ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ម្នាក់ ដែលញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរទៅកាប់ឈើគ្រញូងខុសច្បាប់ដែលជាអ្នកដើរប្រមូលកម្មករ និងនាំក្រុមកម្មករឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើគ្រញូង និងប្រមូលដឹក ជញ្ជូនឆ្លងដែនមកទឹកដីខ្មែរវិញត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ ខ្លួនបានហើយនៅចំណុចភូមិអូរក្រូច តាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ដល់ ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ មានករណីប្រមូលកម្មករនាំចូលទឹកដីថៃដើម្បីចូលទៅកាប់ប្រមូលចំនៀរឈើគ្រញូង ចំណុចឧទ្យានជាតិថាប់ឡានទី៣ ខ្លងម៉ាន់ ប្រទេសថៃ ហើយត្រូវទាហានថៃ (ទាហាន ប៉ារ៉ា) បង្ក្រាបឃាត់ខ្លួនជនសង្ស័យជា កម្មករជនជាតិខ្មែរ ចំនួន១៨នាក់ ហើយរត់គេចខ្លួនចូលក្នុងព្រៃចំនួន២៧នាក់បន្ថែម ទៀត ។
លុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងអាវុធហត្ថខេត្ត ទទួលការងារព័ត៌មាន និងសន្តិសុខបានសួរ ចម្លើយពីកម្មករដែលបានរត់គេចខ្លួនរួចនោះចំនួន២នាក់គឺទី១-ឈ្មោះ រ៉ន រ៉ាំ អាយុ ២៧ឆ្នាំ, ទី២-ឈ្មោះ ហ៊ើល ភឿន អាយុ ២៤ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិជោគ ជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ ។
លោកវរសេនីយ៍ទោ ប៊ុន ណាំអៀងថា ក្រោយពីសាកសួរកម្មកររងគ្រោះរួចមក ទើបកម្លាំងកងរាជអាវុធហត្ថកំណត់មុខ សញ្ញាបុរសម្នាក់ឈ្មោះ គឹម ណារុន (ហៅ កុង) អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ជាអ្នកដើរប្រមូលកម្មករ និងនាំក្រុមកម្មករឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើគ្រញូងនិងប្រមូលដឹកជញ្ជូនឆ្លងដែនមកទឹកដីខ្មែរវិញ ។
លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង បានបន្តថា ដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្តបន្ទាយមានជ័យ ក៏ដូចជាមានការអនុញ្ញាតពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងអាវុធហត្ថ ស្រុកសំឡូត ខេត្តបាត់ ដំបងស្រាវជ្រាវរហូតដល់វេលាម៉ោង១៣ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិអូរក្រូច ឃុំតាតោក ។
បន្ទាប់ពីសាកសួររបស់សមត្ថកិច្ចជំនាញ រួចមកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រមូលកម្មករដើម្បីឆ្លងដែនចូលទៅទឹកដីថៃដើម្បីកាប់អារកែច្នៃឈើ គ្រញូង និងប្រមូលដឹកឈើឆ្លងដែនចេញ មកទឹកដីខ្មែរយើងវិញប្រាកដមែន ។
លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង បានបញ្ជាក់ថាដោយបានចម្លើយបំភ្លឺពីសាក្សី២នាក់ និងចម្លើយសារភាពរបស់ ជនសង្ស័យរួចមកទើបកម្លាំងជំនាញឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការ តាមច្បាប់ ៕ ហេង នរិន្ទ្រ