ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដកតំណែងមេបញ្ជាការកងទ័ពអាកាស

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានសម្រេចដកតំណែងមេបញ្ជាការកងទ័ពអាកាសម្នាក់ និងបង្ខំឲ្យចាកចេញពីជួរកងទ័ព។ មេបញ្ជាការកងទ័ពដែលដកចេញនោះមានឈ្មោះ Kiktor Bondarev។

បទបញ្ជាខាងលើរបស់លោក ពូទីន ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រព័ត៌មានផ្លូវការរបស់រដ្ឋាភិបាល ដោយក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា«ការដកហូតតំណែង និងបណ្តេញចេញពីជួរកងទ័ពរបស់មេបញ្ជាការកងទ័ពអាកាសឧត្តមសេនីយ៍ Viktor Bondarev»។

អ្នកដែលបានតែងតាំងឡើងកាន់តំណែងបណ្តោះអាសន្នគឺ លោក Pavel Kurachenko។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យដកតំណែងមន្ត្រីយោធាជាន់ខ្ពស់ខាងលើរបស់លោក ពូទីន នោះឡើយ ហើយក៏មិនទាន់ដឹងថា ការដកតំណែងនោះ ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់មេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំនៅស៊ីរីដែរឬអត់ទេ។

នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ ក្រសួងការពារជាតិរុស្ស៊ី ប្រឈមនឹងរឿងអាស្រូវពុករលួយជាប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិ។ តុលាការយោធារុស្ស៊ីបានចេញបញ្ជា ឲ្យចាប់ខ្លួនមន្ត្រីយោធាមួយរូប ក្នុងក្រសួងការពារជាតិ ក្រោយរកឃើញថា មានអំពើពុករលួយមានទឹកប្រាក់ជាង ៦,៤លានដុល្លារអាមេរិក។ ហេតុការណ៍ខាងលើត្រូវបាន ចាត់ទុកថាជាអំពើពុករលួយទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ក្រសួងការពារជាតិរុស្ស៊ី។

សារព័ត៌មាន Kommersant បានផ្សាយថា លោក Alexander Vakulin អាយុ៤៦ឆ្នាំ ធ្លាប់កាន់តំណែងជាប្រធានគ្រប់គ្រងការផ្គត់ផ្គង់ស្បៀងអាហារដល់ក្រសួងការពារជាតិ។ លោកត្រូវបានគេរកឃើញថា ទទួលសំណូក ៣៦៨លានរូប ស្មើនឹង ៦,៤លានដុល្លារអាមេរិក ដើម្បីបន្តកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិរុស្ស៊ី នឹងអង្គការពាណិជ្ជកម្មដែលស្មោះត្រង់ និងផ្តល់សេវាកម្មសម្ភារប្រើប្រាស់ដល់កម្លាំងយោធា៕ ម៉ែវ សាធី


ចែករំលែក៖