ភ្នំពេញ៖ យុវជន៥នាក់ដែលធ្វើដំណើរដោយម៉ូតូ៤គ្រឿង នៅទីតាំងផ្សេងគ្នា២ នៅក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច នគរបាលមូលដ្ឋានឃាត់ខ្លួន នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា ពាក់ព័ន្ធក្នុងការសេព(ប្រើប្រាស់)ថ្នាំញៀនដោយខុសច្បាប់។
លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឲ្យដឹងថា យុវជនក្មេងៗចំនួន៥នាក់ត្រូវបាន ឃាត់ខ្លួនជាបណ្តោះអាសន្ន ដែលមានការសង្ស័យថា ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ប៉ូលិសបានបញ្ជាក់ថា ពួកគេ ត្រូវវបានឃាត់ខ្លួននៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលក្រុមទី១ ឃាត់ខ្លួននៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងភូមិបុរីកម្មករ (អតីតភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា មានគូកនចំនួន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម រួមនឹងថ្នាំញៀន១កញ្ចប់តូចផង ដែលពួកគេទាំង២នាក់នោះ ឈ្មោះសុខ ប៊ុនខេង អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ និងឈ្មោះ ណែម រដ្ឋា អាយុ២០ឆ្នាំស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ក្រុមទី២ ឃាត់ខ្លួននៅវេលាម៉ោងសូន្យនិង២០នាទីរំលងអធ្រាត្រ ថ្ងៃដដែលដូចគ្នានៅតាមបណ្តោយផ្លូវលេខ២០០៤ ភូមិទ្រុងមាន់សង្កាត់ទឹកថ្លា ពួកគេមានគ្នាចំនួន៣នាក់ និងម៉ូតូសង់ចំនួន៣គ្រឿង តែពុំមានថ្នាំញៀនបន្សល់ទុកជាភស្តុតាងទេ។ ពួកគេមានឈ្មោះ ១ វី ពន្លក អាយុ២៥ឆ្នាំ ២;ឈ្មោះ ឆី ឆា អាយុ២៦ឆ្នាំ ៣;ឈ្មោះឆី ចន្ថា អាយុ២១ឆ្នាំ ពួកគេមានមុខរបរជាបុគ្គលិក ខារ៉ាអូខេមូន ស្នាក់នៅទីនោះ មានទីតាំងនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
ជនទាំង៣នាក់ចុងក្រោយនេះ ប៉ូលិសមិនបានរកឃើញថ្នាំញៀនពីពួកគេទេ ប៉ុន្តែបាននាំយកទៅត្រួតពិនិត្យទឹកនោម រកឃើញមានផ្ទុកនូវសារធាតុញៀនទាំង៣នាក់ ទើបឃាត់ខ្លួនតែម្តង បញ្ជូនទៅតុលាការ តាមបញ្ជារបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ៕ តុង សីហា