ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ Catalonia នឹងប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពីអេស្បា៉ញដោយឯកតោភាគី នៅប៉ុន្មានថ្ងៃខាងមុខ

ចែករំលែក៖

ប្រមុខដឹកនាំ តំបន់កាតាឡូនៀ បានឲ្យ ដឹងថា តំបន់ស្វយ័តកាតាឡូនៀ នឹងប្រកាស ឯករាជ្យ ផ្តាច់ខ្លួនចេញពីអេស្ប៉ាញជាឯកតោភាគីនៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ ក្រោយ។

លោក Carles Puigdemont កាលពីថ្ងៃ ទី៣ខែតុលា បានប្រកាសថា រដ្ឋាភិបាលអេស្បា៉ញកំពុងតែគ្រប់គ្រង តំបន់ស្វយ័ត កាតាឡូនៀ ហើយនេះជាកំហុស ធ្វើឲ្យ ផ្លាស់ប្តូរគ្រប់យ៉ាង។ តាមសារព័ត៌មាន ប៊ីប៊ីស៊ី ប្រធានគ្រប់គ្រងតំបន់ខាងលើ នឹងមានសកម្មភាព ប្រកាសឯករាជ្យ នៅ ចុងសប្តាហ៍នេះឬដើមសប្តាហ៍ក្រោយ។

ជាមួយគ្នានេះលោក Carles Puigdemont ក៏បានអំពាវនាវដល់សហគមន៍ អន្តរជាតិ ចូលរួម ជួយដោះស្រាយវិបត្តិ ខាងលើ ។ លោក ក៏បានជំទាស់ទៅនឹង ការប្រកាសរបស់ គណៈកម្មាធិការអឺរ៉ុបដោយចាត់ទុកថានេះជាបញ្ហាផ្ទៃក្នុង របស់ អេស្បា៉ញ។

កាលពីថ្ងៃទី១ខែតុលា ពលរដ្ឋនៅក្នុងតំបន់កាតាឡូនៀបានទៅបោះឆ្នោតប្រជាមតិចាកចេញពីអេស្បា៉ញ ដោយលទ្ធផល ពលរដ្ឋជាង៩០ភាគរយបានឯកភាព ហើយមានតែពលរដ្ឋ៧,៨៧ភាគរយ ប៉ុណ្ណោះ មិនព្រមចាកចេញ។ បើទោះបី រដ្ឋាភិបាលអេស្បា៉ញបានខិតខំរារាំងការ បោះឆ្នោតខាងលើ តែមន្ត្រីនៅក្នុងតំបន់ ចាត់ទុកថាជារឿង ស្របច្បាប់។ចំណែក រដ្ឋាភិបាល អេស្ប៉ាញចាត់ទុកថាជា សកម្មភាពខុសច្បាប់ដោយការធ្វើប្រជាមតិចាកចេញពីអេស្បា៉ញលុះត្រាណា ធ្វើទូទាំង ប្រទេស។

ចម្លើយ “ព្រម” ចង់ទាមទារឯករាជ្យ តំបន់កាតាឡូនៀ បានឈ្នះនាំមុខដាច់ នៅក្នុងការបោះឆ្នោតប្រជាមតិថ្ងៃទី ១ តុលាកន្លងទៅ។ បើតាមអាជ្ញាធរតំបន់ ការឈ្នះមានកម្រិតដល់ទៅ៩០%។ ប៉ុន្តែ ប្រជាមតិខុសច្បាប់ នឹងហាមឃាត់ ដោយ រដ្ឋាភិបាលក្រុងម៉ាឌ្រីដនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសដ៏ហិង្សា ដែលអាចផ្តល់ផល វិបាកធ្ងន់ធ្ងរពិបាកស្មានបំផុត។ រដ្ឋាភិបាលអេស្ប៉ាញនិងអាជ្ញាធរគ្រប់គ្រងតំបន់កាតាឡូនៀ បន្តប្រឈមមុខដាក់គ្នា ស្រែកយក ឈ្នះរៀងៗខ្លួន។

តំបន់កាតាឡូនៀ បានស្គាល់ភាព ហិង្សាយ៉ាងខ្លាំង ! អាជ្ញាធរកាតាឡូនៀ ជម្នះរៀបចំប្រជាមតិ បើទោះបីរដ្ឋាភិបាលអេស្ប៉ាញបានបញ្ជូនកម្លាំងប៉ូលិសមកបិទការិយាល័យបោះឆ្នោតអស់ជាងពាក់ កណ្តាលក៏ដោយ ក៏ការបោះឆ្នោតនៅតែអាចប្រព្រឹត្តទៅបានទៀត។

ជោគជ័យមួយទៀត គឺសន្ទុះនៃការចង់ ចូលរួមបោះឆ្នោត។ តាមការពិតទៅបើ និយាយអំពីចំនួនអ្នកចូលរួម និងលទ្ធផល តែម្តង គេពិបាកនឹងកំណត់ឱ្យបានច្បាស់លាស់ណាស់ ព្រោះដោយសារអន្តរាគមន៍រារាំងរបស់រដ្ឋាភិបាល គេមិនអាចដឹងថា នៅក្នុងចំណោមប្រជាជន៥លាននាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្មានចូលរួម ហើយមានការិយាល័យបោះឆ្នោតប៉ុន្មានបានដំណើរការទេ។ ខាងរដ្ឋាភិបាលក៏បានបិទខ្ទប់ពិធីរាប់សន្លឹកឆ្នោតតាមប្រព័ន្ធអុីនធើណេត។ សុពលភាពនៃការបោះឆ្នោតអាចនឹងត្រូវគេបន្ទោសថាពិបាកទុកចិត្ត។ ប៉ុន្តែសម្រាប់អាជ្ញាធរតំបន់ កាតាឡូនៀ បានធ្វើអ្វីដែលជាសិទ្ធិរបស់គេ ដែលជា ការបញ្ចេញយោបល់ មិនពេញលេញមែនតែក៏ក្នុងទម្រង់ជាប្រជាមតិដែរ។ នេះ ហើយជាជ័យជម្នះ អាជ្ញាធរកាតាឡូនៀ ប្រកាសថា មានពលរដ្ឋដល់ទៅ ជាង ៤២%បានទៅបោះឆ្នោតបាន ក្នុងនោះ ៩០% បានគាំទ្រការទាមទារឯករាជ្យ។

