ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ឃឹម បូរ៉ា ស្វាគមន៍អ្នកប្រដាល់ថៃ ROEUN THAI នៅTV5 Boxing Knock Out Series

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ អ្នកលេងកែង ឃឹម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានរង់ចាំស្វាគមន៍អ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ឈ្មោះ ROEUN THAI ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈការប្រកួតវគ្គជម្រុះដំណាក់កាលពីទី១ នៃពានរង្វាន់ TV5 Boxing Knock Out Series by K-Cement ប្រភេទទម្ងន់៦៥គីឡូក្រាម តម្រូវលើអ្នកប្រដាល់គុនខ្មែរ៤នាក់បន្តត្រូវប្រកួតដណ្តើម កៅអីវគ្គទី២។

លោកសេង កដិកាអ្នកគ្រប់គ្រងកម្មវិធី ប្រដាល់ របស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា ចាប់តាំងពីសប្តាហ៍ទី១ បន្ទាប់ពីថ្នាក់ដឹកនាំបានផ្លាស់ប្តូរទីតាំង ដោយលើកយកសង្វៀន ប្រដាល់គុនខ្មែរ ទៅរៀបចំនៅ ព្រែកកំពឹសវិញមកកម្មវិធី TV5 Boxing Knock Out Series by K-Cement ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ស្ទើររកកន្លែងអង្គុយគ្មាន។

លោកបានបន្តថា ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនាពេលនេះ ដោយសារតែស្ថានីយ បានជម្រើសយកអ្នកប្រដាល់គុនខ្មែរ ដែលមានសមត្ថភាពពិត ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ TV5 Boxing Knock Out Series by K-Cement ។ ជាក់ស្តែង សប្តាហ៍ទី៤នេះ តម្រូវលើកីឡាករ ផន ប៊ុនម៉ៅ មកពីក្លិប បុរីរាជសីហ៍មានប្ញទ្ធិ ប្រកួតជាមួយ កីឡាករ រ៉ា សារ៉ែម មកពីក្លិបពន្លឺណេអុង រីឯកីឡាករ រ័ត្ន ដារ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវជួបជាមួយ កីឡាករ សៀន វិបុល មកពីក្លិប រាជសីហ៍ ខេត្តរតនគិរី ។

លោកប្រធានគ្រប់គ្រងកម្មវិធីរូបនេះបានបន្តថា អ្វីដែលកាន់តែធ្វើឲ្យប្រិយមិត្តជាប់ចិត្ត ជាមួយការរៀបចំ របស់គណៈកម្មការ សង្វៀនប៉ុស្តិ៍លេខ៥នោះ គឺការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ រវាងអ្នកប្រដាល់គុនខ្មែរ ជាមួយអ្នកប្រដាល់ថៃ គឺជារៀងរាល់ចុងសប្តាហ៍ តែងតែមាន គូមិត្តភាពអន្តរជាតិជាប្រចាំតែម្តង ។

គួរបញ្ជាក់ថា កម្មវិធីប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់ Boxing Knock Out Series by K-Cement ដំណាក់កាលដំបូង មានកីឡាករចូលរួម ៣២នាក់ ដោយអនុវត្តតាមរូប មន្តប្រកួតនៅជម្រុះចាញ់ធ្លាក់ ឈ្នះត្រូវរង់ចាំប្រកួតនូវវគ្គបន្ត រហូតដល់រកឃើញកីឡាករ៤នាក់ ចុងក្រោយ ទើបត្រូវប្រកួតផ្តាច់ព្រ័ត្រ ឈានទៅគ្រងតំណែងជើងឯកប្រចាំរដូវកាល់ Boxing Knock Out Series by K-Cement ដែលមានប្រាក់រង្វាន់ចំនួន៤ពាន់ដុល្លារ សម្រាប់ម្ចាស់ជើងឯក ៕ សារីម


ចែករំលែក៖