ទោះបីមាន បច្ចេកវិទ្យាទំនើប ប្រព័ន្ធ រ៉ាដា ឧបករណ៍ រុករកទាំងនៅក្នុងបាត សមុទ្រនិង នៅលើដីក៏មិនអាចរកឃើញ យន្តហោះដែលបាត់ខ្លួនជាង៣ឆ្នាំកន្លងមកនោះដែរ។ ទាំងនោះជាការបរាជ័យមួយយ៉ាងធំធេងរបស់ពិភពលោក ក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ ។
ប្រទេសអូស្ត្រាលីដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការរុករកនោះបានចេញរបាយការណ៍ចុងក្រោយ របស់ខ្លួន ដោយបញ្ជាក់ពីការបរាជ័យក្នុងការស្វែងរកយន្តហោះនិងអ្នកដំណើរជាង២០០នាក់ដែលបាត់ខ្លួន។ក្រុមការងារស្រាវជ្រាវអូស្ត្រាលី ដែលសហ ការ ក្នុងការរុករកយន្តហោះ ម៉ាឡេស៊ី ជើង ហោះហើរលេខ MH370 ដែលបានបាត់ កាលពីឆ្នាំ២០១៤នោះ ទើបបានចេញ របាយការណ៍ចុងក្រោយ របស់ខ្លួន នៅ ថ្ងៃអង្គារ ទី៣ ខែតុលានេះ។ យោងតាម របាយការណ៍នេះ ក្រុមការងារអូស្ត្រាលី បានត្រឹមតែបញ្ជាក់ ពីបរាជ័យ ក្នុងការរុក រកយន្តហោះនេះ តែប៉ុណ្ណោះ។ សម្រាប់ ក្រុមការងារ វាគឺជារឿងមួយ មិនអស់ ចិត្តសោះ និងមិនអាចទទួលយកបានទេ ដែលយន្តហោះមួយទាំងមូល បាត់ ស្រមោលឈឹងសូន្យបែបនេះ។
យន្តហោះដឹកអ្នកដំណើរ របស់ក្រុម ហ៊ុន Malaysia Airlines ជើងហោះ ហើរលេខ MH370 បានបាត់ដំណឹងនៅថ្ងៃ ទី ៨ ខែមីនា ឆ្នាំ២០១៤ ដោយនាំយកទៅ ជាមួយ នូវជីវិតមនុស្សចំនួន២៣៩នាក់។ យន្តហោះដ៏ទំនើប ប្រភេទBoeing777 បាត់ស្រមោលឈឹងសូន្យ ដោយគ្មានទុក ដានបែបនេះ គឺជារឿងមួយដ៏អាថ៌កំបាំង បំផុត ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ស៊ីវិល។
ក្រុមការងារស្រាវជ្រាវអូស្ត្រាលី ATSB ដែលសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ទើបតែបានចេញរបាយការណ៍ចុងក្រោយបង្អស់របស់ខ្លួន ស្តីពីលទ្ធផលនៃការរុករកសាកសពយន្តហោះនេះ។ ក្រុមការងារនេះ គ្មានពាក្យអ្វីនឹងថ្លែងក្រៅ តែពីបញ្ជាក់ ពីការអស់សង្ឃឹម ដែលការរុករក នៅតែ បរាជ័យ អស់រយៈពេលជាង៣ឆ្នាំមកនេះ។
ក្រុមការងារ ATSB បានលើកឡើងថា ដរាបណា នៅតែរកយន្តហោះមិនទាន់ ឃើញ នោះគេមិនអាចសន្និដ្ឋានពីមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យមានគ្រោះ ថ្នាក់នេះទេ។ បន្ថែមពីនេះ របាយការណ៍ ដែលមានកម្រាស់ ៤៤០ទំព័រនេះ បានបន្ត ថា វាជារឿងមួយដែលមិនគួរឲ្យជឿ មិន អាចទទួលយកបាន និងមិនអស់ចិត្តទាល់ តែសោះ ដែលក្នុងសម័យបច្ចេកវិទ្យាដ៏ ទំនើប ក្នុងសតវត្សទី២១នេះ យន្តហោះធំ ដ៏ទំនើបមួយ បានបាត់ដានបាត់ស្រមោល ដោយមិនអាចស្វែងរកឃើញបែបនេះ៕ ម៉ែវ សាធី