុងតំបន់អាស៊ានជាង១០០០នាក់បានទៅចូលរួមជាមួយក្រុមភេរវកម្ម IS ហើយពួកគេអាចវិលត្រឡប់ មកស្រុកវិញបង្កើតតំបន់គ្រប់គ្រងនៅទីនេះ។

កន្លងមកថ្មីៗក្រុម IS ក៏បានផ្សព្វផ្សាយ នូវឃ្លីបវីដេអូមួយ អំពាវនាវដល់ពលរដ្ឋ ដែលគាំទ្រក្រុមរបស់ខ្លួននៅទូទាំងពិភពលោកប៉ុណ្ណោះ បន្តធ្វើដំណើរ ប៉ុន្តែពេល នេះ មិនមែនទៅកាន់ស៊ីរីឬអីុរ៉ាក់នោះទេ គឺទៅកាន់ ប្រទេសហ្វុីលីពីនវិញម្តង។

ឃ្លីបវីដេអូខាងលើគឺជាភស្តុតាងបង្ហាញឲ្យឃើញថាក្រុមភេរវកម្ម IS កំពុងតែបាត់បង់ទីតាំងយុទ្ធសាស្ត្រនៅក្នុងប្រទេស តំបន់មជ្ឈិមបូព៌ា មានអីុរ៉ាក់និងស៊ីរីជា ដើម។ក្រុម IS មិនត្រឹមតែធ្វើសកម្មភាពនៅក្នុងប្រទេសហ្វុីលីពីនតែមួយនោះទេ គឺនៅតំបន់អាស៊ានទាំងមូល។

នៅពេលនេះក្រុម IS នៅមជ្ឈិមបូព៌ា កំពុងតែចុះខ្សោយ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយប្រហារពីសំណាក់ទាហានរដ្ឋាភិបាលស៊ីរី គាំទ្រដោយ ទាហានអាកាសរុស្ស៊ី។ ដោយសារតែ បរាជ័យជាបន្តបន្ទាប់ ទើបក្រុម ភេរវកម្ម កំពុងស្វែងរកទីតាំងថ្មីសម្រាប់ ដំណើរការ គេចផុតពីអាមេរិក និងរុស្ស៊ី ក្នុងនោះមានតែតំបន់អាស៊ានប៉ុណ្ណោះ។

នៅក្នុងប្រទេសហ្វុីលីពីន ក្រុមភេរវកម្ម ដូចជា Abu sayyaf បានបង្កើតឡើងជា ច្រើនឆ្នាំមកហើយ នៅក្នុងប្រទេសនេះជិត ព្រំដែន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ក្រុម ភេរវកម្មងាយស្រួលក្នុងការជ្រើសរើស កម្លាំងរបស់ខ្លួន ក៏ដូចជាការជួញដូរអាវុធ ឆ្លងព្រំដែន។ នៅពេលនេះដែរ ក្រុមភេរវកម្ម បានធ្វើសកម្មភាពដោយបើកចំហនៅក្នុងទីក្រុងម៉ារ៉ាវី ដោយបានបង្ហូតទង់IS នៅ ទីក្រុងនោះផងដែរ។ ប្រធានាធិបតីហ្វុីលី ពីន លោកឌុយទែរតេបានសារភាពថា កម្លាំងទាហាននិង ប៉ូលិសរបសលោក ពិបាកក្នុងការ គ្រប់គ្រងតាមបណ្តោយ ព្រំដែន ។

នៅតំបន់ភាគខាងត្បូងហ្វុីលីពីន មាន ជំរំហ្វឹកហាត់ក្រុមឧទ្ទាម មកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ប្រុ៊យណេ សិង្ហបុរីបានកើតឡើងជាច្រើនឆ្នាំមកហើយ។ខ្មាន់កាំភ្លើងជាច្រើននៅតំបន់អាស៊ីភាគអាគ្នេយ៍ធ្លាប់បានចូលរួមនៅក្នុងសង្គ្រាមតំបន់មជ្ឈិម បូពា៌ ដោយបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញនៅទីនោះ។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺបើទោះបីមានការជួយអន្តរាគមន៍ពីអាមេរិក និងអូស្ត្រាលីក្តី ក៏ទាហានហ្វុីលីពីន មិនអាចរំដោះបានទីក្រុងម៉ារ៉ាវី ពីក្រុមភេរ វកម្ម IS ដែលដណ្តើមគ្រប់គ្រងនៅទីនោះ តាំងពីខែឧសភាមកទល់ពេលនេះឡើយ។

