ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមិត្តភក្តិគេចខ្លួន៤ខែ ប្រទះឃើញតាមផ្លូវស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋចាប់ជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់វាយម្នាក់១ដៃមួយជើងបណ្តាលឲ្យបែកក្បាល ទើបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីជនសង្ស័យម្នាក់នោះបានប្រើល្បិចខ្ចីម៉ូតូមិត្តភក្តិស្គាល់គ្នាជិះទៅរកទិញម្ជូរ ហើយយកទៅបាត់រហូតអស់រយះពេល៤ខែ ហើយទើបតែប្រទះឃើញមុខ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្សារវីនមុីង ជាប់របងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឆបោកខាងលើមានឈ្មោះ អ៊ូច យ៉ុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ខេត្តបាត់ដំបង ។

ចំណែកជនរងគ្រោះ ឈ្មោះ ណូត ថៃ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិអង្គតាសោម ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ រីឯម៉ូតូដែលជនសង្ស័យឆបោកយកទៅលក់បាត់ ម៉ាក ហុងដា សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-4597។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពី៤ខែមុន ជនសង្ស័យ ធ្វើការងារ ជាជាងប៉ះកង់ឡាន នៅកន្លែងយានដ្ឋានជាមួយគ្នា នៅផ្លូវវេងស្រេង នៅថ្ងៃកើតហេតុ កាលពី៤ខែកន្លងទៅ ជនសង្ស័យប្រើល្បិចខ្ចីម៉ូតូ ប្រាប់ថាទៅរកទិញម្ជូរហូប តែផ្ទុយទៅវិញ យកទៅបាត់រហូត មិនឃើញ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅហើយដែរ ។

ប្រភពបន្តទៀតថា លុះនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា មិត្តភក្តិរួមការងាររត់មកប្រាប់ ប្រទះឃើញមុខជនសង្ស័យ នៅក្បែររបងសួនកាណាឌីយ៉ា ទើបនាំគ្នា រត់ទៅឃើញជនសង្ស័យបម្រុងរត់គេច ស្រែកចោរ ផ្អើលប្រជាពលរដ្ឋ ព័ទ្ធចាប់ស្វាគមន៍ វាយបែកក្បាលហូរឈាមជោគ រួចប្រគល់ឲ្យប៉ូលីសយកទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។

ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូខ្លួនយកទៅលក់បានលុយ១០០ដុល្លារ ហើយគេចខ្លួនទៅសម្ងំលាក់ខ្លួននៅឯខេត្តបាត់ដំបង អស់រយៈពេល៤ខែកន្លងមកហើយ ទើបតែថ្ងៃទី២៨ ខែកញ្ញានេះ វិលមកធ្វើជាកម្មកររោងចក្រ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ហើយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ធ្វើដំណើរមក ក្បែរសួនកាណាឌីយ៉ា ម្ចាស់ម៉ូតូឃើញមុខ ស្រែកចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