វិបត្តិនៅកូរ៉េខាងជើងឈានដល់ដំណាក់កាលតានតឹងបំផុត ហើយចិនក៏មិនអាចជួយស្វែងរកដំណោះស្រាយបានដែរដោយចិនបានចូលរួមដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើកូរ៉េខាងជើងក្នុងវិស័យសេដ្ឋកិច្ច ។ កន្លងមក ចិនបានប្រកាសបិទ និងបណ្តេញក្រុមហ៊ុនកូរ៉េខាងជើងចេញពីប្រទេសចិន។
នៅពេលនេះ ប្រទេសតែមួយគត់ដែលអាចជួយស្វែងរកដំណោះស្រាយកូរ៉េខាងជើងមានតែរុស្ស៊ីមួយគត់ ។ រុស្ស៊ីក៏ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់កូរ៉េខាងជើងតាំងពីរដ្ឋកាលលោកគីម ជុងអ៊ីល ។ អ្វីដែលចាប់អារម្មណ៍នោះប្រព័ន្ធមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើង គឺបានមកពីរុស្ស៊ីទាំងអស់ តាមផ្លូវ (ងងិត) ទាំងបច្ចេកវិទ្យាមីស៊ីល និងបរមាណូ។
នៅពេលនេះទីក្រុងមូស្គូកំពុងត្រៀមរៀបចំខ្លួនដើម្បីធ្វើការជាមួយទីក្រុងព្យុងយ៉ាងសាកល្បងស្វែងរកដំណោះស្រាយចំពោះវិបត្តិមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មានរ៉យតើ បានផ្សាយថា រុស្ស៊ីបាននិយាយថា បានត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណាប់អារម្មណ៍ សាកល្បងស្វែងរកផ្លូវដោះស្រាយបញ្ហាក្នុងតំបន់ ដោយមធ្យោបាយសន្តិភាព នយោបាយ និងការទូត។
ការប្រកាសថ្លែងបែបនេះរបស់ក្រសួងការបរទេសរុស្ស៊ី តាមប្រភពព័ត៌មានគឺធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួង បន្ទាប់ពីជំនួបមួយរវាងឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Oleg Burmistrov នឹងលោក Choe Son-hui ជានអគ្គនាយកនៃនាយកដ្ឋានផ្នែកអាមេរិកខាងជើងរបស់ក្រសួងការបរទេសកូរ៉េខាងជើង។
កន្លងមកមន្ត្រីជំនាញរុស្ស៊ី និងកូរ៉េខាងជើង ជួបពិភាក្សាគ្នាក្នុងទីក្រុងមូស្គូ ស្តីអំពីវិបត្តិកូរ៉េខាងជើងហើយសកម្មភាពនេះ ត្រូវបានអបអរស្វាគមន៍ដោយសហរដ្ឋអាមេរិក ដែលជាប់គាំងក្នុងភ្លើងសង្គ្រាមពាក្យសម្តីខ្លាំងឡើង ជាមួយទីក្រុងព្យុងយ៉ាងជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកុម្មុយនិស្តនេះ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា លោក Oleg Burmistrovដែលជាឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ី នឹងជួបគ្នាជាមួយ លោក Choe Son-hui អគ្គនាយកនៃនាយកដ្ឋានទទួលបន្ទុកផ្នែកអាមេរិកខាងជើងរបស់ក្រសួងការបរទេសទីក្រុងព្យុងយ៉ាង ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបដិសេធមិនប្រាប់សេចក្តីលម្អិតអំពីកិច្ចជំនួបនោះទេ។
យោងតាមប្រភពព័ត៌មានពីកាសែតរ៉យតើ ចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្តែងការស្វាគមន៍ ចំពោះកិច្ចជំនួបដែលគ្រោងឡើងនោះដោយមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានមានប្រសាសន៍ថា លោកស្រីមើលមិនឃើញថា កិច្ចជំនួបនោះគឺជារឿងអាក្រក់នោះទេ៕ ម៉ែវ សាធី