ខេត្តកំពង់ចាម៖ តាមរបាយការណ៍ របស់ លោកដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស និស្សិត បានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរ់សជើងឯក ក្នុងក្របខណ្ឌទូទាំងប្រទេសឆ្នាំនេះ មានសិស្សានុសិស្ស មកពីតាមបណ្តា រាជធានី-ខេត្តទាំង២៥ ចូលរួម សរុបប្រមាណ២៥៦៥នាក់ក្នុងនោះ កីឡាការិនី ១០៦០ នាក់ លើប្រភេទកីឡាចំនួន៦ ដែលមានក្នុងកម្មវិធីសិក្សា របស់ក្រសួងអប់រំយុវជន និងកីឡា ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា ធ្លាប់បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួត កីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសថា ការប្រកួតនេះ មានគោលបំណង៣សំខាន់ គឺទី១- ការប្រកួតកីឡាសិស្សមធ្យមសិក្សានេះឡើង ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស សម្រាប់ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ទី២- ត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ កីឡាជាតិក្នុងឆ្នាំ២០១៨ខាងមុខនេះ និង ទី៣- ទិសដៅសម្រាប់កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ។
លោកបានបញ្ជាក់ថា ចាប់ឆ្នាំនេះតទៅ ក្រសួងងអប់រំយុវជន និងកីឡា បានវិភាជន៍ថវិការបស់ខ្លួន ជូនដល់សហព័ន្ធកីឡាជាតិ ដើម្បីមានលទ្ធភាព ដោះម្បីសម្រួលដល់ការរៀបចំផែនការអភិវឌ្ឍតាមប្រភេទកីឡានីមួយៗ ឲ្យស្របតាមនិយាមកីឡាអន្តរជាតិ ដែលអាចឈានទៅគ្រប់គ្រង ការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ពិសេសព្រឹត្តិការណ៍ស៊ីហ្គេម ។
កីឡាមួយ និង ការប្រកួតនេះប្រកួតលើ៦ប្រភេទកីឡារួមមាន៖ កីឡាអត្តពលកម្ម បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ ដែលមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន២៥៦៥នាក់ ក្នុងនោះនារីចំនួន១០៦០នាក់។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងក្នុងកិច្ចប្រជុំ គណៈកម្មការបច្ចេកទេស កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧កន្លងទៅថា យើងបានធ្វើការកែទម្រង់ការប្រកួតដោយការស្នាក់នៅ និងហូបចុក គឺនៅតាមផ្ទះសំណាក់និងសណ្ឋាគារ គឺអាចបញ្ជាក់ថា ជាការរីកចម្រើនមួយនៅក្នុងវិស័យកីឡា ជាងនេះទៀត អត្តពលិកទាំងសុទ្ធតែបានបន្ថែមនូវ របបអាហារ អំឡុងពេលមកស្នាក់នៅ និងត្រៀមប្រកួត តាមប្រភេទកីឡានីមួយៗផងដែរ។
គួរបញ្ជាក់ថា ប្រភេទកីឡាទាំង៦រួមមាន កីឡាអត្តពលកម្ម បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ មានកីឡាករ១.៥០៥នាក់ កីឡាការិនី ១០៦០នាក់ ។ ប្រកួតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅទីរួមខេត្តកំពង់ចាម ៕ សារីម