ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពជើងទឹកចិនសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងទឹកកម្ពុជាបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមនាវីទោ SHEN HAO មេបញ្ជាការរងកងនាវាសមុទ្រខាង កើតកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនបានសន្យាថានឹងខិតខំធ្វើយ៉ាងណា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ កងទ័ពជើងទឹកទាំងពីរ កម្ពុជា-ចិនឲ្យកាន់ តែខ្លាំងក្លាបន្ថែមទ្វេឡើងថែមមួយកម្រិតទៀត ។

ការសន្យារបស់លោកឧត្តមនាវីទោ SHEN HAO ធ្វើឡើងក្នុងជំនួបទ្វេភាគីជា មួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ក្រសួងការ ពារជាតិនារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៧នៅទីស្តីការក្រសួងការពារជាតិ ។

លោកឧត្តមនាវីទោ SHEN HAO បានលើកឡើងបន្តទៀតថា ប្រទេសចិន និង កម្ពុជាគឺជាមិត្តជិតស្និទ្ធ ស្អិតល្មួតលើ គ្រប់វិស័យ។ ក្នុងនាមលោកជាមន្រ្តីជាន់ ខ្ពស់មួយរូបនៅក្នុងកងទ័ពជើងទឹកចិន លោករំពឹងថា រាល់ទំនាក់ទំនងដ៏ល្អរវាងគ្នានឹងគ្នានេះគឺមិនសាបសូន្យនោះឡើយ។

លោកបន្តថា នាវាជើងទឹកចិនដែលមកសំចតនៅកំពង់ផែស្វយ័តកម្ពុជានេះ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ជា មួយកងទ័ពជើងទឹកកម្ពុជា ។ ខណៈនាវា ចំនួនបីគ្រឿងនេះនឹងធ្វើដំណើរទៅកាន់ ប្រទេសចំនួន ២០ ក្នុងតំបន់អាស៊ីអាគ្នេយ៍តំណាងឲ្យរដ្ឋាភិបាលចិនលេីគម្រោងផ្លូវ មួយខ្សែក្រវាត់មួយ ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ នាវាកងទ័ពជើង ទឹកកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានលក្ខណៈបច្ចេកទេស ដូចជា ១.នាវាឈ្មោះ Chang Chun លេខ ១៥០(DDG) ២.នាវាឈ្មោះ JingZhou លេខ៥៣២(FFG) ៣.នាវាឈ្មោះ Chao Hu លេខ ៨៩០ នាវាទាំងបីគ្រឿងនេះបានចូលចតក្នុងប្រទេសកម្ពុជាចំនួនពីរ លើកហើយ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ (ខ.ភ.ម) ផងដែរ។

ថ្លែងនៅក្នុងជំនួបនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានស្វាគមន៍ ចំពោះការសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្តេច អរគុណដល់ភាគីចិនដែលតែងតែជួយឧបត្ថម្ភ គាំទ្រដល់កម្ពុជាមិនថាជំនួយផ្នែកយោធានិងជំនួយអ្វីនោះឡើយ ៕ សុខដុម


ចែករំលែក៖