អ្នកដែលចាញ់ខ្លាំង គឺប្រមុខរដ្ឋាភិបាលអេស្ប៉ាញលោកMariano Rajoy មិនអាច រារាំងការបោះឆ្នោតបានហើយ ថែមទាំងបានបន្សល់ទុកនូវភាពហិង្សាដ៏អាក្រក់ របស់ប៉ូលិស ផ្សព្វផ្សាយពេញពិភព លោក។

រដ្ឋាភិបាលអេស្ប៉ាញ ជាអំណាច កណ្តាល របស់ប្រទេស ! ថ្វីបើពេលនេះ លោកប្រមុខរដ្ឋាភិបាល Mariano Rajoy ហាក់ដូចជាឯកោ និងរងការបន្ទោស ថាទន់ខ្សោយ និងអសមត្ថភាព មែន ប៉ុន្តែលោកច្បាស់ជាមិននៅស្ងៀម បណ្តោយឱ្យកាតាឡូនៀ ប្រកាសឯករាជ្យ ដោយស្រួលៗឡើយ។ រដ្ឋាភិបាលម៉ាឌ្រីដមិនដែលនឹកឃើញចង់ឱ្យមានប្រជាមតិស្វ័យប្រកាសឯករាជ្យទេ ហើយច្បាប់រដ្ឋធម្មនុញ្ញក៏មិនអនុញ្ញាត បក្សនយោបាយអ្នកដឹកនាំប្រទេសក៏គ្មានគំនិតចង់ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងផ្លូវនោះដែរ។

ដូច្នេះ ប្រសិនបើកាតាឡូនៀប្រកាសផ្តាច់ខ្លួនមែន នោះ រដ្ឋាភិបាលម៉ាឌ្រីដនឹងប្រើច្បាប់ជាអាវុធ។ ច្បាប់ដែលអនុញ្ញាត ឱ្យអេស្ប៉ាញព្យួរស្វ័យភាពរបស់តំបន់ នឹងត្រលប់មកគ្រប់គ្រងដោយប៉ូលិសតំបន់ដោយខ្លួនឯងវិញ។

ការប្រកាសឯករាជ្យរបស់កាតាឡូនៀ ក៏ជាឱកាសអនុញ្ញាតឱ្យតុលាការចាប់ផ្តើមដំណើរការ នីតិវិធីចាប់ខ្លួន លោកCarles Puigdemont ប្រមុខរដ្ឋាភិបាលកាតាឡូនៀ និងសមាជិករដ្ឋាភិបាលកាតាឡូនៀផ្សេងទៀត ព្រោះរដ្ឋាភិបាលកាតាឡូនៀនេះ កំពុងជាប់អង្កេតព្រហ្មទណ្ឌ ពីបទ “មិន គោរពច្បាប់” “បង្វិលថវិការដ្ឋ” យកទៅ រៀបចំការបោះឆ្នោតប្រជាមតិ ដែលហាម ឃាត់ដោយតុលាការ។

ដូច្នេះបើដល់ដំណាក់កាលនោះ ច្បាប់ ប្រទេសនឹងត្រូវជាអ្នកឈ្នះ តំបន់ជាអ្នក ចាញ់ ! តែគេត្រូវការពេលវេលាយូរសម្រាប់ផ្សះផ្សានិងបំបាត់ស្នាមបែកបាក់សង្គម។

កាតាឡូនៀ ត្រូវឆ្លងកាត់វិញ្ញាសាស្មុគស្មាញមួយចំនួនទៀតសិន ដោយមាន ជម្រើសទីមួយ ប្រកាសរៀបចំបោះឆ្នោតសភាមុនអាណត្តិ ដោយសង្ឃឹមថានឹងអាចបានទទួលសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ឬមិនដូច្នោះទេ អាជ្ញាធរកាតា ឡូនៀ ធ្វើអ្វីដូចដែលបានសន្យា គឺស្នើ សុំសភាតំបន់កាតាឡូនៀ ប្រកាសឯករាជ្យ ជាឯកតោភាគីតែម្តង។

យោងតាមអត្ថបទច្បាប់អនុម័តនៅថ្ងៃទី ៦ កញ្ញា ដោយក្រុមអ្នកផ្តាច់ទឹកនិយម ឯករាជ្យនឹងត្រូវប្រកាសនៅ៤៨ម៉ោង ក្រោយ លទ្ធផលប្រជាមតិ« ព្រម” ឈ្នះ ពោលគឺនៅថ្ងៃទី ពុធទី៤ តុលា។ បន្ទាប់ មកនឹងមាន ដំណើរការកម្មវិធីផ្តាច់ខ្លួន ចេញពីអេស្ប៉ាញ ជាមួយគ្រប់ភាគីបក្ស នយោបាយ និងរដ្ឋដូចអ្វីដែលមានធ្វើក្នុង ករណីអង់គ្លេសដើរចេញពីអឺរ៉ុប៕ ម៉ែវ សាធី


ចែករំលែក៖