ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម និង ឧកញ៉ា ស៊ន សុខណា នាំអំណោយ និងថវិកាជាច្រើនជូនកងទ័ពនៅតំបន់អូរអាឡៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ឈរលើស្មារតីគាំពារ និងគាំទ្រដល់កងទ័ពឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាននោះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និង លោកឧកញ៉ា ស៊ន សុខណា អគ្គនាយក ក្រុមហ៊ុនសូណាត្រា នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំអំណោយជាថវិកា ថ្នាំពេទ្យមួយចំនួនធំទៅចែកជូនកងទ័ព កំពុងឈរជើងការពារបូរណភាពទឹកដី នៅ តំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង។

អំណោយដែលយកទៅចែកជូនកងទ័ពនៅវរសេនាតូចលេខ២៨៤ និង២៨៥ ចំណុះ ឲ្យកងពលតូចលេខ១២៨ នាព្រឹក ថ្ងៃ ទី២៤ ខែកញ្ញា មានថ្នាំពេទ្យ ប្រេងកូឡា និងជូនថវិកាដល់កងទ័ពម្នាក់ៗចំនួន៥ម៉ឺនរៀល ព្រមទាំងជូនអង្គភាពទាំងពីរ១០ លានរៀលផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានវាយ តម្លៃខ្ពស់ចំពោះទឹកចិត្ត និងស្មារតីនៃការយកចិត្តទុកដាក់លើសុខទុក្ខរបស់កងទ័ពនៅតំបន់សមរភូមិមុខ របស់ឧកញ៉ា ស៊ន សុខណា។

ឆ្លើយតបចំពោះទឹកចិត្តរបស់ឧកញ៉ា ស៊ន សុខណា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលតែងតែគាំទ្រគោរពស្រឡាញ់ចំពោះកងទ័ពនេះ ជួសមុខឲ្យកងទ័ព ទាំងអស់ នាយឧត្តមសេនីយ៍ គន់ គីម បានប្រកាសប្តេជ្ញាខិតខំប្រឹងប្រែងថែរក្សា និងការពារ ទឹកដីនៅតាមតំបន់ព្រំដែន ជាពិសេសនៅ តំបន់អូរអាឡៃឲ្យបានគង់វង្ស ។

បើទោះបីជាយ៉ាងណានាយឧត្តមសេនីយ៍ គន់ គីម នៅតែបន្តលើកទឹកចិត្តដល់សប្បុរ សជនទាំងអស់ជួយឧបត្ថម្ភគាំទ្រដល់កងទ័ព ដែលកំពុងឈរជើងនៅតំបន់ព្រំដែនក្នុងខេត្តស្ទឹងត្រែង ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគាត់ក្នុងការការពារបូរណភាពទឹកដី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅ ដល់ទីបញ្ជាការនៃយោធភូមិភាគទី១ នៅ​ខេត្តស្ទឹងត្រែង និងសម្រេចបង្កើតកងពល​តូចថ្មើរជើងលេខ១២៨ ចំណុះឲ្យយោធ​ភូមិភាគទី១ ដើម្បីពង្រឹងកិច្ចការពារជាតិ និងទឹកដីនៅក្នុងខេត្តស្ទឹងត្រែងឲ្យកាន់តែ រឹងមាំ។

ការបង្កើតកងពលលេខ១២៨នេះ បានធ្វើឡើងក្រោយពេលកងទ័ពឡាវ បានព្រមដកចេញពីលើទឹកដីរបស់កម្ពុជា នា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។ សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ឬហៅថា កងពលតូចថ្មើរជើងលេខ១២៨ មិនសំដៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ។

ជាការកត់សម្គាល់ក្រោយពីការបង្កើតកងពលតូចនេះហើយ កម្លាំងទាហានរបស់ខ្មែរជាច្រើននាក់ ក៏ត្រូវបានយកទៅដាក់ ពង្រាយនៅតាមតំបន់ព្រំដែន ជាពិសេស នៅតាមតំបន់ដែលកងទ័ពឡាវ ធ្លាប់ចូល មកកាន់កាប់។ ក្រៅពីនេះគេក៏សង្កេតឃើញថ្នាក់ដឹកនាំមន្រ្តីរាជការតាមក្រសួងស្ថាប័ន និងសប្បុរសជនតែងបានចុះសួរសុខទុក្ខ ព្រមទាំងនាំគ្រឿងឧបភោគបរិភោគជូន កងទ័ពនៅតំបន់នោះជាបន្តបន្ទាប់ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះ ការលះបង់ដ៏ធំធេងរបស់កងទ័ពក្នុងការការពារជាតិ និងទឹកដី ៕ ហេង សូរិយា


ចែករំលែក៖