ការបាញ់ប្រហារ នៅក្នុងជួរកងទ័ព កន្លងមកកើតឡើង ភាគច្រើននៅ លើកម្លាំងទាហានអាមេរិក ដោយសារតែទាហានទាំងនោះមានភាព តានតឹង (ស្ត្រេស)មិនអាចគ្រប់គ្រងខ្លួនឯងបាន។ ភាគច្រើនយោធាដែលបាញ់ប្រហារគ្នាឯង គឺធ្លាប់ចូលរួមនៅក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។
នៅពេលនេះ ការបាញប្រហារបានកើតឡើង ដល់ទាហានរុស្ស៊ី ដោយ យោធារបស់រុស្សីម្នាក់ បានបើកការបាញ់សម្លាប់មិត្តរួមក្រុមរបស់ខ្លួន ដែលជាយោធាដូចគ្នាអស់៣នាក់ និងរបួស២នាក់ផ្សេងទៀត កាលពីថ្ងៃសុក្រម្សិលមិញ ។
យោងតាមការអះអាងរបស់លោករដ្ឋមន្ត្រីការពារជាតិរុស្សី បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងពេលដែលពួកគេ កំពុងតែធ្វើសកម្មភាពហ្វឹកហ្វឺន ហើយជនសង្ស័យរូបនោះ បានកំពុងរត់គេចខ្លួន ជាមួយនឹងកាំភ្លើងយន្តមួយដើម ស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃប្រទេស។
ខណៈការស្រាវជ្រាវ និងស៊ើបអង្កេត ត្រូវបានចាប់ផ្តើមដំណើរការឡើង ប៉ុន្តែនៅមិនទាន់ការអះអាង បញ្ជាក់ច្បាស់នៅឡើយទេថា មូលហេតុប្រាកដដែលជម្រុញ ឲ្យជនសង្ស័យប្រព្រឹត្តសកម្មភាពនេះ។
រដ្ឋាភិបាលរុស្ស៊ីបង្ហាញក្តីបារម្ភ ខ្លាចកម្លាំងទាហានមួយចំនួន អាចដើរតាមការអំពាវនាវរបស់ក្រុមភេរវកម្ម IS ដែលរុស្ស៊ីចូលរួមវាយប្រហារ ។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ ការបាញ់ប្រហារកើតឡើង ចំពេលដែលប្រធានាធិបតីរុស្ស៊ី លោកពូទីនបានដកដំណែង មេបញ្ជាការកងទ័ពអាកាស រុស្ស៊ី ហើយដកចេញពីក្រមខណ្ឌយោធាទៀតផង៕ ម៉ែវ សាធី