ការបន្លាស់ទី របស់ក្រុម IS ទៅកាន់ តំបន់ ភាគខាងត្បូង ហ្វុីលីពីនបានធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ។ អ្វីដែល គួរឲ្យបារម្ភ ជាងនេះនោះ គឺក្រុមឧទ្ទាម អ៊ិស្លាមនៅ មីយ៉ាន់ម៉ាដែលកំពុងតែធ្វើ សង្គ្រាមប្រឆាំងកម្លាំងទាហានរដ្ឋាភិបាល ក៏អាចបង្កើតទីតាំងគ្រប់គ្រងវាយប្រហារប្រឆាំងរដ្ឋាភិបាលបានដែរ ។

កន្លងមករដ្ឋាភិបាលហ្វុីលីពីនបាន ប្រកាសថាប្រទេសរបស់ខ្លួន កំពុងតែត្រូវ បាន ក្រុមភេរវកម្មឈ្លានពាន។ នៅពេល នេះ៣ភាគ៤នៃទីក្រុង ម៉ារ៉ាវីដែលមាន ពលរដ្ឋ ប្រមាណ២សែននាក់រស់នៅ ស្ថិតនៅភាគខាងត្បូងកោះមីនដាណាវ ត្រូវបានក្រុមម៉ូតេនិងក្រុម អាប៊ូ សាយ៉ាហ្វ គ្រប់គ្រង ។ នៅក្នុងសារផ្ញើទៅ កាន់រដ្ឋសភា លោកឌុយទែរតេ បានបញ្ជាក់ ថា កម្លាំង ក្រុមភេរវកម្ម បានរំដោះអ្នកទោស និងគ្រប់គ្រងទីតាំងជាច្រើនក្នុងនោះមានស្ពាន៣ធំៗ។

កម្លាំងភេរវកម្មនៅពេលនេះកំពុងតែស្វែងរកនិងបណ្តេញអ្នកកាន់សាសនា គ្រឹស្ត ចេញពីទីក្រុងម៉ារ៉ាវីផងដែរ ដោយ ក្រុមនេះស្វែងរកចាប់ខ្លួនអ្នកកាន់សាសនាគ្រឹស្ត មកធ្វើជារនាំងការពារ សម្រាប់វាយប្រហារជាមួយកម្លាំងទាហានហ្វុីលីពីន។

តាមតួលេខដែលកម្លាំងទាហានហ្វុីលីពីនបានផ្តល់ មកទល់ពេលនេះមានមនុស្ស ៤២នាក់ស្លាប់ ។

កម្លាំងខ្មាន់កំាភ្លើងម៉ូតេ គឺជាក្រុមដែលមានសមត្ថភាពធ្វើសង្គ្រាមអាចទប់ទល់ នឹងការវាយប្រហាររបស់កម្លាំងទាហាន រដ្ឋាភិបាល ។បច្ចុប្បន្នក្រុមអាប៊ូសាយ៉ាហ្វ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងក្រុម IS ក៏បាន ចូលរួមជួយដល់ក្រុមម៉ូតេ ក្នុងការវាយប្រហារទៅលើទាហានរដ្ឋាភិបាលហ្វុីលីពីន។ តាមរបាយការណ៍ចារកម្ម ហ្វុីលីពីន បានឲ្យដឹងថា មេដឹកនាំក្រុមភេរវកម្មឈ្មោះ Isnilon Hapilon ជាអ្នកប្តេជ្ញាស្មោះត្រង់ជាមួយក្រុម IS ដែលមានរហស្សនាមថា Daesh ត្រូវបានក្រុមភេរវកម្មIS ជឿទុកចិត្ត ឲ្យដឹកនាំ បង្កើតទីតាំងគ្រប់គ្រងនៅហ្វុីលីពីន។ កាលពីឆ្នាំ២០០៥ ក្រសួងហិរញ្ញវត្ថុអាមេរិកបានរឹបអូសទ្រព្យសម្បត្តិ របស់ Hapilon ដោយសារតែមានសកម្មភាព ពាក់ព័ន្ធនឹងក្រុមភេរវកម្ម ក្នុងនោះមាន ទំនាក់ទំនងជាមួយអូសាម៉ា ប៊ីនឡាដេន ទៀតផង។

កាលពីថ្ងៃទី២៣ខែឧសភា កម្លាំង ទាហានហ្វុីលីពីន បានបើកការវាយប្រហារ ទៅលើទីបញ្ជាការរបស់មេដឹកនាំក្រុមភេរវកម្ម Hapilon ប៉ុន្តែការវាយប្រហារនោះ ត្រូវបាន ក្រុមភេរវកម្មវាយបកវិញ ធ្វើឲ្យ ទាហានរដ្ឋាភិបាលបរាជ័យ។ នៅពេល នេះក្រុម IS បានដាក់ទង់ជាតិនៅគ្រប់ទិសទីក្នុងទីក្រុងម៉ារ៉ាវី៕ ម៉ែវ សាធី


ចែករំលែក៖