ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ជួបជុំទទួលទានអាហារសាមគ្គីជាមួយខ្មែរជាង២០០នាក់នៅប្រទេសអាល្លឺម៉ង់

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូន ប្រុសសម្តេចនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា លោកមកប្រទេសអាល្លឺម៉ង់ នេះមិនមែនឲ្យបងប្អូនខ្មែរទៅស្អប់នរណា ទេហើយក៏មិនឲ្យលាបពណ៌អ្នកណាឲ្យយើងបែកបាក់គ្នាដែរ ។

ការថ្លែងនេះបែបនេះ ក្នុងឱកាសដែល លោកអញ្ចើញទៅចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គីមហាគ្រួសារខ្មែរ ត្រូវបាន រៀបចំឡើងក្នុងប្រទេសអាល្លឺម៉ង់ ដែល មានការអញ្ជើញចូលរួមពីសំណាក់ពលរដ្ឋខ្មែរជាង២០០នាក់ កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

លោក ហ៊ុន ម៉ាណែតបានថ្លែងថា ថ្ងៃនេះខ្ញុំមកទីនេះដើម្បីជួបជាមួយលោក អ៊ំ ពូមីង បងប្អូន នឹងជម្រាបជូនពីស្ថានភាពស្រុកខ្មែរដើម្បីឲ្យលោកអ៊ំពូមីងបងប្អូនបានឈ្វេងយល់ ។ ខ្ញុំមកនេះមិនមែនឲ្យបង ប្អូនទៅស្អប់នរណាទេ ហើយក៏មិនឲ្យលោក អុំ ពូ មីង បងប្អូនលាបពណ៌អ្នកណាឲ្យយើងបែកបាក់គ្នាដែរ ។ ការផ្តល់ព័ត៌មានទាក់ទងនឹងអ្វីដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងពីស្រុកទេស ជាសិទ្ធិរបស់យើងជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នាមិនមែនសិទ្ធិផ្តាច់មុខរបស់បក្សនេះបក្សនោះទេគឺជាសិទ្ធិ របស់ខ្មែរ ទាំងអស់គ្នា។ អ៊ីចឹងបងប្អូនគាត់មានសិទ្ធិ ស្តាប់អ្នកណាក៏បាន ដើម្បីបងប្អូនយកជា មូលដ្ឋានទៅពិចារណា ។

លោកបានបន្តថា លោកមិនបង្ខំឲ្យពល រដ្ឋនៅក្រៅប្រទេសត្រូវតែជឿទៅលើអ្វីដែលលោកជម្រាបជូននាពេលនោះទេ ។ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងច្រើន កុះករនេះ ដែលបង្ហាញនូវស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែល មកចូលរួមស្វាគមន៍ លោក ហ៊ុន ម៉ាណែត នៅទីនោះបានបញ្ជាក់ថា ពួកគាត់ពិតជា សប្បាយរីករាយ ដែលបានជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់នូវរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការរីកចម្រើននៅកម្ពុជា ៕ ហេង សូរិយា


ចែករំលែក៖