ព័ត៌មានទាន់ហេតុការណ៍៖

Catalan ប្តេជ្ញាចាកចេញពីអេស្ប៉ាញ និងការធ្វើប្រជាមតិបង្ហូរឈាម

ចែករំលែក៖

ប៉ូលិសអេស្ប៉ាញបានបង្ខំចិត្តបាញ់គ្រាប់កាំភ្លើងកៅស៊ូ និងវាយដោយដំបងឆក់ ធ្វើឲ្យពលរដ្ឋ កាតាឡាន(Catalan)៤៦៥នាក់រងរបួស។ នៅតាមទីតាំងបោះឆ្នោតប្រជាមតិ ប៉ូលិសបានបាញ់គ្រាប់កៅស៊ូទៅលើអ្នកដែលខិតខំទៅបោះឆ្នោត ក្នុងគោលដៅច្រានចោលភាពស្របច្បាប់នៃការបោះឆ្នោតខាងលើ។

ប៉ូលិសអេស្ប៉ាញបានឈរជាជួររារាំងពលរដ្ឋទៅបោះឆ្នោតប្រជាមតិ មិនតែប៉ុណ្ណោះ បានសម្រុកចូលទីតាំងបោះឆ្នោតប្រជាមតិ នៅការិយាល័យមួយចំនួននៅក្នុងតំបន់ Catalonia វាយប្រហារទៅលើអ្នកចូលរួមបោះឆ្នោត នៅទីនោះ ដែលរឹងរូស នៅតែទៅបោះឆ្នោត បើទោះបីមានការរារាំងក្តី។

មន្ទីរសុខាភិបាល Catalonia បានប្រកាសឲ្យដឹងថា មានពលរដ្ឋរហូតដល់ទៅ៤៦៥នាក់ រងរបួស បញ្ជូនមកកាន់មន្ទីរពេទ្យ ក្នុងនោះមាន២នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។

រដ្ឋាភិបាលអេស្ប៉ាញបានប្តេជ្ញា រារាំងពលរដ្ឋដែលទៅចូលរួមបោះឆ្នោតប្រជាមតិឲ្យបានច្រើនបំផុត។ ជាមួយគ្នានេះ តុលាការកំពូលអេស្ប៉ាញបានបញ្ជាក់ថា ការបោះឆ្នោតខាងលើគឺជារឿងខុសច្បាប់។

កម្លាំងប៉ូលិសអេស្ប៉ាញបានបិទទ្វារការិយាល័យបោះឆ្នោតបានសម្រេច ចំនួន៩២កន្លែងក្នុងចំណោមការិយាល័យឆ្នោតទាំងអស់២.៣០០កន្លែង។ កម្លាំងប៉ូលិសនៅតែបន្តរារាំងពលរដ្ឋទៅបោះឆ្នោត រហូតដល់ការិយាល័យបោះឆ្នោត ត្រូវបានបិទ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា រដ្ឋាភិបាលអេស្ប៉ាញ បានប្តេជ្ញាក្នុងការបញ្ឈប់ការបោះឆ្នោតប្រជាមតិ ខុសច្បាប់រដ្ឋធម្មនុញ្ញ របស់ប្រទេសនេះ។ តាមច្បាប់ រដ្ឋធម្មនុញ្ញអេស្ប៉ាញ ពលរដ្ឋមានសិទ្ធិក្នុងការផ្តាច់ខ្លួនឯករាជ្យ ប៉ុន្តែត្រូវតែបោះឆ្នោតប្រជាមតិទូទាំងប្រទេស មិនមែនតែនៅក្នុងតំបន់ដែលចង់ផ្តាច់ខ្លួននោះឡើយ។

នៅក្នុងតំបន់រដ្ឋធានី Barcelona ប៉ូលិសបានប្រើដំបង និងបាញ់កាំភ្លើងជ័រអំឡុង ការធ្វើប្រជាមតិ។ ចំនួនអ្នករបួសចុងក្រោយបំផុត ត្រូវបានបញ្ជាក់ ដោយអ្នកនាំពាក្យរបស់រដ្ឋាភិបាលតំបន់កាតាឡាន ក៏ដូចជា នាយកដ្ឋានសុខាភិបាលប្រចាំតំបន់។ ដោយឡែកក្រសួងមហាផ្ទៃអេស្ប៉ាញ បាននិយាយថា មន្ត្រីប៉ូលិស១១នាក់ ក៏បានរងរបួសផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រីឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញ Soraya Saenz de Santamaria បាននិយាយថា ក្រុមប៉ូលីសបានអនុវត្ត ដោយមានវិជ្ជាជីវៈ និងមធ្យោបាយសមរម្យទៅលើប្រជាជន៕ ម៉ែវ សាធី


ចែករំលែក៖