សារព័ត៌អុីរ៉ង់ Fars បានផ្សាយថា រដ្ឋ មន្ត្រីក្រសួងការពារជាតិអុីរ៉ង់ លោក Amir Hatami កាលពីថ្ងៃទី៣ ខែតុលា បាន បញ្ជាក់ថា អុីរ៉ង់នឹងសហការជាមួយអុីរ៉ាក់ នៅក្នុងការទប់ស្កាត់ចលនាបំបែកខ្លួនរបស់ ក្រុមជនជាតិឃើដ នៅក្នុងប្រទេសនេះ។
លោក Amir Hatami បានបញ្ជាក់ថា «អុីរ៉ង់បានប្រឆាំងយ៉ាងដាច់អហង្ការ រាល់ សកម្មភាពចលនាណាមួយ ក្នុងការបំបែក ទឹកដីអុីរ៉ាក់។ យើងបានចាត់ទុក ក្រុមទាម ទារផ្តាច់ខ្លួនជនជាតិឃើដ កំពុងបង្កគ្រោះថ្នាក់ដល់សន្តិសុខនៅក្នុងតំបន់»។
លោក Amir Hatami បន្តទៀតថា អុីរ៉ង់នឹងមិនបោះបង់រាល់ការខិតខំណាមួយដើម្បីការពារសន្តិសុខនៅក្នុងតំបន់ នៅពេល ដែលរងការគំរាមកំហែង។ យើងនឹងសហការជាមួយអុីរ៉ាក់ដើម្បីទប់ទល់នឹងចលនាផ្តាច់ខ្លួនរបស់ក្រុមជនជាតិឃើដ។
កាលពីថ្ងៃទី២ ខែតុលាកន្លងទៅកម្លាំងទាហានអុីរ៉ង់បានធ្វើសមយុទ្ធជាមួយអុីរ៉ាក់នៅក្នុងតំបន់ ក្រោយពេលមានការបោះឆ្នោតប្រជាមតិដែលមានវិវាទ នៅក្នុងតំបន់ រស់នៅរបស់ជនជាតិឃើដ។ កម្លាំងទាហានអុីរ៉ង់ក៏បានបង្កើនការយាមល្បាតនៅតាមបណ្តោយព្រំដែនជាប់ប្រទេសអុីរ៉ាក់ផងដែរ។
ក្រោយលទ្ធផលនៃប្រជាមតិទាមទារ ឯករាជ្យនៅតំបន់ជនជាតិឃើដ រស់នៅក្នុង ប្រទេសអុីរ៉ាក់ ដែលសហគមន៍អន្តរជាតិ ភាគច្រើនមិនទទួលស្គាល់នោះ រដ្ឋាភិ បាលអុីរ៉ាក់ បានចាត់វិធានការក្តៅដំបូង ដោយកាត់ផ្តាច់ចរាចរណ៍ផ្លូវអាកាស មិនឱ្យតំបន់ជនជាតិឃើដ មានទំនាក់ទំនង ជាមួយបរទេសទេ។ គ្រប់ជើងយន្តហោះ មកពីបរទេស និងសម្រាប់ចេញបរទេស ត្រូវបានបញ្ឈប់ទាំងអស់ លើកលែងតែយន្តហោះយោធា មនុស្សធម៌ និងការទូត ប៉ុណ្ណោះ។
ដូចបានប្រកាសដាក់ឱសានវាទកាលពីបីថ្ងៃមុន រដ្ឋាភិបាលអុីរ៉ាក់ បានប្រើអំណាចស្របច្បាប់របស់ខ្លួនកាត់ផ្តាច់ចរាចរណ៍ផ្លូវអាកាសជាតិអន្តរជាតិ ទៅកាន់ និងមកពី តំបន់ ជនជាតិឃើដ អុីរ៉ាក់ ចាប់ពីល្ងាច ថ្ងៃសុក្រមក។ ការបញ្ឈប់ជើងហោះហើរ អន្តរជាតិបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគួដឌីស្ថានផង និងដល់ជនស៊ីវិលអុីរ៉ាក់ទាំងមូលផង។ ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រីអុីរ៉ាក់ ដែលវិធានការហាមឃាត់នេះមិនមែនជាការដាក់ទណ្ឌកម្មតំបន់ទេ តែជាចំណាត់ការស្របច្បាប់របស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងទៅលើអាកាសយានដ្ឋាន និងប៉ុស្តិ៍ព្រំដែន។
ជាងនេះទៅទៀត លោកនាយរដ្ឋមន្ត្រី អុីរ៉ាក់ បានបដិសេធដាច់ខាតរាល់គ្រប់ទម្រង់នៃការចរចា ក្រៅផ្លូវការ ក្នុងផ្លូវការ ឬដោយ សម្ងាត់ ដរាបណាប្រធានគ្រប់គ្រងតំបន់ គួដឌីស្ថានមិនប្រកាសលុបចោលលទ្ធផល ប្រជាមតិនោះទេ។
សូមបញ្ជាក់ថា បម្រាមបិទខ្ទប់អាកាសយានដ្ឋានតំបន់ជនជាតិឃើដនេះ បាន ប្រកាសឡើងបន្ទាប់ពីប្រធានគ្រប់គ្រងតំបន់ស្វយ័តគួដឌីស្ថានបានរៀបចំធ្វើប្រជាមតិទាមទារឯករាជ្យប្រកបដោយជោគជ័យ ភ្លូកទឹកភ្លូកដីរួចមក។ ប្រជាមតិដែលសហ រដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជិតខាង ទាំងឡាយ ទើបបានប្រកាសមិនទទួល ស្គាល់លទ្ធផល និងបានអំពាវនាវឱ្យគ្រប់ភាគីនាំគ្នាចរចាដោះស្រាយវិបត្តិ និងចេះ អត់ធ្មត់។
ចំណែកប្រធានាធិបតីបារាំង ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់មិញដែរ(ទី៣ ខែតុលា) អំពាវនាវអុីរ៉ាក់រក្សាការរួបរួមជាតិ បង្រួបបង្រួមទឹកដីអុីរ៉ាក់តែមួយ តែមិនត្រូវភ្លេចអំពីសិទ្ធិរបស់ពលរដ្ឋគួដឌីស្ថាន។ បារាំងចង់ឃើញអុីរ៉ាក់រួបរួមគ្នា ព្រោះអាទិភាពរបស់អុីរ៉ាក់គឺប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ិស្លាម។ លោកប្រធានា ធិបតីបារាំង ម៉ាក្រុងក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីអុីរ៉ាក់ឱ្យមកបំពេញទស្សនកិច្ចនៅប៉ារីស ដើម្បីជជែកអំពីបញ្ហានេះ នៅថ្ងៃទី៥ ខែតុលា នេះ៕ ម៉ែវ សាធី